តារាចម្រៀងស្រីនៅផលិតកម្មហង្សមាស កញ្ញា សន ផល្លិកា បានសាងឈ្មោះល្បីអស់មួយរយៈកាល ហើយក៏បាត់មុខទៅវិញយ៉ាងស្ងប់ស្ងាត់។ លុះក្រោយមក មានដំណឹងទទួលបានថា នាងសម្ញំរស់នៅយ៉ាងសុខស្រួលជាមួយក្រុមគ្រួសារនៅខេត្តសៀមរាប ។ ថ្មីៗនេះស្រាប់តែតារាចម្រៀងស្រីវ័យក្មេងរូបនេះលេចមុខយ៉ាងក្រឡឺម នៅលើទឹកដីប្រទេសអូស្ត្រាលី ដោយនាងបានបង្ហាញខ្លួនច្រៀងរាំកាលពីថ្ងៃភ្ជុំបិណ្ឌជាមួយនឹងតារាចម្រៀងខ្មែរជាច្រើនទៀត។ អ្វីដែលគេកត់សម្គាល់ គឺនាងកាន់តែស្រស់ស្អាតជាងមុខ និងមើលទៅក្មេងជាងវ័យក្រោយពេលស្ងប់ស្ងាត់មួយរយៈ។
តារាចម្រៀង សុីម សុីណាត ដែលរស់នៅប្រទេសអូស្ត្រាលី និងបានសម្ដែងជាមួយនាងបានថ្លែងបញ្ជាក់ថា កញ្ញា សន ផល្លិកា ត្រូវបន្តការសម្ដែងជាមួយលោក និងជាតារាចម្រៀងខ្មែរផ្សេងទៀត នៅលើទឹកដីប្រទេសអូស្ត្រាលីរហូតដល់អំឡុងខែ១២ចុងឆ្នាំឯណោះ ដោយការសម្ដែងរបស់នាង ក៏លើកជាទី១នៅក្នុងប្រទេសនេះផងដែរ។ លោកថានាងទទួលបានការស្វាគមន៍មិនចាញ់តារាល្បីៗ ដែលធ្លាប់វាយលុកទីផ្សារក្នុងការសម្ដែងនោះទេ ដោយសារតែនាងអាចបកស្រាយបទយុវវ័យក៏បានល្អ ហើយបកស្រាយបទពីសម័យដើម និងបទចម្រៀងរាំលេងសប្បាយៗ អោយបងប្អូនខ្មែររាំលេងបានសប្បាយៗ។ លោកថា សន ផល្លិកា ទើបតែមកអូស្ត្រាលីដំបូង ប៉ុន្តែនាងបានទាញប្រជាប្រិយភាពឱ្យអ្នកអូស្ត្រាលីជាប់ចិត្តចំពោះនាងយ៉ាងខ្លាំង ជាពិសេសគឺនាងទទួលបានការសរសើរលើភាពរួសរាយរាក់ទាក់ និងរូបសម្រស់តែម្ដង។
យោងតាមការបញ្ជាក់ តារាចម្រៀងប្រចាំហង្សមាសរូបនេះ មិនខ្វះបុរសៗរស់នៅអូស្ត្រាលីលែបខាយនោះទេ ប៉ុន្តែនាងមិនអើពើ ដោយនាងខ្វល់តែការសម្ដែង ដើម្បីឱ្យបងប្អូនខ្មែរសប្បាយចិត្ត។ នាងក៏នាងត្រល់មកវិញ ក្រោយចប់ការសម្ដែងរយៈពេល៣ខែ ជាមួយតារាចម្រៀងថោន កញ្ញា រតនៈ ពិសី និងរូបលោក ដោយមិនបន្ត ដើម្បីត្រលប់ទៅបញ្ចេញបទចម្រៀងថ្មីៗ ប្រចាំផលិតកម្មថោនសម្រាប់វាយលុកទីផ្សារនៅដើមឆ្នាំក្រោយផងដែរ។ ប្រភពពីផលិតកម្មហង្សមាសទម្លាយថា សន ផល្លិកា នឹងត្រូវបានហង្សមាសត្រៀមលើកតម្កើងនៅដើមឆ្នាំថ្មី ទើបនាងកាន់តែថែទាំរូបសម្រស់អោយមើលទៅទាក់ទាញ ក្នុងគម្រោងចេញសម្ដែងនៅអូស្ត្រាលីជាលើកដំបូងនេះ។