នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេមើលឃើញថា ភាពយន្តខ្លីរឿងអប់រំជីវិតមានចំណងជើង « មើលងាយ » ត្រូវបានសម្ដែងដោយលោក ស្រេង ឈាងឡេង ជាតួឯក ដែលរឿងនេះមានសាច់រឿងឆ្លុះបញ្ចាំងពីអតីតកាលដែលតារារូបនេះធ្លាប់ឆ្លងកាត់។
ក្នុងភាពយន្តនេះ ខណៈដែលការសម្ដែងជាតួឯកលើកដំបូងរបស់លោក ក្រៅពីត្រូវសាច់រឿងអប់រំជីវិតហើយនោះ ក៏ត្រូវគេមើលឃើញពីទេពកោសល្យមិនចាញ់អ្នកមានបទពិសោធន៍ច្រើនឆ្នាំនោះទេ។ នេះជាស្នាដៃថ្មីដែលអ្នកជំនួញដីធ្លីវ័យក្មេង និងជានិស្សិតពេទ្យរូបនេះ រំលេចឡើង នៅក្នុងវិស័យសម្ដែង។ លោក ស្រេង ឈាងឡេង បញ្ជាក់ថា ប្រភពដែលនាំអោយមានភាពយន្តរឿង«មើលងាយ» ហើយលោកបានសម្ដែងតួឯក គឺដោយសារក្រុមផលិតករមកសិក្សាជីវិតជោគជ័យរបស់លោក ហើយដោយចាប់អារម្មណ៍ពីការតស៊ូ ផលិតករក៏ស្នើសុំចងក្រងជាសាច់រឿង ដោយជ្រើសឱ្យលោកសម្ដែងជាតួឯកដោយផ្ទាល់។
ក្នុងសាច់រឿងនេះ លោកថាខ្លួនសម្ដែងចូលតួ ដោយសារតែនោះជាអតីតកាលរបស់ខ្លួន ជាពិសេសនៅពេលរំលឹកដល់ការមាក់ងាយរបស់មនុស្សមួយចំនួន។ ភាពយន្តនេះ ជារឿងពិតរបស់ខ្លួន ប៉ុន្តែសាច់រឿងក៏ឆ្លុះបញ្ចាំងពីសង្គមទាំងមូលដែលធ្លាប់រងការមាក់ងាយផងដែរ ទើបលោកយល់ថាសាច់រឿងដែលខ្លួនសម្ដែង ជាការផ្ដល់កម្លាំងចិត្តដល់អ្នកមិនទាន់ជោគជ័យ។ ភាពយន្តខ្លីនេះ នឹងដាក់បង្ហោះឆាប់ៗ។