កាលពីយប់ម្សិលមិញ សម្រាប់ការប្រកួតរវាងក្លិបក្រសួងការពារជាតិជាមួយនឹងក្លិបភ្នំពេញក្រោននៅកីឡដ្ឋានស្តាតចាស់ និងក្លិបវិសាខាប្រកួតជាមួយនឹងក្លិបព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋានវិសាខា ត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចលើកពេលវេលាប្រកួត ដោយសារតែបញ្ហាអាកាសធាតុ។
ការប្រកួតលីកកំពូលកម្ពុជាប្រចាំសប្តាហ៍ទី23 កាលពីម្សិលមិញនៅកីឡដ្ឋានចំនួន2 គឺស្តាតចាស់ និងវិសាខា បានចាប់ផ្តើមប្រកួតបានប្រហែលជា 15នាទីក៏ស្រាប់តែត្រូវបានរំខានដោយភ្លៀងធ្លាក់ខ្លាំង ទើបនៅទីបំផុត គណៈកម្មការរៀបចំការប្រកួតសម្រេចលើកការប្រកួតមកថ្ងៃច័ន្ទនេះវិញ ដោយធ្វើឡើងក្នុងពេលវេលាដដែល។
គួររំឭកដែរថា ការប្រកួតរវាងក្រុមវិសាខាជាមួយនឹងក្រុមព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋានវិសាខា ត្រូវបានគេចាត់ទុកថាជាប្រកួតដែលសំខាន់បំផុត ជាការប្រកួតដែលនឹងកំណត់ថា ក្រុមណាជាម្ចាស់ជើងឯកលីកកំពូលរបស់កម្ពុជាប្រចាំឆ្នាំនេះ៕