Skip to content

គន្លឹះ​នៃ​ការ​ចម្អិន​អាហារ “បន្លែ” ឱ្យ​រក្សា បាន​សារធាតុ​អាហារ​បាន​ច្រើន​បំផុត

ការ​ចម្អិន​បន្លែ​ជា​អាហារ​នេះ​ រឿង​សំខាន់​បំផុត​គឺ​ គួរ​ប្រើ​ភ្លើង​ខ្លាំង​ និង​ចម្អិន​យ៉ាង​ឆាប់រហ័ស​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មិន​បាត់បង់​គុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ច្រើន​។ ការ​បន្ថែម​ “ទឹកខ្មេះ​” ចូល​ទៅ​បន្តិចបន្តួច​មិន​ត្រឹមតែ​ជា​ការ​បង្កើន​រសជាតិ​របស់​ម្ហូបអាហារ​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ជា​ការ​ថែរក្សា​វីតាមីន​ C បាន​ទៀតផង​ ហើយ​ការប្រើ​ប្រាស់​ឧបករណ៍​ផ្ទះបាយ​សម្រាប់​ឆា​ ឬស្ងោរ​បន្លែ​វិញ​ ក៏​គួរ​ប្រើ​ឧបករណ៍​ពពួក​ដែក​ ដូចជា​ខ្ទះ​ដែក​ជាដើម​ ដែល​វា​នឹង​ជួយ​ឱ្យ​បាត់បង់​វីតាមីន​អស់​តិច​បំផុត​។

ការ​ស្ងោរ​
1. ព្យាយាម​ប្រើ​ទឹក​ឱ្យ​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការ​ស្ងោរ​បន្លែ​។
2. រង់ចាំ​ឱ្យ​ទឹកពុះ​ខ្លាំង​ សឹម​ដាក់​បន្លែ​ចូល​ទៅ​ និង​មិន​គួរ​ទុក​ឱ្យ​ទឹកពុះ​ ឬរម្ងាស់​យូរ​ឡើយ​។
3. បិទ​គម្របឆ្នាំង​គ្រប់ពេល​ ដើម្បី​ឱ្យ​ទឹក​ឆាប់​ពុះ​ និង​បន្លែ​ឆាប់​ឆ្អិន​។
4. បន្លែ​ពណ៌បៃតង​ ចូរ​ស្រុស​ ឬដាក់​ចូល​នៅ​ពេល​ទឹកពុះ​ រួច​រង់ចាំ​ឱ្យ​ទឹកពុះ​ម្ដងទៀត​ ទើប​ដួស​ឡើង​តែម្ដង​។
5. បើជា​បន្លែ​មើម​វិញ​ គួរ​ដាំទឹក​ឱ្យ​ពុះ​ រួច​បន្ថយ​ភ្លើង​បន្តិច​ ហើយ​យក​បន្លែ​ដែល​ត្រៀម​រួចជាស្រេច​ដាក់​ចូល​ទៅ​ទាំងមូល​ ឬហាន់​ជា​ដុំ​ៗក៏បាន​។
6. បើ​បន្លែ​ដែល​យើង​ត្រូវការ​ស្ងោរ​ ឬស្រុស​មាន​បរិមាណ​ច្រើន​ ចូរ​បែង​ជា​ចំ​ណែ​កៗ​ មិន​គួរ​យក​ទៅ​ដាក់​ស្ងោរ​ ឬស្រុស​ដំណាល​គ្នា​ច្រើន​ៗទេ​ ព្រោះ​បើ​មាន​បរិមាណ​ច្រើនជ្រុល​ពេក​ នឹង​ត្រូវ​ប្រើ​ពេលវេលា​យូរ​ ហើយនឹង​ធ្វើ​ឱ្យ​បាត់បង់​គុណ​តម្លៃ​នៃ​សារធាតុ​អាហារ​អស់​ច្រើន​ទៀតផង​។

ការ​ឆា​
1. ត្រៀម​គ្រឿងផ្សំ​គ្រប់យ៉ាង​ឱ្យ​រួចជាស្រេច​ ដោយសារតែ​បន្លែ​ដែល​ដាក់​ឆា​នៅក្នុង​ខ្ទះ​រឹតតែ​យូរ​ រឹតតែ​បាត់បង់​គុណ​តម្លៃ​នៃ​សារធាតុ​អាហារ​ និង​ភាព​ស្រួយ​ឆ្ងាញ់​ប៉ុន​នោះ​ដែរ​។
2. ធ្វើ​ឱ្យ​បន្លែ​ស្ងួត​ ឬស្រស់ទឹក​ឱ្យ​បាន​ច្រើ​នបំ​ផុត​ ព្រោះ​បើ​នៅ​មាន​ទឹក​នៅ​ជាប់​លើ​បន្លែ​ច្រើន​(ជាពិសេស​បន្លែ​ស្លឹក​)រឹតតែ​ធ្វើ​ឱ្យ​ប្រើ​រយៈពេល​នៃ​ការ​ឆា​យូរ​ឡើង​ ថែមទាំង​បាត់បង់​គុណ​តម្លៃ​នៃ​សារធាតុ​អាហារ​ និង​ភាព​ឆ្ងាញ់​អស់​ទៀតផង​។
3. មុន​ចាប់ផ្ដើម​ឆា​ គួរ​ដាក់​ខ្ទះ​នៅ​លើ​ភ្លើង​ឱ្យ​ក្ដៅ​សព្វ​ជាមុន​សិន​។
4. ធ្វើការ​ញែក​បំបែក​ ឬដាក់​ផ្នែក​ណា​របស់​បន្លែ​ដែល​ក្រ​ឆ្អិន​ចូល​ឆា​មុនគេ​ ដូចជា​ មែក​បន្លែ​ និង​ដើម​ រួច​សឹម​ដាក់​ស្លឹក​ចូល​ទៅ​ ដាក់គ្រឿង​ឆាប់​ៗ និង​ឆ្អិន​ហើយ​ប្រញាប់​ដួស​ឡើង​ពី​ខ្ទះ​ ហើយ​ប្រញាប់​ទទួលទាន​ភ្លាម​។

ការ​រម្ងាស់​ឱ្យ​ផុយ​
1. ហាន់​បន្លែ​ទំហំ​ធំល្មម​ មិនធំ​ជ្រុល​ពេក​ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​ក្រ​ឆ្អិន​។
2. ដាក់​បន្លែ​ស្លឹក​ចូល​ទៅ​ក្រោយគេ​ ព្រោះ​វា​ឆាប់​ផុយ​។
3. បិទ​គម្របឆ្នាំង​ឱ្យ​ជិត​។

ការ​ចំហុយ​
1. ត្រូវ​ដាំទឹក​ឱ្យ​ពុះ​ជាមុន​សិន​ រួច​សឹម​ដាក់​បន្លែ​ដែល​ត្រូវការ​ចំហុយ​ចូល​ទៅ​ ដើម្បី​កុំឱ្យ​បន្លែ​ប៉ះ​នឹង​កម្ដៅ​យូរ​ជ្រុល​ពេក​។
2. បិទ​គម្របឆ្នាំង​ឱ្យ​ជិត​ ការពារ​កុំឱ្យ​ចំហាយ​ទឹក​ភាយ​ចេញ​មក​ក្រៅ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​កម្ដៅ​នៅ​ខាងក្នុង​ និង​ធ្វើ​ឱ្យ​អាហារ​ក្រ​ឆ្អិន​៕

Leave a Reply

Your email address will not be published. Required fields are marked *