ធ្លាប់មានការលើកឡើងថា ប្រសិនម្ចាស់ iPhone ឧស្សាហ៍ដោតទូរស័ព្ទសាកថ្មញឹកញាប់ ទាំងទូរស័ព្ទក៏នៅសល់ថ្មខ្លះដែរនោះ នឹងធ្វើឱ្យឆាប់បង្កជាបញ្ហាឆាប់ខូចថ្មខ្លាំងបំផុត។ តើការលើកឡើងនេះជាការពិតដែរឬយ៉ាងណា?
ចម្លើយគឺ អាចថា ជាការពិតបាន ប្រសិនបើទូរស័ព្ទរបស់លោកអ្នកជាទូរស័ព្ទសេរ៊ីចាស់ៗដែលបំពាក់ថ្ម nickel-cadmium តែផ្ទុយទៅវិញ ចូលមកដល់យុគសម័យទំនើបគ្រប់ iPhone ធុនខ្ពស់-ទាបទាំងអស់ សុទ្ធសឹងតែប្រើប្រាស់ថ្មប្រភេទ Lithium ion ដែលវាពុំទាមទារឱ្យលោកអ្នកមើលថែទាំខ្លាំងដូចថ្មសេរ៊ីចាស់ឡើយ ដូច្នេះជារួម ការដកទូរស័ព្ទដែលសាកមិនទាន់ពេញ 100% មកប្រើប្រាស់ ហើយសាកថ្មថែម ទាំងទូរស័ព្ទមានថ្មខ្លះហើយនោះ វាមិនបង្កបញ្ហាដល់ថ្មឡើយ។
ជុំវិញហេតុផលនេះ គឺដោយសារតែថ្ម Lithium ion មានអាយុកាលរបស់វា ដែលគិតជាវដ្ដនៃការសាក។ រាល់ពេលដែលថ្មឡើងពេញ 100% ម្តង រាប់ថា 1វដ្ដ(ឬ 1ជុំ) ដោយមិនគិតថា ក្នុង 1ថ្ងៃលោកអ្នកដោតសាកថ្ម 2 ឬ 3ដងនោះទេ សំខាន់ឱ្យតែថ្មពេញ 100% នោះទើបរាប់ចូលថា 1វដ្ដ។
អាយុកាលរបស់ថ្មតាមរយៈការលើកឡើងរបស់ Apple ជាមធ្យមអាចធន់បានដល់ 400វដ្ដនៃការសាក ក្រោយពីនោះ គឺគុណភាពរបស់វានឹងចុះថមថយ ហើយទាមទារឱ្យលោកអ្នកផ្លាស់ថ្មថ្មីក្នុងករណីចាំបាច់។ សម្រាប់ឯបញ្ហាដែលថា ការសាកញឹកញាប់អាចនឹងធ្វើឱ្យថ្មឆាប់ខូចនោះ គឺវាទាក់ទិននឹងសីតុណ្ហភាពក្នុងអំឡុងពេលសាកទៅវិញទេ។
Apple បានណែនាំថា អតិថិជនចាំបាច់គួររក្សាទុក iPhone របស់ខ្លួនតែក្នុងបរិវេណដែលមានសីតុណ្ហភាពចន្លោះ 0ទៅ 35អង្សាសេ និងបញ្ចៀសការខ្ពស់ជាង 45អង្សាសេ។ អំឡុងពេលសាកអ្នកក៏គួរតែដោះស្រោមចេញ ប្រសិនបើមាន ធ្វើបែបនេះក៏ជួយមិនឱ្យម៉ាស៊ីនឆាប់ឡើងកម្តៅបានដែរ៕