អ្នកជំនាញផ្នែកអចលនទ្រព្យមួយចំនួនបានសម្ដែងការព្រួយបារម្ភអំពីការប្រែប្រួលនូវគោលនយោបាយមួយចំនួនដូចជា ការរឹតបន្តឹងច្បាប់សំណង់ និងការបិទល្បែងអនឡាញ ជាមួយនឹងផលប៉ះពាល់ដែលជាការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការរឹតត្បិតលំហូរចេញមូលធនខ្នាតធំដែលកំពុងមាននៅលើទីផ្សារប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា អាចក្លាយជាផលប៉ះពាល់របស់វិនិយោគិនចិននៅក្នុងវិស័យអចលនទ្រព្យ។
យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ដោយមានលំហូរវិនិយោគផ្ទាល់ពីបរទេសសរុបប្រហែល 40%នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានមកពីប្រទេសចិន ដែលធ្វើឱ្យកំណើនវិស័យអចលនទ្រព្យក្នុងស្រុកត្រូវបានប៉ះពាល់ដោយគោលនយោបាយថ្មីរបស់ប្រទេសចិន។
កាលពី 2ឆ្នាំមុន ប្រទេសចិនបានអនុវត្តគោលនយោបាយមួយចំនួនដែលបានដាក់កម្រិតបន្ថែមលើការវិនិយោគនៅក្រៅប្រទេស។ គោលបំណង គឺដើម្បីដោះស្រាយការព្រួយបារម្ភអំពីលំហូរមូលធនទ្រង់ទ្រាយធំ និងកាត់បន្ថយហានិភ័យដែលបានមើលឃើញចំពោះលំហូរដ៏លឿននៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិនលើការវិនិយោគក្រៅប្រទេស។លោក គីម ហ៊ាង នាយកប្រតិបតិ្តប្រចាំតំបន់នៃក្រុមហ៊ុន Keller Williams Cambodia បានថ្លែងថា៖“តម្លៃដីធ្លីកំពុងកើនឡើងមួយផ្នែកដោយសារលំហូរចូលនៃវិនិយោគិនចិនចូលមកក្នុងប្រទេស។
ការលក់ខុនដូមានការធ្លាក់ចុះ អាចជាលទ្ធផលនៃគោលនយោបាយវិនិយោគនៅក្រៅប្រទេសរបស់ប្រទេសចិនផងដែរ”។ តែទោះយ៉ាងណាលោកអះអាងថា ការរឹតបន្តឹងលំហូរចេញមូលធនរបស់ប្រទេសចិនអាចជារឿងល្អ ព្រោះពួកគេអាចដើរតួនាទីក្នុងស្ថិរភាពទីផ្សារអចលនទ្រព្យក្នុងស្រុក ដោយធ្វើឱ្យវាមិនពឹងផ្អែកលើវិនិយោគិនពីប្រទេសមួយ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖“ខ្ញុំគិតថា យើងត្រូវបើកចិត្តឱ្យទូលាយបន្តិច យើងជួបឧបសគ្គនេះ មិនមែនជារឿងដុំកំភួនដែលមិនអាចដោះស្រាយបាននោះឡើយ ផលប៉ះពាល់មួយចំនួនគ្រាន់តែរយៈពេលខ្លីមួយ ហើយវិស័យអចលនទ្រព្យយើងមិនមែនមានតែរឿងពាក់ព័ន្ធប៉ុណ្ណឹងទេ វាមានការអភិវឌ្ឍ ការសាងសង់អគារខុនដូ និងការសាងសង់លំនៅឋាន រោងចក្រជាច្រើនទៀត។ មិនមែនពឹងផ្អែកតែលើកាស៊ីណូទេ។ កាស៊ីណូគ្រាន់តែជាមធ្យោបាយចំណុចមួយនៃការជួលក្នុងមួយរយៈពេលប៉ុណ្ណោះ”។
