ដើម្បីឆ្លើយតបនឹងការណែនាំពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តបើកទ្វារឱ្យនារីជនជាតិអ៊ីរ៉ង់អាចចូលទស្សនាការប្រកួតបាល់ទាត់បានដោយផ្ទាល់នៅក្នុងកីឡដ្ឋាន ដោយអនុញ្ញាតឱ្យត្រឹមតែ 3,500នាក់ប៉ុណ្ណោះ សម្រាប់ការប្រកួតមួយនេះ។
ការប្រកួតជាមួយនឹងកម្ពុជា នៅថ្ងៃទី10 ខែតុលា ខាងមុខនេះ ម្ចាស់ផ្ទះអ៊ីរ៉ង់ គ្រោងនឹងប្រើប្រាស់កីឡដ្ឋានដ៏ធំជាងគេបង្អស់នៃទីក្រុងតេអេរ៉ង់ ប្រទេសអ៊ឺរ៉ង់ដែលអាចផ្ទុកអ្នកទស្សនាបានដល់ទៅ 1សែននាក់ឯណោះ។ ទោះជាយ៉ាងណាក្តី តំបន់ដែលមានកៅអី 3,500កន្លែងសម្រាប់នារីនេះ ត្រូវបានគេរៀបចំដាក់នៅឱ្យឆ្ងាយពីតំបន់ទូទៅដែលមានបុរសទស្សនាច្រើន។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី6 ខែតុលា សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានប្រកាសដាក់លក់សំបុត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់នារីអ៊ីរ៉ង់ចូលទស្សនាការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 នៅកីឡដ្ឋានក្នុងប្រទេសនេះចំនួន 3,500សន្លឹក។