ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា ធនាគារពិភពលោក (WB) បានអនុម័តជាផ្លូវការនូវទឹកប្រាក់ចំនួន 1ពាន់លានដុល្លារដើម្បីអភិវឌ្ឍវិស័យអាទិភាពមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ហិរញ្ញប្បទាននេះបានផ្តល់ជូនក្នុង“ក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសសម្រាប់ឆ្នាំ2019-2023”(CountryPartnership Framework – CPF 2019-2023)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយអនុប្រធានធនាគារពិភពលោក។
លោកស្រី វិចតូរៀ ខ្វាខ្វា Victoria Kwakwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់កិច្ចសហការយ៉ាងសកម្មជាមួយ WB ក្នុងការរៀបចំឯកសារ “ក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយ WB ឆ្នាំ2019-2023” បានដោយជោគជ័យ និងឈានដល់ការអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីពេលថ្មីៗនេះទៀតផង ដែលទាំងនេះជាសក្ខីភាពបង្ហាញអំពីកិច្ចសហការក្នុងភាពជាដៃគូ និងស្មារតីគោរពភាពជាម្ចាស់លើកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖“កម្មវិធីនេះ គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរយៈពេលមធ្យម រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ដែលនឹងផ្តល់ប្រាក់កម្ចីដើម្បីគាំទ្រដល់ការអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 របស់រដ្ឋាភិបាល”។
ក្របខ័ណ្ឌនេះផ្តោតសំខាន់ទៅលើប្រសិទ្ធភាពរបស់រដ្ឋ និងជំរុញការអភិវឌ្ឍវិស័យឯកជន។ វានឹងដោះស្រាយបញ្ហាប្រឈមជាច្រើនទាក់ទងនឹងការគាំទ្រដល់វិស័យហិរញ្ញវត្ថុ និងធុរកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ ហើយក៏នឹងគាំទ្រផងដែរ ដល់ការអភិវឌ្ឍធនធានមនុស្ស និងផ្តោតលើការលើកកម្ពស់ផលិតភាពកសិកម្ម និងពង្រឹងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅក្នុងខែឧសភាបានឱ្យដឹងថា ក្របខ័ណ្ឌភាពជាដៃគូនឹងគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាទៅដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់ខ្លួន និងឆ្លុះបញ្ចាំងពីការវិវឌ្ឍនៃការចូលរួមរបស់ធនាគារពិភពលោកនៅក្នុងប្រទេស។
របាយការណ៍ក៏បានបញ្ជាក់ដែរថា៖“កម្មវិធីនេះឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋាភិបាល ហើយនឹងដោះស្រាយបញ្ហាប្រឈមរបស់ប្រទេសក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចមានកំណត់ការធ្វើនគរូបនីយកម្មកើនឡើងយ៉ាងឆាប់រហ័សកង្វះខាតធនធានមនុស្ស និងគម្លាតហេដ្ឋារចនាសម្ព័ន្ធ”។
សូមរំឭកថា កាលពីថ្ងៃទី30 ខែឧសភា ឆ្នាំ2019 ធនាគារពិភពលោកបានអនុម័ត “ក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយ WB ឆ្នាំ2019-2023” (Country Partnership Framework – CPF 2019-2023)ដែលគ្រោងទឹកប្រាក់សរុបចំនួនប្រមាណ 1,000លានដុល្លារអាមេរិកដែលឯកសារនេះ គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពេញលេញ រយៈពេលមធ្យម រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោក និងត្រូវបានរៀបចំដើម្បីរួមចំណែកផ្តល់ហិរញ្ញប្បទានគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតម្រូវការអាទិភាពរបស់កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំពីស្ថានភាពសេដ្ឋកិច្ច ដែលកម្ពុជាកំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។ កម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ2050 ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ2030 ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្តនៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ឯកឧត្តមក៏បានបញ្ជាក់ទៀតដែរថា សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថា អាចសម្រេចបានកំណើនខ្ពស់រហូតដល់7.5% ក្នុងឆ្នាំ2018 និងតាមការព្យាករ កំណើនសេដ្ឋកិច្ចនេះនឹងអាចនៅតែសម្រេចបានប្រមាណ 7% ក្នុងឆ្នាំ2019 នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះធនាគារពិភពលោកដែលមានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជាឈានឆ្ពោះទៅគោលដៅឆ្នាំ2030 និង ឆ្នាំ2050 ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដែលកាន់តែរឹងមាំជាងមុន។
សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ លោកស្រី Kwakwa បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានមានប្រសាសន៍កោតសរសើរយ៉ាងខ្លាំងទៅលើការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។លោកស្រីបានថ្លែងថា៖ “ក្នុងនាមធនាគារពិភពលោក ខ្ញុំសូមអបអរសាទរប្រទេសកម្ពុជាចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន”។
លោកស្រី Kwakwa ក៏បានកត់សម្គាល់ និងបានទទួលស្គាល់អំពីកំណើនសេដ្ឋកិច្ចជាមួយនឹងល្បឿននៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ដែលអាចជំរុញ និងរក្សាបានកំណើនសេដ្ឋកិច្ចជាប់ជាប្រចាំក្នុងរង្វង់ 7% នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាការថយចុះនូវភាពក្រីក្រ និងអត្រាមរណភាពរបស់ទារកនៅពេលកើត។ នេះជាជោគជ័យដែលបញ្ជាក់ថា កម្ពុជាកំពុងតែបោះជំហាននៅលើផ្លូវមួយដ៏ត្រឹមត្រូវ៕