Skip to content

កម្ពុជា​នាំចេញ​កៅស៊ូ​ក្នុងរយៈពេល​ ​8ខែ​ឆ្នាំ2019​ ​សរុប​ជា​ទឹកប្រាក់​បាន​ជាង​ ​200លាន​ដុល្លារ​

​គិត​ត្រឹម​រយៈពេល​ ​8ខែ​ ​ក្នុង​ឆ្នាំ2019នេះ​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​បាន​ជិត​ ​15ម៉ឺន​តោន​(​149,263តោន​)​ដែល​គិតជា​ប្រាក់ចំណូល​ស្មើនឹង​ប្រមាណ​ជាង​ ​200លាន​ដុល្លារ​។​ ​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​នៅ​ព្រឹក​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019នេះ​ ​បាន​បង្ហាញថា​ ​ក្នុងរយៈពេល​ ​8ខែ​ ​ឆ្នាំ2019​ ​ការនាំចេញ​កៅស៊ូ​បាន​កើនឡើង​ ​24​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ​តម្លៃ​ជាមធ្យម​របស់​ជ័រកៅស៊ូ​នៅ​ ​8ខែ​ដំបូង​ឆ្នាំ2019នេះ​មានតម្លៃ​ ​1,340ដុល្លារ​ក្នុង​ ​1តោន​ ​ធ្លាក់ចុះ​ប្រមាណ3​%​។​ ​ដូច្នេះ​បើ​គិតជា​ចំណូល​ដែល​កម្ពុជា​ ​ទទួល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​ ​8ខែ​មាន​ចំនួន​ជាង​ ​200លាន​ដុល្លារ​អាមេរិក​(​ប្រមាណ​ជា200,012,420​$​USA​)​។​ ​ដោយឡែក​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ​ក្នុង​ខែសីហា​ ​មាន​ចំនួន​ប្រមាណ​ជាជាង​ ​23,308តោន​ ​ខណៈ​តម្លៃ​ជ័រកៅស៊ូ​ជាមធ្យម​ក្នុង​ខែសីហា​មានតម្លៃ​ ​1,333ដុល្លារ​ក្នុង1តោន​ ​ធ្លាក់ចុះ1.47​%​ ​។​

​បញ្ហា​ដែល​កើតឡើង​នៅក្នុង​វិស័យ​កសិកម្ម​ផ្នែក​កៅស៊ូ​បច្ចុប្បន្ន​ ​គឺ​អ្វី​ដែល​សំខាន់​ក្រៅពី​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​ ​អ្នកជំនួញ​ក្នុង​វិស័យ​នេះ​ ​ក៏ដូចជា​ក្រុមហ៊ុន​ដែល​ធ្វើការ​នាំចេញ​ត្រូវ​ប្រឈម​ខ្លាំង​នោះ​ ​គឺ​ការ​បង់ពន្ធ​នាំចេញ​ដែល​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​។​ ​នេះ​បើ​តាម​វិស័យ​ឯកជន​បាន​ជួបប្រទះ​ ​និង​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ ​និង​ជួយ​លើកតម្កើង​ការផលិត​កៅស៊ូ​នៅ​កម្ពុជា​ឱ្យ​មាន​សកម្មភាព​ផ្នែក​សេដ្ឋកិច្ច​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ ​ធ្លាប់​មានប្រសាសន៍​ថា​ ​ការនាំចេញ​កៅស៊ូ​ពី​កម្ពុជា​ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង​ ​ប៉ុន្តែ​បើ​និយាយ​ពី​ចំណូល​របស់​អ្នក​ផលិត​វិញ​ ​គឺ​មានការ​ថមថយ​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​។​
​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​៖​«​បច្ចុប្បន្ន​នេះ​ ​មាន​សិប្បកម្ម​ខ្នាត​តូច​មួយចំនួន​បាន​ប្រឈម​នឹង​ការ​បិទទ្វារ​ជា​បណ្ដើរ​ៗ​ ​ដោយសារតែ​មិន​អាច​ទ្រាំ​ទៅ​នឹង​ការ​ចំណាយ​ ​និង​ភាព​ខាតបង់​ជា​រៀងរាល់​ឆ្នាំ​បាន​»​។​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ក៏បាន​ពិភាក្សា​ ​និង​ធ្វើការ​ស្នើសុំ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឱ្យ​មានការ​សម្របសម្រួល​ ​និង​អនុគ្រោះ​ទៅលើ​ការ​បង់ពន្ធ​នាំចេញ​កៅស៊ូ​កន្លងមក​ដែរ​ ​ដោយ​ក្រោម​តម្លៃ​ ​2,000ដុល្លារ​ត្រូវ​បាន​លើកលែង​ ​ខណៈ​ដែល​កាលពី​ពេល​កន្លងទៅ​ ​ក៏ដូចជា​បច្ចុប្បន្ន​នេះ​ ​រាល់​ការនាំចេញ​ ​ត្រូវ​បាន​គិត​ពន្ធ​ ​50ដុល្លារ​ ​សម្រាប់​កៅស៊ូ​ដែល​មានតម្លៃ​ ​1,500ដុល្លារ​ក្នុង1តោន​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ក៏បាន​បញ្ជាក់​បន្ថែម​ថា​៖​«​ប្រសិនបើ​ការ​ស្នើសុំ​ខាងលើ​នេះ​មានប្រសិទ្ធភាព​ ​គឺជា​ការ​ជួយសង្គ្រោះ​ ​និង​លើកទឹកចិត្ត​ដល់​អ្នកធ្វើ​ជំនួញ​ក្នុង​វិស័យ​ជា​ខ្លាំង​ ​ហើយ​វា​ក៏​ជា​ការ​ជួយ​លើកកម្ពស់​ ​វិស័យ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​»​។​

​កាលពី​ឆ្នាំ2018​ ​កន្លងមក​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ ​21ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជិត​ ​300លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដោយ​ក្នុង​នោះ​ភាគច្រើន​ជ័រកៅស៊ូ​កម្ពុជា​ ​បាន​នាំចេញ​ទៅកាន់​ម៉ាឡេស៊ី​ ​ចិន​ ​វៀតណាម​ ​និង​ប្រទេស​សិង្ហបុរី​ ​៕​


Leave a Reply

Your email address will not be published. Required fields are marked *