ក្នុងវេទិការៀបចំដោយក្លិបអ្នកកាសែតកម្ពុជាស្តីពីស្ថានភាពអចលនវត្ថុនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត កាលពីថ្ងៃទី19 ខែកញ្ញា ឆ្នាំ2019 អ្នកជំនាញខាងអចលនទ្រព្យបានព្យាករថា តម្លៃដីធ្លីផ្ទះសំបែង វីឡា ខុនដូ នៅតែមានទីផ្សារខ្ពស់ក្នុងរយៈពេល 3ទៅ 5ឆ្នាំខាងមុខទៀត ទោះបីមានភាពរអាក់រអួល និងការរំខានមួយចំនួនតូចក៏ដោយ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា“ដោយឈរលើកត្តាជាច្រើន ក្នុងនោះមានដូចជាប្រទេសមានសន្តិភាព ហើយតម្រូវការរស់នៅតាមខុនដូកាន់តែច្រើន និន្នាការនៃការរស់នៅបែកគ្រួសារមានសមាជិកច្រើននៃមនុស្សសម័យថ្មី ការកើនឡើងនៃចំណូលក្នុងស្រុកសរុប ឥទ្ធិពលនៃការចូលរួមវិនិយោគរបស់ក្រុមហ៊ុនធំៗមកពីក្រៅប្រទេសនោះ បានធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានភាពរឹងមាំ”។
លោកបានបន្តថា បច្ចុប្បន្ននៅក្នុងខេត្តចំនួន5 មានខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តកំពត បានចូលរួមយ៉ាងសកម្មជាទិសដៅក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកក៏បានបង្ហាញគោលការណ៍ 2ចំណុចដើម្បីវិនិយោគដីឡូត៍ឱ្យបានជោគជ័យដោយ ទី1-ត្រូវមើលពីចំនួនប្រជាជនតិច ឬច្រើននៅតំបន់ដែលត្រូវវិនិយោគ។ ទី2-មើលតំបន់នោះ តើមានការអភិវឌ្ឍ ដូចជាមានផ្សារ រោងចក្រសហគ្រាស និងអគារពាណិជ្ជកម្មផ្សេងៗឬទេ?។
លោកបានបន្ដថា កាលពីជំនាន់មុនឱ្យតែពេលបោះឆ្នោតម្ដងៗ ប្រជាជនចាប់ផ្ដើមលក់ដីធ្លីរបស់ខ្លួន ដោយសារពួកគាត់មានការភ័យបារម្ភច្រើន នេះបើជាទស្សនៈរបស់ប្រជាជនកាលពី 15ឆ្នាំមុន។ ប៉ុន្ដែឥឡូវកម្រិតយល់ដឹងរបស់ប្រជាជន នៅពេលបច្ចុប្បន្ននេះ មានការចេះដឹងច្រើន ដូច្នេះពួកគាត់មានការគិតពិចារណាច្រើនដោយមិនសូវជាជឿលើពាក្យឃោសនាប៉ុន្មានឡើយ។ បើតាមលោកច្រឹក សុខនីម សម្រាប់ជំហានទី2 នៅថ្ងៃអនាគត អចលនទ្រព្យនឹងមានទីផ្សារខ្ពស់សម្រាប់ខេត្តជុំវិញបឹងទន្លេសាប។បន្ទាប់ពីបង្ហាញពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅរយៈពេល5ឆ្នាំខាងមុខហើយ លោក ច្រឹក សុខនីម ក៏បានបង្ហាញពីវិស័យដីឡូត៍ ដែលបច្ចុប្បន្ននេះកំពុងមានសម្ទុះខ្លាំង ដោយមានការពុះដីលក់យ៉ាងសស្រោកសស្រាំផងដែរ។
លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញពីប្រធានបទ “ស្ថានភាពវិស័យដីឡូត៍” ដោយលោកបានបង្ហាញពីសញ្ញាវិជ្ជាមានថា វិស័យដីឡូត៍នៅតែមានលក្ខណៈល្អប្រសើរដែលអ្នកមានចំណូលទាប និងមធ្យមអាចវិនិយោគទៅលើដីឡូត៍តូចៗនេះបាន។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា សន្សំលុយនៅក្នុងដីឡូត៍ ប្រសើរជាងសន្សំលុយនៅក្នុងធនាគារ។ ការទិញដីធ្លីត្រឹមត្រូវដោយមានការដឹងឮពិតប្រាកដពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ថា ជាដីស្របច្បាប់សម្រាប់ទុកលក់បន្ត នៅតែមានសក្តានុពលខ្ពស់នាពេលបច្ចុប្បន្ននេះ។លោកច័ន្ទឌី ក៏បានក្រើនរំឭកដល់អ្នកចង់រកស៊ីវិស័យដីធ្លីនេះថា“មុនវិនិយោគត្រូវពិនិត្យមើលការិយាល័យរបស់គេឱ្យបានច្បាស់លាស់ ប្លង់ដីឱ្យបានច្បាស់លាស់ កិច្ចសន្យាគួរឱ្យជឿជាក់បានកម្រិតណា? មិនមែនកិច្ចសន្យាគ្រាន់តែក្រដាសបន្តិចក៏ជឿជាក់ដែរនោះទេ”។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTRUST APPRAISAL បានឱ្យដឹងថា តម្រូវការផ្ទះសំបែងរស់នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ គឺស្ថិតក្នុងកម្រិតខ្ពស់ ដោយក្នុង 1ឆ្នាំមានចំនួន 2ម៉ឺនខ្នង(ផ្ទះផ្ទាល់ដី និងផ្ទះក្នុងបុរីជាដើម)។ ដោយឡែកខុនដូមានចំនួន 1ម៉ឺនខ្នង ចំពោះចំនួនអគារដែលបានសាងសង់ចប់ និងកំពុងសាងសង់មានចំនួន 6ម៉ឺនខ្នង ហើយចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ បើបូកសរុបនឹងអគារគ្រប់ប្រភេទទាំងអស់ផង អាចឈានដល់ 5សែនខ្នងក្នុងឆ្នាំ2030 ប៉ុន្តែតម្រូវការនៅពេលនោះអាចឈានដល់ 81ម៉ឺនខ្នង។នាយកផ្នែកស្រាវជ្រាវរូបនេះបានបញ្ជាក់ថា៖“ការផ្គត់ផ្គងនេះមិនទាន់គ្រប់គ្រាន់ទេ យើងផ្គត់ផ្គង់បានតែជាង 5សែនខ្នងទេនៅឆ្នាំ2030 មានន័យថា កម្លាំងនៃការស្រូបទាញខ្លាំងមែនទែន នេះផ្នែកមួយនៃការទស្សន៍ទាយរបស់យើង”។
សូមបញ្ជាក់ផងដែរថា វេទិកាស្តីពីអចលនវត្ថុនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគតរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីលោក ពុយគា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTRUST លោក ពឹង សេរី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោក ម៉ាន់ ច័ន្ទឌីអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា៕