ភ្នំពេញៈ ស្របពេលដែលអាកាសចរណ៍លំដាប់ពិភពលោក Emirates ភ្ជាប់ការហោះហើរត្រង់មកកម្ពុជា រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា កម្ពុជាមានសម្បទាទ្រទ្រង់ភ្ញៀវទេសចរមកពីតំបន់អារ៉ាប់ស្ទើរគ្រប់គ្រាន់ហើយ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី3 កក្កដានេះថា ការភ្ជាប់ជើងហោះហើរនេះធ្វើឲ្យកម្ពុជាចំណេញច្រើន ដោយការហោះហើរនេះបានចុះចតនៅមីយ៉ាន់ម៉ា មុននឹងឆ្ពោះមកកាន់កម្ពុជាដែលជាឱកាសធ្វើឲ្យអ្នកធ្វើដំណើរកាន់តែមានភាពងាយស្រួលមកកាន់កម្ពុជា ហើយក្រុមហ៊ុនអាកាសចរណ៍នេះ បានសិក្សាច្បាស់លាស់ណាស់ទើបភ្ជាប់ការហោះហើរត្រង់មកកម្ពុជា។
លោកបន្តថា យើងសង្ឃឹមថា នឹងមានភ្ញៀវមកពីទីក្រុងឌូបៃ ភ្ញៀវអឺរ៉ុប និងភ្ញៀវមីយ៉ាន់ម៉ាមកកម្ពុជាច្រើន ព្រោះនៅឌូបៃ និងប្រទេសមីយ៉ាន់ម៉ា មានភ្ញៀវទេសចរអឺរ៉ុបច្រើនបានទៅទស្សនាទីនោះ ហេតុនេះពេលពួកគេចង់មកកម្ពុជាក៏មានភាពងាយស្រួលផងដែរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា បច្ចុប្បន្នកម្ពុជាមានសម្បទាទេសចរណ៍ដើម្បីទទួលភ្ញៀវទេសចរមកពីតំបន់អារ៉ាប់គ្រប់គ្រាន់ហើយ ដោយនៅរាជធានីភ្នំពេញយើងមានសណ្ឋាគាររ៉ាហ្វ៉លដែលបានទិញដោយថៅកែអារ៉ាប់ ខណៈដែលចំនួនភ្ញៀវអារ៉ាប់មកកម្ពុជាកំពុងកើនឡើង។
លោកធូន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានថ្លែងថា ការភ្ជាប់ជើងហោះហើរត្រង់ពីពិភពអារ៉ាប់មកកម្ពុជា ជាឱកាសល្អដែលផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវទេសចរ ហើយយើងស្វាគមន៍គ្រប់អាកាសចរណ៍មកកម្ពុជា ទោះជាមកពីណាក៏ធ្វើឲ្យយើងមានផលចំណេញដែរ៕