ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាទទួលបានចំណូលសរុបជិត 52លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរអន្តរជាតិនានា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី3 កក្កដានេះថា ក្នុងរយៈពេល 6ខែដើមឆ្នាំនេះ សំបុត្រចំនួន 1,233,137សន្លឹក ត្រូវបានលក់ជូនភ្ញៀវទេសចរអន្តរជាតិ ដោយបានកើនឡើង 12.92ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទទួលបានចំណូលសរុបចំនួន 51,933,076ដុល្លារអាមេរិក ដោយបានកើនឡើង 62.82ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកគិតត្រឹមខែមិថុនា ការលក់សំបុត្របានចំនួន 140,760សន្លឹក កើន 17.99ភាគរយ និងទទួលបានចំណូលសរុបចំនួនជាង 6លានដុល្លារកើនឡើង 82.53 ភាគរយ ធៀបនឹងខែមិថុនាឆ្នាំមុន។
លោកថោង ខុន បានបន្តថា «ខ្ញុំគិតថាឆ្នាំ2017 នេះ កម្ពុជានឹងទទួលបានចំណូលជាង100លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ហើយការសម្រួលតម្លៃមិនប៉ះពាល់ដល់លំហូរភ្ញៀវទេសចរនោះទេ»។ លោកបន្តថា «រមណីយដ្ឋានអង្គរមានតម្លៃមហាសាល ហេតុនេះការកែសម្រួលតម្លៃមានហេតុផលត្រឹមត្រូវ ព្រោះចាប់តាំងពីឆ្នាំ1993មក រដ្ឋាភិបាលមិនដែលបានកែសម្រួលតម្លៃនោះទេ»។
លោកបន្តថា នៅឆ្នាំ2017 នេះ ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងដល់ 1លាននាក់ ព្រោះគិតត្រឹមរយៈពេល 4ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិត37ម៉ឺននាក់រួចទៅហើយ បើទោះខែភ្លៀងក៏ដោយ ក៏ភ្ញៀវទេសចរចិន និងអឺរ៉ុបនៅតែបន្តកើនឡើង៕