បើគិតពីថ្ងៃដំណើរការដំបូង រហូតដល់ថ្ងៃចុងក្រោយ នៃដំណើរការសេវារថយន្តក្រុងសាធារណៈឥតបង់ប្រាក់នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ មានប្រជាពលរដ្ឋជាង 2ម៉ឺននាក់បានធ្វើដំណើរ តាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលបានរៀបចំ ដោយចេញពីភ្នំពេញទៅតាមបណ្ដាខេត្ត និងចេញពីបណ្ដាខេត្តចំនួន18 មកភ្នំពេញវិញ។
លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានី ភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019 ថា ចាប់ពីថ្ងៃទី26 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019 គឺមានប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួនប្រមាណជាង 2ម៉ឺននាក់ ដោយប្រើប្រាស់រថយន្តក្រុង 120គ្រឿង ហើយរាល់ចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។
លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់ថា ចំនួនពលរដ្ឋដែលធ្វើដំណើរដោយរថយន្តក្រុងសាធារណៈទៅតាមបណ្តាខេត្ត និងត្រឡប់មកភ្នំពេញវិញក្នុងរយៈពេល 4ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌនេះ មានសរុបចំនួន 23,635នាក់។ ចំណែកអ្នកធ្វើ ដំណើរតាមកាណូតមានចំនួន 634នាក់។
លោកអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានអះអាងថា ចំនួនពលរដ្ឋដែលធ្វើដំណើរដោយរថយន្តក្រុងសាធារណៈច្រើនជាងគេគឺ ខេត្តបាត់ដំបង និងខេត្តបន្ទាយមាន ជ័យ។ ជាក់ស្តែងនៅថ្ងៃដំបូងនៃដំណើរការជិះរថយន្តក្រុងដោយឥតគិតថ្លៃ រដ្ឋាករស្វយ័តបានបន្ថែមរថយន្តក្រុងចំនួន 54គ្រឿង សម្រាប់ផ្លូវជាតិលេខ5 ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដោយថយន្តក្រុងកំណត់មានត្រឹមតែ 45គ្រឿង។
លោក អ៊ាន សុខឃីម បានបញ្ជាក់ដែរថា បុគ្គលិកដែលបម្រើការងារជាអ្នកបើកបររថយន្តក្រុងសាធារណៈនៅថ្ងៃបុណ្យភ្ជុំបិណ្ឌមានសរុបចំនួន 234នាក់។ ក្នុង 1គ្រឿងមានបុគ្គលិកចំនួន 2 នាក់ ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាព្រូឡាន។
សូមបញ្ជាក់ថា នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលបានរៀបចំរថយន្តក្រុង ឱ្យប្រជាពលរដ្ឋជិះដោយឥតបង់ប្រាក់រយៈពេល5ថ្ងៃ គឺចាប់ពីថ្ងៃទី26 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019 ដោយមានកំណត់តារាងស្ថានីយចេញដំណើរនៃផ្លូវជាតិនីមួយៗសម្រាប់បណ្តាខេត្តជាគោលដៅ។
រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញទាំង 120គ្រឿងនេះ គឺមានធ្វើដំណើរតាមផ្លូវជាតិ លេខ1 ទៅ-មកខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ផ្លូវជាតិលេខ2 ទៅ-មកខេត្តតាកែវ និងខេត្តកែប។ ផ្លូវជាតិលេខ3 ទៅ-មកខេត្តកំពត។ ផ្លូវជាតិលេខ4 ទៅ-មកខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្លូវជាតិលេខ5 ទៅ-មកខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ផ្លូវជាតិលេខ6 ទៅ-មកខេត្តកំពង់ធំ និងខេត្តសៀមរាប។ ផ្លូវជាតិលេខ6 និងផ្លូវជាតិលេខ7 ធ្វើដំណើរទៅ-មកខេត្ត កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្ដល់សេវារថយន្តក្រុងជូនប្រជាពលរដ្ឋជិះទៅ-មកស្រុកកំណើតដោយឥតបង់ប្រាក់នេះ គឺជាការអនុវត្តតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតម្រូវឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តចំនួន 18 ដោយឥតបង់ថ្លៃ ក្នុងបំណងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងការកកស្ទះចរាចរណ៍ ឬក៏គ្រោះថ្នាក់តាមដងផ្លូវជាដើម៕