កាលពីពេលថ្មីៗនេះក្រុមអ្នកជំនាញ DxOMark បានបញ្ចេញលទ្ធផលនៃសមត្ថភាពថតរូប/វីដេអូរបស់ Huawei Mate 30 Pro ដែលវាអាចទទួលបានពិន្ទុសរុបរហូតដល់ 121ពិន្ទុ។ លំដាប់ពិន្ទុនេះអាចឱ្យយកឈ្នះ Galaxy Note10+ 5G របស់ Samsung ដែលពីមុនបានត្រឹម 117ពិន្ទុប៉ុណ្ណោះ។
សម្រាប់ការថតវីដេអូ Mate 30 Pro អាចទទួលបានពិន្ទុ100 ទាបជាង Galaxy Note10+ 5G ដែលមានពិន្ទុដល់101 ខាងផ្នែកថតវីដេអូ តែសមត្ថភាពថតរូបភាព Mate 30 Pro ទទួលបានពិន្ទុដល់ 131ពិន្ទុ ជាពិន្ទុខ្ពស់ដាច់គេមួយ ខណៈ Note10+ 5G បាន 126ពិន្ទុ។
យ៉ាងណាក្ដី Mate 30 Pro ក៏នៅមានចំណុចខ្សោយដែរ ដោយសមត្ថភាពថតរូបចេញពីកាមេរ៉ាខាងមុខ វាអាចទទួលបានសរុប 93ពិន្ទុ (ខាងថតរូបបាន 97ពិន្ទុ និងថតវីដេអូបាន 88ពិន្ទុ)។ ប្រៀបនឹង Note10+ 5G ទទួលបានពិន្ទុសរុប99 សម្រាប់កាមេរ៉ាមុខ (ខាងថតរូបបាន 103ពិន្ទុ និងការថតវីដេអូបាន 93ពិន្ទុ)។
Mate 30 Pro មានបំពាក់ប្រព័ន្ធកាមេរ៉ាថ្មី ដែលកាមេរ៉ាខាងក្រោយមានចំនួន 4 ដោយកាមេរ៉ាមេ មានកម្រិត 40MP (Aperture f/1.6), កាមេរ៉ា Ultrawide កម្រិត 40MP (Aperture f/1.8), កាមេរ៉ា Telephoto កម្រិត 8MP (Aperture f/2.4) និងទី4 ជាកាមេរ៉ាវាស់ជម្រៅ 3D ToF។ ចំណែកខាងមុខមានបំពាក់កាមេរ៉ាប្រភេទ Wide កម្រិត 32MP មាន Aperture f/2.0 និងមានអមដោយកាមេរ៉ា 3D ToF មួយផងដែរ។
សម្រាប់តម្លៃពេលប្រកាសចេញគឺ Mate 30 ដោយនឹងមានលក់នៅប្រទេសចិនចាប់ពីពេលនេះទៅ ឯនៅលើទីផ្សារសកលវិញ គឺទើបនឹងមាននៅខែតុលានេះ ជាមួយតម្លៃ 800អឺរ៉ូ (ប្រមាណ 884ដុល្លារ)។ វាមាន RAM ទំហំ 8GB ដែរ ប៉ុន្តែមានអង្គផ្ទុក 128GB (អាចបន្ថែមទំហំដោយមេម៉ូរីកាត) ហើយមិនមានប្រភេទ 5G ឡើយ៕
សូមទស្សនាវីដេអូខាងក្រោម