សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា កីឡាករ សៀង ចន្ធា ដែលតំណាងឱ្យកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពមួយរូបដើម្បីប្រកួតប្រជែងយកពានរង្វាន់កីឡាករយុវជនល្អបំផុតប្រចាំទ្វីបអាស៊ីប្រចាំឆ្នាំ2019 ក្នុងកម្មវិធី AFC Annual Award 2019។
គួរបញ្ជាក់ដែរថា ពានរង្វាន់មួយនេះបានចម្រាញ់យកយុវជនល្អៗបំផុតប្រចាំប្រទេសនីមួយៗមកជ្រើសរើស ដោយក្នុង 1ឆ្នាំៗមានកីឡាករមិនដល់ 10រូបឡើយត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីដាក់ចូលក្នុងបញ្ចីឈ្មោះសម្រាប់ប្រជែងចុងក្រោយ ហើយនេះគឺជាលើកទី1 ហើយដែលកម្ពុជាបានជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយនៃការប្រកួតប្រជែងពានរង្វាន់មួយនេះ។
កម្មវិធី AFC Annual Award 2019 នេះ មានពានរង្វាន់ជាច្រើនដូចជា កីឡាករល្អ កីឡាការិនីល្អ កីឡាករយុវជនល្អ ក្រុមជម្រើសជាតិល្អ ក្លិបល្អ គ្រូបង្វឹកល្អ និងសហព័ន្ធល្អជាដើម ដើម្បីលើកទឹកចិត្ដ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីឱ្យកាន់តែរីកចម្រើន៕