មនុស្សស្រីយើង រឿងស្បែកស្អាតគឺជារឿងធំសម្បើមណាស់ បើអ្នកមានផ្ទៃមុខស្រអាប់ខ្មៅផងនោះ រឹតតែធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់លើខ្លួនឯងទៅទៀត ការខាត់ស្បែកគឺជាវិធីមួយដែលជួយឱ្យស្បែករបស់អ្នកឡើងសភ្លឺថ្លាបាន។ ការមើលថែទាំស្បែករបស់នារីដោយការខាត់ស្បែក (Scrub) គឺជាការមើលថែស្បែកដ៏ល្អមួយ ហើយនារីៗទាំងឡាយច្រើនតែនិយមវិធីនេះទៀតផង ដូច្នេះទំព័រសុខភាពសម្រស់លេខនេះ យើងមានរឿងរ៉ាវដែលនារីៗគួរយល់ដឹងមុននឹងធ្វើការខាត់ស្បែកមកជម្រាបជូនដូចខាងក្រោម ៖
– ខាត់ស្បែក 1សប្តាហ៍ 1ដង
ភាពញឹកញាប់ក្នុងការខាត់ស្បែកដែលសមល្មមបំផុតនោះ គឺ 2 សប្តាហ៍ 1ដងនៅពេលល្ងាច សម្រាប់ស្បែកធម្មតា ចំណែកស្បែកមានជាតិខ្លាញ់វិញអាចធ្វើបានញឹកញាប់ជាងគឺ 1សប្តាហ៍ 1ដង និងសម្រាប់ស្បែកស្ងួត អាចធ្វើបាន 2-3 សប្តាហ៍1ដង។មនុស្សយើងតែងជម្រុះកោសិកាស្បែកដែលងាប់ហើយរៀងរាល់ 28ថ្ងៃ ដូច្នេះការខាត់ស្បែកដែលសមល្មម នឹងជួយបើកស្បែកថ្មីដែលស្អាតគួរឱ្យគយគន់បាន។
– ជ្រើសរើសប្រើសាច់ឡេខាត់ស្បែកបែបធម្មជាតិ
សាច់ឡេខាត់ស្បែកបែបគ្រើមអាចធ្វើឱ្យស្បែករបកបាន ដូច្នេះវិធីដែលល្អនោះគឺ គួរជ្រើសរើសសាច់ឡេបែបម៉ដ្ឋដែលផលិតពីធម្មជាតិដូចជា កន្ទក់ សារធាតុចម្រាញ់ពីគ្រាប់អម្ពិល ស្ករ សម្បកផ្លែក្រូចសើចអម្ពិលទុំ ស្លឹកគ្រៃ -ល- ដែលអាចជួយកម្ចាត់កោសិកាស្បែកដែលងាប់ចេញបានយ៉ាងទន់ភ្លន់ និងជួយបង្កើនគុណភាពស្បែកទៀតផង។
– ជ្រើសរើសឱសថបុរាណឱ្យស័ក្តិសមនឹងស្បែក
ព្រោះសារធាតុចម្រាញ់ដែលផ្សំនៅក្នុងសាច់ឡេមានភាពខុសប្លែកពីគ្នា ឱសថបុរាណប្រភេទខ្លះល្អចំពោះអ្នកដែលមានស្បែកស្ងួត ដូចជា ទឹកឃ្មុំផ្លែត្រសក់ ប្រទាលកន្ទុយក្រពើ ចំណែកស្បែកមានជាតិខ្លាញ់ និងស្បែកមានមុនវិញ គួរជ្រើសរើសប្រើសាច់ឡេដែលផ្សំពីផ្លែឈើដែលមានរសជាតិជូរ ដូចជា ផ្លែកន្ទួត ផ្លែស្ពឺ ក្រូចសើច និងផ្លែអម្ពិលជាដើម ដើម្បីឱ្យឱសថបុរាណបានសម្អាត និងថែទាំស្បែករបស់អ្នកបានយ៉ាងត្រឹមត្រូវ។
– នៅពេលប្រុងចេញទៅខាងក្រៅ
ពេលត្រៀមចេញទៅដើរលេងនៅសមុទ្រ គួរផ្អាកការខាត់ស្បែកមុននឹងចេញទៅប៉ះពន្លឺថ្ងៃប្រមាណជា 2 ថ្ងៃ ដើម្បីការពារកុំឱ្យស្បែកត្រូវពន្លឺថ្ងៃបំផ្លាញខ្លាំងពេក និងជ្រើសរើសប្រើផលិតផលការពារកម្តៅថ្ងៃរៀងរាល់ 4ម៉ោងម្តង រួមទាំងការបាញ់ស្បៃយ៍ស្បែកឱ្យមានសំណើមជាប់ជានិច្ចផង។ខាត់ស្បែកលើកក្រោយ កញ្ញាៗទាំងអស់សាកល្បងធ្វើតាមចំណុចខាងលើ-លមើល៍ ដើម្បីឱ្យស្បែកសស្អាតរៀងរាល់ថ្ងៃ៕