នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង លោក ស៊ឹម ស៊ីណាត ត្រូវបានគេដឹងថា លោកទើបតែត្រូវបានស្ពុនស័រទាក់ទងឱ្យចេញសម្ដែងជាមួយតារាចម្រៀងស្រីល្បីឈ្មោះ២ដួង គឺស្រីស្អាត រតនៈ ពិសី ដែលជាតារាចម្រៀងថោន និង កញ្ញាសន ផល្លីកា តារាចម្រៀងហង្សមាស ដែលទើបទៅដល់អូស្ត្រាលីកាលពីមុនភ្ជុំក្នុងកុងត្រា៣ខែនោះផង។
លោក ស៊ឹម ស៊ីណាត កន្លងមកធ្លាប់បានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការចាកចេញទៅរស់នៅប្រទេសអូស្ត្រាលីយ៉ាងខ្លាំង ដោយសារតែលោកយល់ថា នឹងធ្វើឱ្យលោកបាត់មុខពីសិល្បៈ ដែលកំពុងមានការគាំទ្រ។ យ៉ាងណាមិញ ក្រោយពេលរឹងមាំនៅលើទឹកដីថ្មី លោកបែរជាមានមុខខ្លាំងក្នុងការទទួលការងារសិល្បៈ ចង់ខ្លាំងជាងនៅក្នុងស្រុក ដូចត្រូវឆ្នោតគួរឱ្យកត់សម្គាល់ទៅវិញ។
អ្នកតាមដានគណនីហ្វេសប៊ុករបស់លោក ស៊ឹម ស៊ីណាត សុទ្ជតែមើលឃើញថា តារាចម្រៀងរូបនេះហាក់បីដូចជាកាក់កបនឹងការងារចេញសម្ដែង ខុសស្រលះពីពេលលោកទៅរស់នៅប្រទេសអូស្រ្តាលីភ្លាមៗ។ លោកត្រូវគេឃើញសកម្មក្នុងការច្រៀងរាំតាំងពីអំឡុងមុនភ្ជុំ ខណៈដែលអំឡុងបុណ្យភ្ជុំនិងក្រោយភ្ជុំ លោកកាន់តែសកម្មនឹងការចេញសម្ដែង។ ធៀបនឹងទីផ្សារសិល្បៈនៅកម្ពុជា តារាចម្រៀងក្រម៉ិចក្រម៉ើមរូបនេះ ក្ដោបក្ដាប់បានសំណាងចេញច្រៀងតាមបណ្ដារដ្ឋ និងក្រុង នៅក្នុងប្រទេសអូស្ត្រាលី ឡើងកាលីបជាងនៅកម្ពុជានោះផង។ កាលពីនៅក្នុងស្រុក លោកមានមុខខ្លាំងតែការងារច្រៀងអកកេស ដោយយូរៗម្ដងទើបមានឱកាសឡើងឆាកទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែនៅលើទឹកដីអូស្ត្រាលីនាពេលចុងក្រោយ លោក ស៊ឹម ស៊ីណាត ត្រូវបានគេចាប់អារម្មណ៍ច្រើនថាបានបង្ហាញវត្តមានច្រៀងរាំជាមួយតារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បីៗពីកម្ពុជា ច្រៀងក្នុងការប្រគំតន្ត្រីធំៗរបស់សិល្បករខ្មែរនៅអូស្ត្រាលី និង លេចមុខក្នុងសកម្មភាពច្រៀងរាំដែលមានការលក់សំបុត្រ ហើយមានអ្នកចូលទស្សនាច្រើនៗកាលីបជាងក្នុងស្រុក។ លោកក៏មានឱកាសបង្ហាញវប្បធម៌ខ្មែរ ដោយឈុតប្រពៃណី គួរឱ្យសរសើរផងដែររាល់ពេលច្រៀងរាំម្ដងៗផងដែរ។
លោក ស៊ឹម ស៊ីណាត ទទួលស្គាល់ថា ក្នុងមួយរយៈចុងក្រោយការងារសិល្បៈរបស់លោក ពិតជាមានម្ចាស់ស្ពុនស័រច្រើនឡើងទាក់ទងឱ្យចេញសម្ដែងតាមបណ្ដារដ្ឋផ្សេងៗនៅលើទឹកដីអូស្ត្រាលីពិតមែន ចាប់តាំងពីម្ចាស់ស្ពុនស័រដឹងថាលោកគឺជាតារាចម្រៀង ហើយកំពុងរស់នៅអូស្ត្រាលីស្រាប់។ យ៉ាងណាមិញលោកថា មិនបានបោះបង់ការងារខាងក្រៅនោះទេ ដោយនៅតែទហ្វឹកហាត់ការងារផ្នែកចុងភៅ និងការងារផ្សេងៗ បន្ថែមពីលើសិល្បៈដដែល បើទោះជាការងារសិល្បៈកាន់តែមមាញឹក។