នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ផលិតកម្មមហាហង្ស បានឱ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ភាពយន្តដំបូងរបស់តារាសម្ដែងជើងចាស់ យស បូវណ្ណៈ នឹងដាក់បញ្ចាំងជាផ្លូវការនៅតាមរោងកុនហើយ ខណៈដែលភាពយន្តមួយនេះ គ្រាន់តែឃើញឈុតខ្លី Trailer ក៏ក្ដុកក្ដួលចិត្ត ព្រោះស្ដែងចេញពីការតស៑ូរបស់ឳពុកដើម្បីកូន។ នេះជាភាពយន្តជីវិត ដែលផលិតកម្មមហាហង្សបោះទុនខ្ពស់ក្នុងការផលិត ដោយនេះក៏ភាពយន្តដែលលោក យស បូវណ្ណៈ សម្ដែងលើកដំបូងក្រោយបាត់មុខ ទៅរស់នៅអាមេរិក។
លោក យស បូវណ្ណៈ បានថ្លែងពីសហរដ្ឋអាមេរិកថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលលោកបានបង្ហាញស្នាដៃជាថ្មីក្នុងស្រុក បន្ទាប់ពីលោកខកខានបង្ហាញខ្លួនក្នុងស្រុកអស់ច្រើនឆ្នាំ។ លោកក៏មានអារម្មណ៍ក្ដុកក្ដួលជាមួយនឹងភាពយន្តជីវិតមួយនេះផងដែរ ដោយសារតែសាច់រឿងទាំងមូល ពោរពេញដោយឈុតទឹកភ្នែក។
សូមជម្រាបថា ភាពយន្តមួយនេះគម្រោងដាក់បញ្ចាំងនៅថ្ងៃទី១០ ខែតុលា ដោយផលិតកម្មមហាហង្សរំពឹងយ៉ាងខ្លាំងថាភាពយន្តជីវិតរបស់ខ្លួន នឹងទទួលបានជោគជ័យ។ លោក អុិន សុភិន ចាងហ្វាងផលិតកម្មបានអះអាង ថាដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនាឱ្យកាន់តែយល់ដឹងពីភាពកត្តញូចំពោះអ្នកមានគុណ ផលិតកម្មមហាហង្សបានសម្រេចនិពន្ធ និងផលិតភាពយន្តរឿង”លោកឳពុក” ដោយបានទាំងប្រមូលផ្ដុំតារាប្រុសជើងចាស់ៗល្បីៗ៣រូប រួមមានលោក ហម ឈរ៉ា និង លោក យស បូវណ្ណៈ ឱ្យមករំលេចស្នាដៃរួមគ្នា។ លោកថាភាពយន្តនេះ បានបង្កប់នូវការអប់រំលើសលប់ ហើយក៏នឹងក្លាយជាសារពញាក់អារម្មណ៍ធំមួយដល់កូនៗគ្រប់រូប ដែលមើលរំលងពីការលះបង់របស់ឳពុក។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាឈុតខ្លី ក្នុងរឿង”លោកឳពុក”៖