ក្មេងតូចៗជាវ័យរពឹសបំផុត ព្រោះវ័យនេះជាវ័យដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី។ ជាធម្មតា ប្រសិនបើយើងទម្លាប់ក្មេងឱ្យចូលចិត្តអ្វី នោះផ្នត់គំនិត រួមទាំងឥរិយាបថរបស់ក្មេងតូចៗនឹងបត់ទៅតាមនោះដែរ។
កន្លងមក បញ្ហាប្រឈមដែលកំពុងកើតឡើងលើពិភពលោក ជាពិសេសអាណាព្យាបាលនៅកម្ពុជា គឺអាណាព្យាបាលបានបណ្តោយឱ្យក្មេងតូចៗប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដើម្បីបញ្ឈប់ភាពគួរឱ្យរំខានរបស់ពួកគេនៅក្នុងផ្ទះ ឬនៅកន្លែងប្រកបអាជីវកម្មជាដើម។ ការធ្វើបែបនេះ ត្រូវបានគេមើលឃើញថា បានបង្កើតផលប៉ះពាល់អវិជ្ជមានជាច្រើន ដែលមកដល់ពេលនេះ វាបានបង្ហាញផលប៉ះពាល់ជាបណ្តើរៗហើយចំពោះគ្រួសារមួយចំនួន ដូចជាកូនមិនសូវនិយាយស្តី ឆាប់ខឹង មួម៉ៅច្រើន ឬក្លាយជាមនុស្សញៀនជាមួយនឹងបច្ចេកវិទ្យាជាដើម។ ក្រៅពីនេះ ផលប៉ះពាល់ចំពោះរាងកាយក៏កើតមានច្រើនផងដែរ ដូចជាបញ្ហាភ្នែក និងបញ្ហាប្រព័ន្ធភាពស៊ាំនឹងជំងឺក៏ថយចុះ ដោយសារពួកគេមិនសូវបញ្ចេញសកម្មភាពច្រើន ព្រោះពួកគេចំណាយពេលច្រើនពេកនៅមុខអេក្រង់ទូរស័ព្ទ។
ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តបានមានសង្ឃដីកាថា កុំឃាត់ក្មេងមិនឱ្យលេង ទៅមិនរួចទេ! ព្រោះក្មេងជាវ័យដែលត្រូវលេង តែអ្វីដែលយើងអាចធ្វើបានគឺបញ្ចៀសក្មេងកុំឱ្យលេងឧបករណ៍អេឡិចត្រូនិក តាមរយៈការកំណត់វិន័យ រួមទាំងការបង្វែរក្មេងឱ្យមានសកម្មភាពជាវិជ្ជមានផ្សេងៗទៀត។ មិនថាតែក្មេងទេដែលអាចរងផលប៉ះពាល់ តាមពិតទៅទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកក៏ប៉ះពាល់ខ្លាំងផងដែរដល់មនុស្សធំតាមរយៈ Notification ដែលតែងតែលោត និងធ្វើឱ្យយើងចង់តាមដានជាប់ជានិច្ច។ ចំណុចនេះអាចធ្វើឱ្យយើងទាំងអស់គ្នាមានបញ្ហាផ្លូវចិត្ត ដោយសារតែហត់នឿយ និងជក់ខ្លាំងពេកជាមួយនឹងកម្មវិធីដែលកំពុងទាក់-ទាញឱ្យយើងប្រើប្រាស់ដោយគ្មានពេលទំនេរនេះ។ ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា៖“គ្រួសារនីមួយៗគួរមានទម្លាប់ និងវិន័យមួយចំនួនចំពោះការរឹតត្បិតការលេងឧបករណ៍អេឡិចត្រូនិក ជាពិសេសទូរស័ព្ទ នៅក្នុងពេលវេលាសំខាន់ៗ ដូចជានៅតុបាយជុំគ្នាហាមដាច់ខាតមិនឱ្យលេងទូរស័ព្ទ”។
សម្រាប់ក្មេងតូចៗ ព្រះតេជគុណបានបញ្ជាក់ថា ព្រះតេជគុណមានក្មួយតូចដែលជក់ខ្លាំងជាមួយទូរស័ព្ទ ហើយមិនខ្លាចអ្នកណាទាំងអស់។ ក្រោយមកជីដូនរបស់គាត់បានដកឧបករណ៍អេឡិចត្រូនិកទាំងអស់មិនឱ្យលេង។ ជាលទ្ធផល ដំបូងឡើយគាត់មិនសប្បាយចិត្តខ្លាំង តែក្រោយពេលស្ងាត់មួយរយៈគាត់ចាប់ផ្តើមលេង និងសកម្មដូចក្មេងទូទៅ ព្រោះធម្មជាតិរបស់ក្មេងទាំងអស់ចូលចិត្តលេងច្រើន។ ចំពោះអាណាព្យាបាល គួរព្យាយាមផ្តាច់កូនពីឧបករណ៍អេឡិចត្រូនិក ហើយស្វែងរកវិធីសាស្រ្តក្នុងការបង្កើតសកម្មភាពបែបណាដែលមានភាពទាក់ទាញ និងសប្បាយជាងការលេងទូរស័ព្ទ ដើម្បីឱ្យក្មេងរីករាយជាមួយនឹងអ្វីដែលជារឿងវិជ្ជមានសម្រាប់ជីវិតរបស់ពួកគេ។
បច្ចុប្បន្ននេះ ដោយមើលឃើញពីគុណវិបត្តិកាន់តែច្រើនលើឧបករណ៍អេឡិចត្រូនិក អាណាព្យាបាលបានផ្លាស់ប្តូរផ្នត់គំនិតដែលគិតថា ក្មេងតូចៗចេះលេងទូរស័ព្ទជាក្មេងឆ្លាតវៃ និងដឹងរឿងច្រើន មកគិតថា វាអាចជាឧបករណ៍ដ៏គ្រោះថ្នាក់ ប្រសិនបើពួកគាត់គ្រប់គ្រងការលេងរបស់កូនមិនបានល្អ។ ហើយផលប៉ះពាល់អវិជ្ជមាននៃការលេងទូរស័ព្ទនេះ នឹងធ្វើឱ្យអាណាព្យាបាលស្តាយក្រោយនៅថ្ងៃខាងមុខ។ ហេតុនេះហើយ ទើបអាណាព្យាបាលមួយចំនួនចាប់ផ្តើមភ្ញាក់ខ្លួន និងព្យាយាមចំណាយពេលកាន់តែច្រើនដោយការដកខ្លួនពីការលេងឧបករណ៍អេឡិចត្រូនិកមកនៅជាមួយកូនៗដើម្បីជាគំរូ និងដើម្បីបង្ហាញពីការគិតគូរដល់អនាគតរបស់កូនតូចៗ៕