កាលពីរសៀលថ្ងៃម្សិលមិញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តបរទេសនៅកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីសិក្ខាសាលាមួយស្ដីអំពីការតាក់តែងនិពន្ធសិល្បៈ និងអារម្មណ៍របស់ភាពយន្ដនៅវិទ្យាស្ថានបារាំងក្នុងសាលាភាពយន្ដដែលវគ្គបណ្ដុះបណ្ដាលលើកទី2នេះ មានយុវវ័យជាផលិតករវ័យក្មេងដែលមានចំណាប់អារម្មណ៍និង ស្រឡាញ់វិស័យផលិតខ្សែភាពយន្ដចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ៅ អាយុទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកថតខ្សែភាពយន្ដខ្នាតធំរបស់ប្រទេសកម្ពុជា ជារឿងប្រវត្តិសាស្ត្រ គឺរឿង “ហ្លួងព្រះស្ដេចកន” នោះបានផ្ដល់កិត្តិយសធ្វើជាវាគ្មិនពិសេសក្នុងការចែករំលែកបទពិសោធនៃការសរសេរសេណារីយ៉ូ និងអារម្មណ៍នៃការតាក់តែងនិពន្ធអត្ថបទភាពយន្ដ។ លោកបានថ្លែងថា “កុនមានរយៈពេលជាង 2ម៉ោង ដូច្នេះយើងត្រូវគិតថា ក្នុងរយៈពេល1 ទៅ 2 នាទី និងរាល់នាទីទាំងអស់ដែលយើងបានបែងចែកនោះ តើយើងមានអ្វីឱ្យគេទស្សនានេះជាអ្វីដែលយើងត្រូវគិតមុនពេលធ្វើកុន”។
ជុំវិញបទពិសោធក្នុងការសរសេរកុន លោកបានបញ្ជាក់ទៀតថា “ការសរសរអត្ថបទភាពយន្ដត្រូវបានបែកចែកជា 6 ចំណុចធំៗគឺ អក្សរសិល្ប៍ ទិដ្ឋភាព នាដកម្មភ្លេងប្រកប និងចម្រៀងទើបសម្រេចបានចំណុចទី7 គឺជាភាពយន្ដហ្នឹងហើយ”។ មិនតែប៉ុណ្ណោះលោកបានរៀបរាប់ពីបទពិសោធជាច្រើនទៀតក្នុងការផលិតភាពយន្តខ្នាតធំរឿង “ហ្លួងព្រះស្ដេចកន” ដែលបានឆ្លងកាត់បទពិសោធលំបាកៗជាច្រើន ជាពិសេសការគ្រប់គ្រងសត្វ និងបញ្ជាសត្វសេះ ដែលលោកហៅថា សេះសម្លព្រោះត្រូវការបង្វឹកឱ្យសត្វទាំងនេះស៊ាំជាមួយតារាសម្ដែង អាវុធ និងសម្លៀកបំពាក់គឺប្រើប្រាស់រយៈពេលយូរ ។
ពាក់ព័ន្ធជាមួយបញ្ហាដែលបានចោទសួរថាមានការសហការថតរឿងប្រវត្តិសាស្ដ្រនេះជាមួយប្រទេសថៃឬទេនោះ លោកបានថ្លែងថា “ធ្លាប់បានពិភាក្សា និងពឹងថៃឱ្យជួយថតដែរ តែវាពិបាកជាងទៅសុំភ្លើងយក្សទៅទៀតទើបមិនចង់ពឹងថៃសោះ ព្រោះសមត្ថភាពយើងមានដែរ ខ្លាចអ្វីនឹងធ្វើ”។ ជាចុងក្រោយឯកឧត្តមបានបញ្ជាក់ទៀតថា លោកជាអ្នកស្រឡាញ់ការផលិតភាពយន្ដសូម្បីគ្រប់ទង្វើ និងកាយវិការដែលលោកធ្វើ គឺគិតពីប្លង់របស់ភាពយន្ដគ្រប់ពេលហើយលោកបានសិក្សាជំនាញនេះ មុនពេលសម័យខ្មែរក្រហមចូលមកទៅទៀតព្រមទាំងបានសរសេរនិក្ខេបបទពីភាពយន្ដឱ្យសាស្ត្រាចារ្យបារាំងទៀតផង៕