តារាចម្រៀងល្បីល្បាញសម្រស់ផូរផង់ កញ្ញា ពេជ្រ សូលីកា បានបង្ហាញខ្លួនយ៉ាងកាលីប ក្នុងពិធីតាំងពិព័រណ៌គ្រឿងពេញ Chateau Des Gems យ៉ាងកក្រើកនៅខេត្តសៀមរាប ក្នុងបរិវេណសណ្ឋាគារ Memoire Palace Resort and Spa។ ជាមួយនឹងការប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន50លានរៀល ពីពិព័រណ៍មួយនេះ កញ្ញាបានប្រកាសអំពាវនាវ។
ជាមួយនឹងការបកស្រាយបទចម្រៀងច្រើនបទ អមដោយឈុតគ្រឿងពេជ្រលើដងខ្លួនតម្លៃរាប់ម៉ឺនដុល្លារ កញ្ញា ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលកញ្ញាត្រូវបានជ្រើសជាតារាកិត្តិយសក្នុងពិព័រណ៌ដ៏ធំនេះ ក្រោមអធិបតីភាពលោកជំទាវ ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។ កញ្ញាថា ជាលើកទីមួយហើយ ដែលនាងបានច្រៀងក្នុងគម្រោងបំផុសឱ្យមហាជនបានដឹងពីការចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ខណៈដែលការងារសប្បុរសធម៌កន្លងមក កញ្ញាបានចូលរួមច្រើនមកហើយ លើកលែងតែសកម្មភាពបំផុសឱ្យជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ។
តារាស្រីរូបនេះទទូចឱ្យមានការចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យនេះឱ្យបានកាន់តែច្រើន បន្ទាប់ពីបានដឹងថា មន្ទីរពេទ្យកុមារអង្គរប្រឈមនឹងខ្វះខាតច្រើនមិនខុសពីមន្ទីរពេទ្យគន្ធបុប្ផា។ នាងថាពិតជាសប្បាយចិត្តណាស់ ដែលបានរួមចំណែកជួយបំផុសឱ្យមានការយកចិត្តទុកដាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ កញ្ញា ក៏នឹងត្រៀមខ្លួនបន្តបន្ទាប់ដើម្បីជួយបំផុសជួយដល់មន្ទីរពេទ្យនេះផងដែរ។
សូមជម្រាបបញ្ជាក់ថា លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានប្រគល់អំណោយចំនួន50លានរៀលជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បន្ទាប់ពីកត់សម្គាល់ថាមន្ទីរពេទ្យនេះ ប្រឈមនឹងការខ្វះខាត។ នៅក្នុងពិធីនោះ លោកស្រីក៏ទទូចឱ្យសប្បុរសជនបន្តធ្វើសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។ លោកស្រីបន្ដថា កម្មវិធីនេះធ្វើឡើង2ថ្ងៃនៅខេត្តសៀមរាប ដោយនៅថ្ងៃទី5 តុលា ដែលមានការគ្រងឈុតពេជ្រដោយតារាចម្រៀងស្រស់ស្អាត កញ្ញា ពេជ្រ សូលីកា តារាចម្រៀងរបស់ហង្សមាស និងនៅថ្ងៃទី6 តុលា ដោយមានវត្តមានតារាថៃល្បីល្បាញគឺលោក Dome Pakorn Lam។ នៅថ្ងៃទី12 និងទី13 តុលា ខាងមុខ Chateau Des Gems ក៏នឹងមានការរៀបចំពិព័រណ៌ និងការជួបជុំអតិថិជនទ្រង់ទ្រាយធំបែបនេះ នៅរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Topaz ផងដែរ៕