កាលពីប៉ុន្មានខែមុន ក្រុមយុវជនបាល់ទាត់ជម្រើសជាតិអាយុក្រោម 23ឆ្នាំរបស់វៀតណាម បានយកឈ្នះក្រុមយុវជនជម្រើសជាតិអាយុក្រោម 23ឆ្នាំរបស់ថៃដោយលទ្ធផលដ៏លើសលប់ 4ទល់នឹង0 ក្នុងវគ្គជម្រុះដើម្បីឡើងទៅវគ្គចុងក្រោយ នៃពានរង្វាន់យុវជនអាយុក្រោម 23ឆ្នាំប្រចាំទ្វីបអាស៊ី AFC U23 Championship ដែលថៃត្រៀមនឹងធ្វើជាម្ចាស់ផ្ទះជាថ្មីម្ដងទៀត។
ក្នុងលទ្ធផលដ៏ល្អនេះ បានធ្វើឱ្យវៀតណាមក្លាយជាក្រុមខ្លាំងជាងគេបំផុតក្នុងពូល ដោយឈរលេខ1 ប្រកួតមិនដែលចាញ់ ហើយក៏ជាប្រទេសបេក្ខភាពតែមួយគត់ក្នុងតំបន់អាស៊ានដែលបានឡើងវគ្គបន្ត ដោយមិនបូកបញ្ចូលថៃ ដែលមានឈ្មោះឆ្លងទៅវគ្គចុងក្រោយដោយស្វ័យប្រវត្តិ ដោយសារខ្លួនជាម្ចាស់ផ្ទះ។
ការដែលបានឡើងទៅវគ្គបន្តនេះ បានធ្វើឱ្យក្រុមវៀតណាមមានឱកាសបានរក្សាកំណត់ត្រាល្អរបស់ខ្លួនកាលពីលើកមុនក្នុងពាននេះដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ តែភ្លាត់ស្នៀតចាញ់អ៊ូបេគីស្ថាន ទើបបានត្រឹមជាក្រុមខ្លាំងជាងគេបំផុតលេខ2 ប្រចាំទ្វីបអាស៊ី តែអ្វីដែលកាន់តែពិសេសបំផុតនោះគឺ ក្រសួងទេសចរណ៍ វប្បធម៍ និងកីឡា រួមជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាមបានឧបត្ថម្ភជាទឹកប្រាក់សរុប ១,៥០០លានដុង (ប្រហែល ៦៥,២០០ ដុល្លារ)ដល់ក្រុមយុវជនបាល់ទាត់ជម្រើសជាតិអាយុក្រោម 23ឆ្នាំដែលបានឡើងទៅដល់វគ្គចុងក្រោយនេះ៕