ក្លិបតោខៀវ Chelsea បានយល់ព្រមលើតម្លៃខ្លួនជាមួយនឹងក្លិប Roma ក្នុងទឹកប្រាក់38លានអឺរ៉ូ (ស្មើនឹង43.4លានដុល្លារអាមេរិក) ដើម្បីទិញយក Antonio Rudiger ខណៈដែលខ្សែការពារអន្តរជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍នៅសប្តាហ៍ក្រោយ ដើម្បីបំពេញការពិនិត្យសុខភាព។
Roma បានរក្សាជំហរដោយចង់បានតម្លៃខ្លួន45លានអឺរ៉ូសម្រាប់កីឡាករ Rudiger ដែលពួកគេបានទិញពីក្លិប Stuttgart កាលពីរដូវក្តៅមុនក្រោយពីកីឡាកររូបនេះបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងពេលស្ថិតជាកីឡាករកម្ចីពេញមួយរដូវកាលរួចមក។
ក្រោយពីបានច្រានចោលសំណើជាបឋមរបស់ Chelsea ក្នុងទឹកប្រាក់35លានអឺរ៉ូម្តងរួចមក ក្លិប Roma បានយល់ព្រមទទួលយកកញ្ចប់តម្លៃខ្លួនមួយដែលមានន័យថា Chelsea នឹងត្រូវចំណាយប្រាក់33លានអឺរ៉ូ និងប្រាក់ឧបត្ថម្ភបន្ថែម5លានអឺរ៉ូផ្សេងទៀត។ Rudiger ដែលជាខ្សែការពារកណ្តាលប៉ុន្តែអាចលេងនៅតំបន់ការពារស្លាបស្តាំបានដែរនោះ ត្រូវបានរំពឹងទុកថានឹងទទួលបានចំណូលប្រមាណជា4លានអឺរ៉ូ ក្នុងមួយរដូវកាល។ រូបគេកំពុងតែលេងក្នុងព្រឹត្តិការណ៍Confederations Cup ដោយក្រុមជម្រើសជាតិអាល្លឺម៉ង់ត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ីលីក្នុងវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យនេះ។ លោក Antonio Conte បានព្យាយាមធ្វើការពង្រឹងតំបន់ការពារបើទោះបីបានឈ្នះពាន Premier League កាលពីរដូវកាលមុនក៏ដោយ និងបានចាត់ទុកកីឡាករវ័យ24ឆ្នាំរូបនេះ ជាគោលដៅដ៏ចម្បងរបស់លោកក្រោយពីការពិភាក្សារឿងផ្សេងៗជាមួយនឹងបុគ្គលិកបច្ចេកទេសរបស់ Chelsea រួចមក៕
ប្រភពពី៖ The Guardian