យោងតាមរបាយការណ៍របស់ក្រុមអ្នកជំនាញស្រាវជ្រាវរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យVTrust Appraisal ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា នៅក្នុងចំណោមខណ្ឌទាំង14 នៅរាជធានីភ្នំពេញ មានខណ្ឌចំនួន7 បាននិងកំពុងមានសកម្មភាពមមាញឹកក្នុងការសាងសង់សំណង់លំនៅឋាន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការដែលនឹងធ្វើឱ្យកើនឡើងរហូតដល់ជិតកន្លះលានខ្នងនៅឆ្នាំ2030។
ឯកសារដែលមានចំណងជើងថា “ភ្នំពេញឆ្នាំ2030” បានបង្ហាញថា លំនៅឋានដែលបាន និងកំពុងសាងសង់នឹងកើនឡើង 3ដងក្នុងរយៈពេល 13ឆ្នាំខាងមុខ។ ក្រុមហ៊ុនវាយតម្លៃខាងលើបានអះអាងថាបច្ចុប្បន្នចំនួនលំនៅឋានសរុបមានចំនួន 150,000ខ្នង ប៉ុន្តែនឹងកើនឡើងដល់ 450,000 នៅឆ្នាំ2030។
របាយការណ៍ដដែលបានបង្ហាញទៀតថា ខណ្ឌទាំង7 ដែលបានជាប់ក្នុងកំណត់ត្រាក្នុងការផ្គត់ផ្គង់លំនៅឋានយ៉ាងសកម្ម ដែលជំរុញឱ្យមានកំណើនលំនៅឋានថ្មីៗនៅក្នុងរាជធានីភ្នំពេញនោះ រួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌមាន ជ័យ និងខណ្ឌជ្រោយចង្វារ។
ក្នុងចំណោមខណ្ឌទាំងនេះ ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នមានការផ្គត់ផ្គង់ធំជាងគេ ដែលមានផ្ទះជិត 50,000ខ្នង។ ខណ្ឌសែនសុខ និងខណ្ឌដង្កោ មានត្រឹមតែប្រមាណជាង 2ម៉ឺនខ្នងប៉ុណ្ណោះ តែទោះយ៉ាងណាក្ដី របាយការណ៍របស់ វីត្រាស់ បានព្យាករថា មានការរីកចម្រើនយ៉ាងខ្លាំងនៅខណ្ឌដង្កោ ដែលការព្យាករនេះបានអះអាងថា នឹងមានផ្ទះជិត 100,000ខ្នងនៅឆ្នាំ2030។
របាយការណ៍របស់ VTrust នេះបានរំពឹងថា ជាមធ្យម ការផ្គត់ផ្គង់លំនៅឋានបានកើនដល់25,000ខ្នងក្នុង 1ឆ្នាំ និងមានអត្រាកំណើន 9%នៃការផ្គត់ផ្គង់លំនៅឋាន ដោយសារកំណើនប្រជាសាស្ត្រ និងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានភាពល្អប្រសើរ។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ V-Trust Appraisal ដែលជាអ្នកនិពន្ធរបាយការណ៍ “ភ្នំពេញឆ្នាំ2030” បានលើកឡើងថា រាជធានីភ្នំពេញបានមើលឃើញកំណើនប្រជាជនប្រមាណ 4%ពីមួយឆ្នាំទៅមួយឆ្នាំ នៅពេលដែលប្រជាជនកាន់តែស្វែងរកឱកាសនៅក្នុងទីក្រុង ហើយប្រជាជនទាំងអស់នេះជាអ្នកចំណូលថ្មីមកពីតាមបណ្តាខេត្តផ្សេងៗ
នៅក្នុងប្រទេស ជាពិសេសខេត្តនៅជាប់ភ្នំពេញ។លោកបានបន្ថែមទៀតថា៖“ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននៅក្នុងទីក្រុង និងការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍ចូលមកថ្មីៗ ដែលមកពីតំបន់ផ្សេងៗនៃប្រទេស ដើម្បីមកតាំងទីលំនៅក្នុងទីក្រុង នឹងជំរុញតម្រូវការផ្ទះកាន់តែច្រើននៅទីក្រុងភ្នំពេញ”។
លោក សីហា បានមានប្រសាសន៍ថា៖“ដូច្នេះកំណើននៃចំនួនប្រជាសាស្ត្រទាំងនេះ គឺតម្រូវឱ្យមានការផ្គត់ផ្គង់លំនៅឋានជាចាំបាច់ ខណៈដែលការផ្តល់កម្ចីទិញផ្ទះពីធនាគារឯកជនក៏ កាន់តែមានលក្ខខណ្ឌងាយស្រួលដោយការបង់រំលស់ ផ្តល់ឱកាសដល់ប្រជាជនសម្រាប់វិស័យលំនៅឋានដែលបានជំរុញឱ្យមានលទ្ធភាពអាចទិញផ្ទះបាន ហើយកត្តានេះបានជំរុញកំណើនការសាងសង់ និងផ្គត់ផ្គង់បន្តទៀត”។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) ត្រូវបានគេស្រង់សម្តីថា៖“មានការព្រួយបារម្ភនៅក្នុងចំណែកទីផ្សារលំនៅឋានដែលមានតម្លៃសមរម្យ។ព្រោះតម្រូវការកាន់តែច្រើនឡើងៗសម្រាប់កម្មសិទ្ធិលើអចលនទ្រព្យ បានជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។
លោកជូបានអះអាងថា បច្ចុប្បន្នតម្លៃដីធ្លីកំពុងកើនឡើងចន្លោះពី 7-10%ក្នុង 1ឆ្នាំអាស្រ័យលើទីតាំង។ ប្រទេសកម្ពុជាអាចនឹងប្រឈមនឹងវិបត្តិលំនៅឋាននាពេលអនាគត ជាពិសេសក្នុងចំណោមប្រជាជនដែលមានប្រាក់ចំណូលទាប។
លោក ង៉ែត ជូ បានថ្លែងថា ៖“ទោះជាយ៉ាងណា ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មិនឆ្លើយតបនឹងកម្រិតជីវភាពរបស់កម្មករទេ ព្រោះផ្ទះមួយខ្នងត្រូវចំណាយប្រាក់យ៉ាងតិច 25,000ដុល្លារ។ វិបត្តិនេះបានកើតឡើងរួចហើយនៅក្រុងហុងកុង ដូច្នេះកម្ពុជាគួរតែរៀន និងត្រៀមខ្លួនជាមុន។ បើនិយាយពីអត្រាតម្លៃដីធ្លីនៅកម្ពុជា នៅតែទាបបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត”។
លោកបានលើកឡើងដោយយកទិន្នន័យរបស់Global Property Guide ដែលថា តម្លៃដីធ្លីជាមធ្យមនៅទីក្រុងក្នុងប្រទេសកម្ពុជា មានតម្លៃប្រមាណ 2,900ដុល្លារក្នុង 1ម៉ែត្រការ៉េ។ នៅប្រទេសថៃមានតម្លៃ 3,90០ដុល្លារ នៅប្រទេសឥណ្ឌាមានតម្លៃ 10,90០ដុល្លារ នៅប្រទេសចិនមានតម្លៃ 11,800ដុល្លារ នៅសិង្ហបុរីមានតម្លៃ 13,700ដុល្លារ និងនៅក្រុងហុងកុងមានតម្លៃ 28,500ដុល្លារក្នុង1ម៉ែត្រការ៉េ៕