តារាកំប្លែងស្រី លន់ ដាណេ ត្រូវបានគេសម្គាល់ថា នាងបានកំពុងតែជោគជ័យខ្លាំងក្នុងពិភពសិល្បៈ តែអ្នកជំរុញពីក្រោយដែលធ្វើឱ្យនាងមានថ្ងៃនេះ គឺមិនមាននរណាម្នាក់បានដឹងឡើយ ។ ដាណេ បានប្រាប់ថា នាយក្រឹមជាអ្នកមានគុណក្នុងសិល្បៈ គឺជាគ្រូដើម។ ហើយបើទោះជាជោគជ័យសិល្បៈកម្រិតណាក៏ដោយ នាងនៅតែមិនអាចបំភ្លេចគុណបំណាច់ដែលនាយក្រឹមធ្លាប់បានផ្ដល់ឱកាស និងបណ្ដុះបណ្ដាលឱ្យចេះកំប្លែងនោះទេ។
កញ្ញា លន់ ដាណេ បានឆ្លងឆ្លើយពីអូស្ត្រាលីមកថា កញ្ញាពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលត្រូវបានម្ចាស់ស្ពុនស័រ ជាពិសេសគឺបងប្អូនខ្មែរនៅក្រៅប្រទេសធានាយកនាងទៅសម្ដែងនៅអូស្ត្រាលី ដែលធ្វើឱ្យនាងបានជួបអ្នកអូស្ត្រាលីជាលើកទី2។ កញ្ញាថាខ្លួនឡើងមកសម្ដែងជាមួយនាយពែកមីរយៈពេល2ខែ ដោយតាមគម្រោងនៅថ្ងៃទី19 ខែវិច្ឆិកា ទើបនាងត្រលប់ទៅវិញ។ នាងចាត់ទុកថានេះ ជាជោគជ័យមួយដែលនាងទទួលបានពីការជ្រោមជ្រែងរបស់នាយក្រឹម ដែលបានជ្រើសនាងជាសមាជិកក្រុមកំប្លែង ដោយនាងចាត់ទុកលោកថាគឺជាមេ និងជាអ្នកមានគុណ។ នាងនិយាយថា”បើគ្មានមេខ្ញុំ(នាយក្រឹម) ខ្ញុំមិនដឹងនៅកន្លៀតណាទេ”។
ក្ដីរំឭកគុណរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនម្នាក់ៗលាន់មាត់ ដែលនាងមិនភ្លេចគ្រូដើម មិនភ្លេចប្រភពដើម ហើយនៅតែទន្ទេញជាប់មាត់ ដែលពាក្យពេចន៍របស់នាង បើនាយក្រឹមបានឮពិតជាមិនស្ដាយកម្លាំងដែលខំជ្រោមជ្រែង។ លន់ ដាណេ និយាយថា នាងត្រូវបានគេអញ្ជើញឱ្យចេញសម្ដែងក្រៅស្រុកជាយូរមកហើយ ប៉ុន្តែមកពីរកពេលទទួលមិនបានសោះ ទើបនាងទើបតែបានទទួលការសម្ដែងនៅអូស្ត្រាលីនៅក្នុងពេលនេះ។ នាងថាមកដល់អូស្រា្តលី ទទួលបានការស្វាគមន៍មិនតិចទេ ដោយការចេញសម្ដែងម្ដងៗគឺមានបងប្អូនខ្មែរច្រើនមកទិញសំបុត្រទស្សនា ហើយរាំលេងសប្បាយៗជាមួយក្រុមនាង។