បង្ហាញឱ្យឃើញយ៉ាងច្បាស់ៗពីក្រុមហ៊ុនផលិតស្មាតហ្វូន Vinsmart ដែលកំពុងរៀបចំសាងសង់រោងចក្រផលិតទូរស័ព្ទ ដែលមានសមត្ថភាពអាចផលិតបាន 100លានគ្រឿងក្នុង 1ឆ្នាំ ហើយក្នុងដំណាក់កាលដំបូងនេះ Vinsmart នឹងសាកល្បងផលិតត្រឹម 30លានគ្រឿងសិនក្នុង 1ឆ្នាំ។
មកទល់ពេលនេះ បានលេចជារូបរាងពិតប្រាកដហើយ Vinsmart ម៉ូដែលចុងក្រោយថ្មីមួយទៀតនៃខ្សែស្រឡាយ Vsmart គឺ Joy 2+ ដោយគួររំឭកដែរថា Vinsmart ផលិតបានស្មាតហ្វូន 8ម៉ូដែលហើយ មានដូចជា Vsmart Live, Vsmart Bee, Vsmart Star, Vsmart (ជំនាន់2) និង Vsmart Joy 2+ ។
លក្ខណៈពិសេសនៅលើម៉ូដែលចុងក្រោយ Joy 2+ នេះដែរ រចនារាងខាងមុខបែបតំណក់ទឹកទំហំអេក្រង់ 6.2អ៊ិញ ផលិតដោយក្រុមហ៊ុន Sharp បង្ហាញរូបភាពបាន HD+ មានថាមពលថ្មធំ 4500មីល្លីអំពែរម៉ោង(អាចរស់បាន 1ថ្ងៃពេញ) បង្កប់រន្ធដោត USB Type-C សាកភ្លើងលឿន (ក្នុងប្រអប់មានឆ្នាំងសាកលឿនកម្លាំងបញ្ជូន 18វ៉ាត់ ប៉ុន្តែសាកភ្លើងឡើងដល់ 50% ចំណាយពេល 40នាទី) និងសមត្ថភាពកាមេរ៉ាឡើងដល់ AI Camera។
កាមេរ៉ាភ្លោះខាងក្រោយ 13+5 មេហ្គាភិកសែល អាចផលិតរូបបានស្អាតគួរសម និងមាន Effect ដូចជា Beauty, AR Sticker និងមុខងារជំនួយការកម្សាន្តផ្សេងទៀតផ្តោតសំខាន់លើយុវវ័យ។
ទោះជាម៉ូដែលកូនពៅមែន (កូនបង Vsmart Joy 1+) ប៉ុន្តែវាចេញមកជាមួយ Snapdragon 450 និងមានពណ៌ស្រស់ៗទាំងអស់3 គឺខៀវចាស់ ក្រហម និងខៀវធម្មតា និងមានជម្រើស RAM 2GB មេម៉ូរី 32GB តម្លៃប្រមាណជា 128ដុល្លារ(2,990,000ដុង) និងជម្រើស RAM 3GB មេម៉ូរី 32GB តម្លៃប្រមាណជា 158 ដុល្លារ( 3,690,000ដុង)។
Vsmart Joy 2+ នឹងបើកឱ្យកុម្ម៉ង់ទិញឆាប់ៗនេះ ជាមួយនឹងជម្រើស RAM 2GB (មានកាដូឱ្យថែមទៀត បើទិញតាមបណ្ដាហាងច្រើនជាង 3,000ហាងនៅទីក្រុងហាណូយដូចជា VinPro, TSA Mobile, FPT shops, Viettle Store និងហាង Nguyen Kim ជាដើម៕