ក្នុងការរស់នៅ មនុស្សមួយចំនួនតែងតែប្រាថ្នាចង់ក្លាយជាមនុស្សដែលនាំមុខគេ ឬលេខមួយគ្រប់កាលៈទេសៈ មិនថាការសិក្សា ការរស់នៅ ការធ្វើការងារ ឬការធ្វើអាជីវកម្មនោះទេ។ ពួកគេតែងតែព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើការប្រកួតប្រជែង បើទោះបីជាពេលខ្លះវិធីសាស្ត្រនោះល្អ ឬមិនល្អក្តី។ ការធ្វើបែបនេះបានធ្វើឱ្យបុគ្គលខ្លះនឿយហត់ខ្លាំង ហើយធ្វើឱ្យជីវិតបាត់បង់លំនឹង ដោយសារតែរស់ក្នុងការប្រកួតប្រជែងខ្លាំងជ្រុល ព្រោះអ្វីដែលពួកគេកំពុងធ្វើ គឺជាការយល់ច្រឡំពីពាក្យថាជាភាពឆ្នើម។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ភាពឆ្នើមសម្រាប់មនុស្សម្នាក់ មិនមែនសំដៅលើការទទួលបានលេខមួយដាច់គេគ្រប់មុខនោះទេ តែវាអាស្រ័យលើចំណុចពិសេសផ្ទាល់ខ្លួនប្លែកគេរបស់មនុស្សម្នាក់ៗ ដែលធ្វើឱ្យគេចងចាំពីយើង។ មនុស្សម្នាក់ៗ បើទោះបីជាម្ចាស់អាជីវកម្ម ឬជាបុគ្គលិកគេក៏ដោយ គួរចាំបាច់មានចំណុចខ្លាំងផ្ទាល់ខ្លួនយ៉ាងហោចណាស់ 1រឿង ដើម្បីឱ្យគេទទួលស្គាល់ និងពឹងពាក់បាន។ ជាឧទាហរណ៍ មានបុគ្គលិកពូកែមួយចំនួនគាត់មិនខ្លាំងទាំងអស់គ្រប់មុខនោះទេ តែគាត់ខំខ្លាំងផ្នែកបច្ចេកវិទ្យា ដែលគ្រប់គ្នាចាប់តាំងពីមុខតំណែងតូចរហូតដល់អគ្គនាយក ពេលត្រូវការជំនួយផ្នែកបច្ចេកវិទ្យាត្រូវតែនឹកឃើញដល់គាត់។ ហេតុនេះការចាប់យកអត្តសញ្ញាណ ឬភាពខ្លាំងផ្ទាល់ខ្លួនអាចធ្វើឱ្យយើងក្លាយជាមនុស្សដែលគេត្រូវការគ្រប់កាលៈទេសៈ ហើយថែមទាំងអាចជាឱកាសក្នុងការអភិវឌ្ឍបានយ៉ាងល្អទៀតផង។
លោក ប៉ិច បូឡែន បាននិយាយថា៖ “ប្រសិនបើយើងកំពុងធ្វើការងារក្នុងឋានៈតួនាទីណាមួយដែលមានគ្នា10នាក់ យើងគួរតែដឹងខ្លួនឯងឱ្យច្បាស់ថា យើងមានចំណុចល្អប្លែកអ្វីខ្លះខុសពីអ្នកដទៃដែលកំពុងធ្វើការងារក្នុងលំដាប់ដូចគ្នានេះ។ ហើយប្រសិនបើ ប្រធានស្ថាប័នចង់ទាញយើងឡើងទៅកាន់តំណែងប្រសើរជាងនេះ តើយើងមានចំណុចឆ្នើមអ្វីដែលធ្វើឱ្យគេនឹកឃើញយើងមិនអាចខ្វះបាន”។
លោកបានបន្ថែមទៀតថា មនុស្សគ្រប់គ្នា មិនថាកំពុងធ្វើការងារក្នុងស្ថាប័នរដ្ឋ ឬឯកជននោះទេ គួរចាប់ផ្តើមស្វែងរកចំណុចឆ្នើម ឬលក្ខណៈពិសេសផ្ទាល់ខ្លួនមួយដើម្បីជាអត្តសញ្ញាណរបស់ខ្លួនឯង និងជាចំណុចដែលធ្វើឱ្យយើងអភិវឌ្ឍបានលឿននៅក្នុងស្ថាប័ន។ នៅពេលដែលយើងដឹងពីចំណុចខ្លាំងបំផុតរបស់យើងមួយច្បាស់ហើយ នោះយើងនឹងងាយស្រួលក្នុងការបន្តអភិវឌ្ឍសមត្ថភាពពិសេសនេះ ជាមួយនឹងចំណេះ ជំនាញ និងបុគ្គលិកលក្ខណៈឱ្យបានល្អបន្ថែមទៀត។ ការអភិវឌ្ឍចំណុចខ្លាំងនៃអត្តសញ្ញាណនេះក៏ចាំបាច់ឱ្យស្របនឹងគោលដៅជីវិតរបស់យើងផងដែរ ទើបអាចធានាថា ការរីកចម្រើននៃជីវិតរបស់យើងនេះនឹងកើតមានយូរអង្វែងប្រកបដោយនិរន្តរភាពថែមទៀតផង។ ការគិតពីចំណុចនេះនឹងធ្វើឱ្យយើងមើលឃើញផ្លូវដ៏សំខាន់សម្រាប់ភាពថ្កុំថ្កើងដោយមិនបាច់រវល់គិតច្រើនពីការប្រកួតប្រជែងជាមួយអ្នកដទៃទេ តែត្រូវយកថាមពលទាំងអស់នោះមកអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យបានជាប់ជាប្រចាំ។
លោក ពេជ្រ ពិសាល សហស្ថាបនិក Daily Plus បានលើកឡើងថា អត្តសញ្ញាណផ្ទាល់ខ្លួនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះការធ្វើការងារក្នុងក្រុមការងារមួយចាំបាច់ត្រូវការអ្នកខ្លាំងលើផ្នែកផ្សេងៗគ្នាដើម្បីបូកបញ្ចូលគ្នាឱ្យសម្រេចជោគជ័យ។ ការយកតែអ្នកណាម្នាក់ដែលចេះសព្វគ្រប់មកធ្វើការងារទាំងអស់តែម្នាក់ឯង មិនហៅថាក្រុមការងារនោះទេ ហេតុនេះប្រសិនបើយើងត្រូវបានគេទទួលស្គាល់ថា យើងមានចំណុចខ្លាំងណាដែលជាអត្តសញ្ញាណហើយនោះ យើងនឹងក្លាយជាមនុស្សដែលមានតម្លៃគ្រប់ពេល បើទោះបីជាយើងស្ថិតក្នុងតំណែងណាក៏ដោយ ព្រោះភាពខ្លាំងរបស់យើងជាកម្លាំងមួយក្នុងចំណោមភាពខ្លាំងរបស់សមាជិកដទៃផ្សេងទៀតដែលនាំឱ្យស្ថាប័នទៅមុខបានល្អ។
លោក ពេជ្រ ពិសាល បាននិយាយថា៖ “មនុស្សម្នាក់ៗសុទ្ធតែកើតមកជាមួយនឹងភាពខ្លាំងរៀងៗខ្លួន គ្រាន់តែមនុស្សជាច្រើនមិនបានផ្តោតការយកចិត្តទុកដាក់សម្រួចចំណុចសក្តានុពលនេះ ហើយបណ្តោយវាក្លាយជាចំណុចសាមញ្ញៗ ឬចេះស្ទើរៗលើគ្រប់មុខ”។
លោក ពិសាល បានបន្ថែមទៀតថា អ្វីដែលយើងអាចធ្វើបាន គឺព្យាយាមស្វែងយល់បន្តិចម្តងៗនៅពេលដែលយើងកំពុងធ្វើការងារថាតើអ្វីជាចំណុចដែលយើងអាចផ្តោតបាន ហើយចំណុចណាជាសក្តានុពលពីកំណើតដែលយើងមានខុសពីគេ ហើយគេអត់យើងមិនបាន។ ខ្មែរយើងតែងនិយាយថា អ្នកចេះដប់មិនស្មើអ្នកប្រសប់មួយ មានន័យថា ចំណេះទូទៅចេះមួយរយជំពូកក៏នៅតែអាចចាញ់អ្នកច្បាស់លាស់តែម្នាក់ដែរ ប្រសិនបើអ្នកពូកែរឿងទូទៅនោះគ្មានអត្តសញ្ញាណច្បាស់លាស់ដែលអាចយកទៅប្រើការបាន។ ការផ្តោតលើចំណុចខ្លាំងតែមួយនេះ អាចធ្វើឱ្យយើងចំណេញទាំងពេលវេលា និងថាមពលដើម្បីធ្វើការអភិវឌ្ឍបានយ៉ាងល្អ និងលឿន៕