ស្របពេលដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សជាមួយនឹងរបត់បច្ចេកវិទ្យាថ្មី ការប្រកួតប្រជែងផ្នែកអាជីវកម្មក៏កាន់តែមានច្រើនឡើងដែរ។ ក្រុមហ៊ុនទាំងកម្រិតសហគ្រាសខ្នាតធំ រហូតដល់សហគ្រាសខ្នាតមធ្យម និងតូច រួមទាំងអ្នកលក់រាយផង ចាំបាច់ត្រូវតែយល់ដឹង ហើយបត់បែនទៅរករបត់ថ្មីនៃបច្ចេកវិទ្យាដើម្បីទប់លំនឹង និងរក្សាជំហរបានក្នុងទីផ្សារ។
លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញគណនេយ្យ និងទីផ្សារ បានលើកឡើងថា បច្ចុប្បន្ននេះដោយសារតែការវិវឌ្ឍរបស់បច្ចេកវិទ្យាក្រុមហ៊ុនទាំងធំ ទាំងតូច ចាំបាច់ត្រូវតែអភិវឌ្ឍខ្លួនឱ្យស្របនឹងរបស់ថ្មីរបស់បច្ចេកវិទ្យាទើបអាចរក្សាជំហរ និងការប្រកួតប្រជែងបាន។ ជាក់ស្តែងយើងមើលឃើញហើយថា ពីមុនក្រុមហ៊ុននានាចូលចិត្តប្រើប្រាស់ការទំនាក់ទំនងតាមទូរស័ព្ទដើម្បីទាក់ទាញអតិថិជនដោយឱ្យបុគ្គលិកទូរស័ព្ទម្តងម្នាក់ៗដើម្បីផ្តល់ព័ត៌មាន។ បច្ចុប្បន្ននេះ ប្រសិនបើយើងនៅតែធ្វើបែបនេះទៀត យើងនឹងចាញ់គេជាក់ជាមិនខាន ព្រោះទម្រាំទាក់ទងបាន1លាននាក់ យើងត្រូវចំណាយពេលរាប់ឆ្នាំ ខណៈបច្ចេកវិទ្យាផ្សេងៗមានដូចជា Facebook, Telegram ឬ Wechat ជាដើមចំណាយពេលខ្លី តែអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានរាប់ម៉ឺន រាប់លាននាក់។ នេះជារបត់មួយដែលយើងមើលឃើញជាក់ស្តែង ស្របពេលដែលបច្ចេកវិទ្យាជាច្រើនផ្សេងទៀតដែលម្ចាស់អាជីវកម្មត្រូវតែគិតគូរ និងយកចិត្តទុកដាក់ដើម្បីធានាពីការផ្តល់ និងទទួលបានព័ត៌មានពីអតិថិជនឱ្យបានល្អ និងទាន់សម័យកាល។
លោកបណ្ឌិត គា បូរ៉ា បាននិយាយថា៖ “ម្ចាស់អាជីវកម្មទាំងអស់ចាំបាច់ត្រូវតែពិចារណាលើចំណុចមូលដ្ឋានមួយចំនួនដើម្បីរក្សាលំនឹងក្នុងសម័យបច្ចេកវិទ្យានេះ ប្រសិនបើគាត់មិនទាន់មានសមត្ថភាពក្នុងចាប់យកបច្ចេកវិទ្យាធំៗទៅប្រើប្រាស់”។
អ្នកជំនាញខាងលើបានបន្ថែមទៀតថា ម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្ននេះយ៉ាងហោចណាស់ក៏គួរមាន Email ផ្លូវការមួយរបស់ខ្លួនឯង និងមានវេបសាយ ដែលមានផ្ទុកព័ត៌មានសេវាកម្ម ឬផលិតផលទាំងអស់នៅលើនោះដើម្បីបង្ហាញឱ្យអតិថិជនបានដឹង។ ម្យ៉ាងវិញទៀត វេបសាយនោះ ក៏គួរតែត្រូវបានរចនាឱ្យស្របតាមសម័យកាល និងទម្រង់ច្បាស់លាស់ផងដែរ ព្រោះពេលវេលាចេះតែទៅមុខ ការធ្វើបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាលើវេបសាយកាន់តែត្រូវការ មិនអាចបង្កើតតែវេបសាយចោល បន្ទាប់មកទុកចោលរាប់ឆ្នាំដោយមិនរវីរវល់នោះទេ។ នៅពេលនេះ មានវេបសាយខ្លះក៏ត្រូវបានគេបង្កើតឡើងដោយដាក់ឱ្យអតិថិជនអាចសួរ និងឆ្លើយឆ្លងបានភ្លាមៗផងដែរ ដើម្បីទាក់ទាញឱ្យបុគ្គលិក និងអតិថិជនមានទំនាក់ទំនងកាន់តែល្អឡើង។ បន្ថែមពីលើនេះ សម្រាប់ម្ចាស់អាជីវកម្មដែលចង់ប្រើប្រាស់កម្មវិធីធំៗសម្រាប់គ្រប់គ្រងអាជីវកម្មវិញ ក៏ចាំបាច់ត្រូវសិក្សា និងមើលឱ្យច្បាស់ពីសមត្ថភាពរបស់ស្ថាប័នផង ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាពនៃធនធានមនុស្ស និងកម្មវិធីបច្ចេកវិទ្យាមានភាពស៊ីគ្នា ហើយអនុវត្តបានដោយរលូន។ កន្លងមកមានម្ចាស់អាជីវកម្មខ្លះគិតគូរច្រើនហួសតម្រូវការជាក់ស្តែង ដោយចង់ឱ្យបច្ចេកវិទ្យាផ្លាស់ប្តូររបត់នៃក្រុមហ៊ុននេះភ្លាមៗ ខណៈពេលដែលបុគ្គលិកមិនទាន់មានសមត្ថភាពល្អក្នុងការប្រើប្រាស់នៅឡើយ ដែលធ្វើឱ្យគាត់ដាក់បច្ចេកវិទ្យាចូលទៅហើយក៏នៅតែបរាជ័យដដែល។
បង្ហាញពីចំណុចនេះដែរ លោក ទេព វណ្ណី នាយកក្រុមហ៊ុន Borkor Technology បានលើកឡើងថា របត់បច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកផ្លាស់ប្តូរ ហើយស្ថានភាពនៃការប្រែប្រួលនេះនឹងចូលមកដល់សង្គមយើង ដែលធ្វើឱ្យអាជីវកម្មទាំងអស់ត្រូវតែផ្លាស់ប្តូរដូចគ្នា គ្រាន់តែយូរ ហើយនិងឆាប់តែប៉ុណ្ណោះ។ ជាក់ស្តែង យើងឃើញហើយថា របរប្រពៃណីមួយចំនួនដែលបានចាក់គ្រឹះរឹងមាំក្នុងសង្គម ហើយមានតម្រូវការខ្ពស់ខ្លាំង តែអាចស្លាប់ទៅបានដោយគ្រាន់តែមានបច្ចេកវិទ្យាថ្មីមួយចូលមកដល់។ ឧទាហរណ៍ របរដឹកជញ្ជូនជាដើម ពីរបរដែលមានតម្រូវការខ្ពស់ហើយគ្រប់គ្នាមិនដែលគិតថា វានឹងមានអ្វីមកប៉ះពាល់នោះ គ្រាន់តែមានបច្ចេកវិទ្យាហៅតាក់ស៊ីជិះតាមរយៈ App ចូលមកភ្លាម ម៉ូតូឌុប រ៉ឺម៉កកង់3 ស្ទើរតែអស់ផ្លូវដើរ ហើយត្រូវតែភ្ជាប់បច្ចេកវិទ្យាដើម្បីបន្តមុខរបរនេះ។
លោក ទេព វណ្ណី បាននិយាយថា៖ “មានអាជីវកម្មខ្លះប្រកួតប្រជែងតែជាមួយគ្នាឯងក្នុងស្រុក ខ្លាំងទៅវិញទៅមកលើគ្រប់វិធី តែភ្លេចគិតពីបច្ចេកវិទ្យា ចុងក្រោយមានគេនាំចូលបច្ចេកវិទ្យា ឬក្រុមហ៊ុនបច្ចេកវិទ្យាក្រៅស្រុកតូចមួយចូលមកភ្លាម ធ្វើឱ្យអាចឈ្នះគេទាំងអស់ក្នុងប្រទេសក៏មានដែរ”។
លោក ទេព វណ្ណី បានលើកឡើងថា ហេតុនេះហើយទើបយើងទាំងអស់គ្នាគួរពិចារណាក្នុងការផ្លាស់ប្តូររបៀបនៃការធ្វើពាណិជ្ជកម្មទៅកាន់បច្ចេកវិទ្យាបន្តិចម្តងៗ ដើម្បីត្រៀមខ្លួនឱ្យដើរទាន់ការប្រកួតប្រជែងដែលកាន់តែទូលំទូលាយឡើងជារៀងរាល់ថ្ងៃ។ ក្នុងនោះការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើទីផ្សារ និងរបៀបគ្រប់គ្រងអាជីវកម្មក៏គួរតែបញ្ចូលបច្ចេកវិទ្យាផងដែរ ដើម្បីធ្វើការងារឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ការរកស៊ី គឺប្រៀបដូចជាការជិះកង់ដូច្នោះដែរ បើយើងមិនទៅមុខ គឺយើងនឹងដួល ហើយប្រសិនបើយើងជិះតាមដំណើរ គេខំប្រឹងជិះខ្លាំងជាង គេនឹងទៅមុខលឿនជាងយើង ដែលនឹងធ្វើឱ្យយើងនៅក្រោយគេ។ ហេតុនេះសម្រាប់ការធ្វើអាជីវកម្ម បើទោះបីជាយើងមិនធ្វើអ្វីសោះក៏ដោយ ក៏បញ្ហារត់មករកយើងដែរ ឬគេអាចនិយាយបានថា បច្ចេកវិទ្យានឹងមករំខានការរកស៊ីរបស់យើងដែរ ប្រសិនបើយើងបត់មិនទាន់បច្ចេកវិទ្យា៕