លោកប្រធានសមាគមបានបញ្ជាក់ថា៖“ដូច្នេះការប៉ះពាល់មានខ្លះ តែក្នុងរយៈពេលយូរ វាធ្វើឱ្យវិស័យអចលនទ្រព្យយើងប្រកបដោយស្ថិរភាព។ ដោយឡែកមួយវិញទៀត យើងមើលឃើញប្រទេសកម្ពុជាទាក់ទងការវិនិយោគដែលមានវិនិយោគិនចិនចំនួនតិចនៅឡើយទេ យើងគួរណាស់តែខិតខំប្រឹងប្រែង ទាំងវិស័យរដ្ឋ និងឯកជនត្រូវទាក់ទងវិនិយោគិនបរទេសបន្ថែមទៀតឱ្យមកចូលរួមវិនិយោគប្រទេសយើង ព្រោះបើយើងមើលទៅប្រទេសថៃ អូស្ត្រាលី អាមេរិកជាដើម អ្នកវិនិយោគដែលចូលទៅវិនិយោគនៅបណ្តាប្រទេសជឿនលឿនទាំងនោះមានចំនួនច្រើនជាងយើងឆ្ងាយណាស់។ ដូច្នេះគេអាចមានការងារធ្វើច្រើនជាងយើង”។
លោក ច្រឹក សុខនីម បានបញ្ជាក់បន្ថែមថា៖“បើតាមទស្សនៈរបស់ខ្ញុំ គឺយើងស្ថិតនៅឆ្ងាយណាស់ចំណែក Game online Casino យើងមានបទពិសោធកាលពីឆ្នាំ2013 គឺរដ្ឋធ្លាប់បិទម្តងហើយ គឺដើម្បីឱ្យមានសណ្តាប់ធ្នាប់ នោះវានឹងមិនបង្កគ្រោះថ្នាក់ដល់ប្រជាជន និងសង្គមទូទៅ។ រីឯវិនិយោគិនជាតិចិនប៉ុណ្ណឹង ជាចំនួនតិចនៅឡើយ ដែលយើងគួរតែកុំបារម្ភពេក ហើយចេះតែរំកិលទៅលើអ្វីដែលព្យាករថា អចលនទ្រព្យធ្លាក់ចុះ តែការធ្លាក់នេះអាចជាការជួលតិចតួចទេ យើងត្រូវចូលរួមទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិតទៅ នោះបានវារឹងមាំ ហើយការវិនិយោគនឹងបន្តទៅមុខទៀត”។
យោងតាមតួលេខការវិនិយោគដោយផ្ទាល់នៅក្រៅប្រទេសរបស់ប្រទេសចិន អូឌីអាយ(ODI) បានធ្លាក់ចុះ 9.6% ស្មើនឹង 143,04 ពាន់លានដុល្លារនៅឆ្នាំ2018។ ទោះបីជាមានការធ្លាក់ចុះក៏ដោយ តែឥទ្ធិពលរបស់ប្រទេសចិននៅក្នុងទុនវិនិយោគក្រៅប្រទេស FDI នៅតែបន្តពង្រីក។ ប្រទេសចិននៅតែជាវិនិយោគិនបរទេសធំលំដាប់ទី2 លើពិភពលោក (លំដាប់ទី2 បន្ទាប់ពីជប៉ុន) ខណៈដែល FDI សកលធ្លាក់ចុះ 29%។ ភាគហ៊ុនរបស់អូឌីអាយឈានដល់ 1.98សែនកោដិដុល្លារក្នុងឆ្នាំ2018 ដែលឈរនៅលំដាប់ទី3 បន្ទាប់ពីសហរដ្ឋអាមេរិក និងហូឡង់។
ទោះយ៉ាងណាអ្នកទិញជនជាតិចិននៅតែមានចេតនាខ្លាំងក្លាក្នុងការវិនិយោគនៅក្នុងតំបន់អាស៊ីមួយផ្នែកដោយសារតែឱកាសក្នុងការទិញទ្រព្យសម្បត្តិនៅក្នុងវិស័យដែលរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយបណ្តាប្រទេសអាស៊ីដែលកំពុងតែរីកចម្រើនដូចជាប្រទេសថៃ កម្ពុជា និងវៀតណាមជាដើម។
យោងតាមរបាយការណ៍ត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុលើកដំបូងរបស់ខ្លួន ធនាគារជាតិនៃកម្ពុជា(NBC)បង្ហាញថា វិស័យអចលនទ្រព្យមានការបន្តការផ្គត់ផ្គង់ដែលគាំទ្រដោយមូលនិធិខាងក្រៅ និងឥណទានក្នុងស្រុក។
