
រោគប្រតិកម្មចាញ់អាកាសធាតុនេះ អាចមានមនុស្សជាច្រើនគិតថា វាត្រឹមតែជារោគស្រាលៗ គ្រាន់តែចៀសវាងមិនឱ្យត្រូវលម្អងភ្លៀងក៏ប្រហែលជាមិនឈឺបាត់ទៅហើយ។ តើវាជាការងាយស្រួលដល់ថ្នាក់ហ្នឹងមែនទេ?ប្រសិនបើមានអាការក្អក ហូរទឹកសំបោរ រលាកច្រមុះ រមាស់បំពង់ក និងក្អកស្ងួតអស់រយៈពេលពី1-2ខែ នោះអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកមូលហេតុនៃជំងឺពិតប្រាកដ។
អាចដែលទេ អ្នកកំពុងតែកើតជំងឺប្រតិកម្មចាញ់អាកាសធាតុ ? ដើម្បីឱ្យជាក់ច្បាស់អ្នកត្រូវតែទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ មិនដូច្នេះទេវាអាចបណ្ដាលឱ្យសុខភាពអ្នកកាន់តែទ្រុតទ្រោម ហើយចំណាយថវិកាក្នុងការព្យាបាលកាន់តែច្រើនថែមទៀត។ “រោគប្រតិកម្មចាញ់អាកាសធាតុ” បើមិនព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវទេ ក៏បណ្ដាលឱ្យកើតរោគជំងឺផ្សេងទៀតដូចជា ជំងឺរលាកភ្នាសរន្ធច្រមុះរាំរ៉ៃ ឬកើតឫសដូងច្រមុះជាដើម។ ជំងឺទាំងអស់នេះចាំបាច់ត្រូវការវះកាត់ដើម្បីព្យាបាល និងអាចធ្វើឱ្យអ្នកឈឺចុកចាប់នៅពេលក្រោយផងដែរ។ អ្នកក៏កាន់តែខាតបង់ពេលវេលា និងប្រាក់កាសក្នុងការព្យាបាលជំងឺទាំងនោះ ប្រសិនបើអ្នកប្រកាន់ភ្ជាប់នូវទង្វើធ្វេសប្រហែសចំពោះសុខភាព។ ដូច្នេះហើយ នៅក្នុងថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន សូមណែនាំអំពីវិធីទាំង7យ៉ាងក្នុងការការពារខ្លួនឱ្យរួចផុតពីជំងឺប្រតិកម្មចាញ់នេះ។
1. ចៀសវាងវត្ថុងាយប្រតិកម្ម
ការប្រយ័ត្នមិនប៉ះពាល់វត្ថុដែលធ្វើឱ្យងាយប្រតិកម្ម គឺជាវិធីដែលល្អបំផុត និងជួយដាស់ស្មារតីអ្នកឱ្យប្រុងប្រៀបខ្លួនដូចគ្នា។ អ្វីដែលអ្នកត្រូវប្រយ័ត្នរួមមាន ធូលី វត្ថុកខ្វក់ លម្អងទឹកភ្លៀង និងវត្ថុនៅក្នុងផ្ទះដែលមានធូលីកាន់ជាប់មិនបានសម្អាត។ មួយវិញទៀត អ្នកត្រូវតែធ្វើការសម្អាតក្នុងផ្ទះឱ្យបានស្អាតដូចជា កន្លែងអង្គុយលេង បន្ទប់គេង កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ ឬកន្លែងឃ្លាំងឥវ៉ាន់ និងសម្ភារមិនប្រើប្រាស់ជាដើម។ ចំពោះបន្ទប់គេង អ្នកត្រូវបើកបង្អួចឱ្យមានពន្លឺគ្រប់គ្រាន់ ជាពិសេសធ្វើការសម្អាតផ្លាស់ប្ដូរស្រោមខ្នើយ ភួយ និងពូក 2ដងក្នុងមួយសប្ដាហ៍យ៉ាងហោចណាស់។

2. ចៀសវាងពីសារធាតុឈួល
ទឹកអប់មានក្លិនខ្លាំង ស្រៃ្បយ៍បាញ់ខ្លួន ផ្សែងធូប ផ្សែងបារី និងផ្សែងរថយន្ដជាដើម ជាសារធាតុដែលមានក្លិនឈួលងាយធ្វើឱ្យរលាកភ្នាស់រន្ធច្រមុះ។ អ្នកគួរតែចៀសវាងយ៉ាងដាច់ខាតពីក្លិនផ្សែងទាំងអស់នេះ ហើយព្រមទាំងចៀសវាងពីកន្លែងណាដែលងាយផ្លាស់ប្ដូរសីតុណ្ហភាពដូចជា បន្ទប់ម៉ាស៊ីត្រជាក់ ឬបន្ទប់ស្ទីម ដែលកាន់តែធ្វើឱ្យរោគជំងឺកម្រើកខ្លាំងឡើង។ ប្រសិនបើអ្នកដើរកាត់កន្លែងដែលមានសីតុណ្ហភាពក្ដៅខ្លាំង នោះអ្នកគប្បីរកកន្លែងត្រជាក់ឈប់មួយសន្ទុះសិន ហើយត្រូវប្រើម៉ាសខ្ទប់ច្រមុះ ដើម្បីការពារការឈួលកម្ដៅ ជាហេតុធ្វើឱ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរ។
3. ហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ គឺដើម្បីបន្ថយការកម្រើករោគជំងឺប្រតិកម្មចាញ់អា-កាសធាតុ ព្រោះវាជាវិធីមួយដែលមានមុខងាររំញោចការលូតលាស់ប្រព័ន្ធភាពស៊ាំនៃសរីរាង្គកាយរបស់មនុស្សយើង។ មិនតែប៉ុណ្ណោះ វាបានជួយឱ្យរាងកាយមានសុខភាពរាងកាយល្អ បូករួមទាំងសុខភាពផ្លូវចិត្តល្អផងដែរ។ ការធ្វើលំហាត់ប្រាណត្រឹមត្រូវបានទៀងទាត់ និងមិនច្រើនពេក មិនតិចពេក គឺជាការបង្កើតភាពស៊ាំដល់រាងកាយបានយ៉ាងប្រសើរ។
4. បរិភោគអាហារដែលមានប្រយោជន៍
អាហារដែលមានគុណប្រយោជន៍ ក្រៅពីល្អសម្រាប់រាងកាយហើយនោះ វាក៏បានជួយបំពេញបន្ថែមនូវប្រព័ន្ធស៊ាំការពារជំងឺប្រតិកម្មចាញ់នេះផងដែរ។ ជាពិសេសអាហារដូចជា ប្រូតេអុីន បន្លែ និងផ្លែឈើ គឺសុទ្ធតែធ្វើឱ្យសុខភាពកាន់តែរឹងមាំ។
5. ការគេងសម្រាកគ្រប់គ្រាន់
ការគេងