ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក ឃែលលី បឺដ (Kelly Bird) នាយកនៃនាយកដ្ឋានអាស៊ី-អាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី និងសហការីដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
នៅក្នុងកិច្ចប្រជុំនេះលោក បឺដ បានលើកឡើងនូវគម្រោងសាកល្បងចំនួនពីរ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានរៀបចំ និងអនុវត្តនៅប្រទេសហ្វីលីពីនប្រកបដោយជោគជ័យ។ គម្រោងទាំងពីរនេះគឺទាក់ទងនឹងការអភិវឌ្ឍសមត្ថភាព និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យយុវជនមានជំនាញគ្រប់គ្រាន់ក្នុងការស្វែងរកការងារនៅក្នុងទីផ្សារ។
គម្រោងទីមួយមានគោលបំណងកាត់បន្ថយគម្លាតពីការរៀនចប់ទៅដល់ការរកបានការងារនៅលើទីផ្សារតាមរយៈការគាំទ្រលើការបណ្ដុះបណ្ដាល តាមរយៈការអនុវត្តផ្ទាល់ដើម្បីឲ្យយុវជនទទួលបាននូវជំនាញជាក់ស្ដែង និងបទពិសោធគ្រប់គ្រាន់ក្នុងការស្វែងរកការងារ។
លោក បឺដ បានឲ្យដឹងថា យោងលើលទ្ធផលជាវិជ្ជមាននៃគម្រោងនេះ ប្រទេសហ្វីលីពីនបានរៀបចំ និងអនុម័តច្បាប់មួយ ដើម្បីគាំទ្រសកម្មភាពនេះដោយខ្លួនឯង និងបង្កើតនូវកម្មវិធីមួយហៅថា Jobstart ដើម្បីពង្រីកសកម្មភាពអភិវឌ្ឍន៍សមត្ថភាព និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យកាន់តែទូលំទូលាយថែមទៀត។ ចំពោះគម្រោងទីពីរ ហៅថា Training Grants Program បានបង្កើតលទ្ធភាពដល់និយោជក ក្នុងការរៀបចំស្នើសុំថវិកាបដិភាគ ដើម្បីយកមកបណ្ដុះបណ្ដាលដល់និយោជិតរបស់ខ្លួន។
គម្រោងនេះ ត្រូវបានយកមកសាកល្បងនៅក្នុងវិស័យទេសចរណ៍ ហើយជាលទ្ធផលឃើញថា និយោជិតជាច្រើនត្រូវបានបណ្ដុះបណ្ដាលលើជំនាញបដិសណ្ឋារកិច្ច អនាម័យម្ហូបអាហារ និងការងារដទៃទៀតផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីយល់ថា គម្រោងទាំងនេះពិតជាមានសក្ដានុពលខ្ពស់មកលើទីផ្សារការងាររបស់កម្ពុជាដែលកំពុងតែខ្វះខាតពលករជំនាញ។ ឯកឧត្តមលើកឡើងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រគម្រោងមួយរួចមកហើយ គឺការបង្កើតសាលាវិជ្ជាជីវៈធ្វើម្ហូប ហៅថា Academy of Culinary Art of Cambodia ក្រោមក្របខ័ណ្ឌភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន (PPP) ដែលជាការរួមចំណែកមួយក្នុងការបណ្ដុះបណ្ដាលជំនាញ។
ឯកឧត្តមស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហើយមានមតិថា ធនាគារអាចសាកល្បងលើវិស័យទេសចរណ៍ជាមុនសិន ដោយធនាគារមានបទពិសោធស្រាប់ក្នុងវិស័យនេះ មុនចាប់យកវិស័យដទៃទៀតដូចជា ការកែច្នៃផលិតផលកសិកម្ម ព័ត៌មានវិទ្យា ជំនាញផ្គុំឧបករណ៍អេឡិចត្រូនិក។ល។ ជាមួយនោះដែរ ឯកឧត្តមក៏បានលើកឡើងអំពីការបណ្ដុះបណ្ដាលភាពជាសហគ្រិនជាការគាំទ្រដល់យុវជនកម្ពុជាដែលមានបំណងក្លាយជាសហគ្រិន និងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា៕