ទោះយ៉ាងណា បើតម្រូវការពីខាងក្រៅ និងសេដ្ឋកិច្ចក្នុងស្រុកចុះខ្សោយនោះ វាអាចបណ្តាលឱ្យមានការផ្គត់ផ្គង់លើសតម្រូវការ។ នេះជាករណីពិសេសប្រសិនបើតម្រូវការពីខាងក្រៅ និងក្នុងស្រុកចុះខ្សោយនោះ ជាលទ្ធផល ការលក់ ការជួល និងអត្រាការជួល នៅទូទាំងទីផ្សារអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅឆ្នាំ2019នេះ។
ប៉ុន្តែនៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា៖“នៅចុងឆ្នាំ2019 ការផ្គត់ផ្គង់យូនីតខុនដូនៅគ្រប់ផ្នែកទាំងអស់ កន្លែងលក់រាយ និងការិយាល័យត្រូវបានគេរំពឹងថានឹងកើនឡើង”។
ប៉ុន្តែបើគេក្រឡេកមើលការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសវិញ បានកើនឡើងដល់ទឹកប្រាក់សរុបចំនួនប្រមាណ 6ពាន់លានដុល្លារអាមេរិកនៅលើគម្រោងវិនិយោគថ្មីប្រមាណជាង 3ពាន់គម្រោង ដែលមានផ្ទៃក្រឡាប្រមាណជាង 12.2លានម៉ែត្រការ៉េ។តាមរបាយការណ៍បង្ហាញដោយនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញឱ្យដឹងថា គម្រោងវិនិយោគលើវិស័យសំណង់ គិតមកដល់ត្រឹមខែសីហា ឆ្នាំ2019នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុញ្ញាតលើការស្នើសុំសាងសង់សរុបទូទាំងប្រទេសមានចំនួនប្រមាណ 3,175គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះ សរុប 5,986លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង12.2លានម៉ែត្រការ៉េ។
គម្រោងវិនិយោគទាំងនេះត្រូវបានបែងចែកតាមសំណើសុំសាងសង់តាមប្រភេទនីមួយៗ រួមមានសំណង់សាធារណៈមានប្រមាណ 56គម្រោង ការប្រើប្រាស់ថវិការដ្ឋាភិបាលមាន 18គម្រោង សំណង់ឧស្សាហកម្ម 138គម្រោង សំណង់ពាណិជ្ជកម្ម 176គម្រោង សំណង់ទេសចរណ៍ 82គម្រោងថវិកាវិស័យឯកជន 36គម្រោង ការសាងសង់លំនៅឋាន និងភូមិគ្រឹះជាង 2ពាន់គម្រោង និងសំណង់ផ្សេងៗទៀតមានចំនួន 18គម្រោងផងដែរ។ ចំណែកផ្ទៃក្រឡាពាក់ព័ន្ធនឹងសំណង់ទាំងអស់ដែលផ្តល់ការអនុម័តដោយមន្ទីរ មានចំនួនជាង 1លាន 7សែនម៉ែត្រការ៉េ និងការផ្តល់ដោយក្រសួងមានចំនួនជាង 10លានម៉ែត្រការ៉េ។
តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2020 វិស័យសំណង់ត្រូវបានព្យាករថា នឹងបន្តកំណើនរឹងមាំក្នុងអត្រារង្វង់ 17.5%នៅក្នុងឆ្នាំ2019 និង16.1% នៅក្នុងឆ្នាំ2020 ក្នុងនោះមានការរំពឹងទុកនៃការកើនឡើងអគារលំនៅឋានដែលមានតម្លៃទាប និងមធ្យម ព្រមទាំងសំណង់អគារពាណិជ្ជកម្មជំនួសឱ្យកំណើនយឺតនៃសំណង់អគារលំនៅឋានដែលមានតម្លៃខ្ពស់៕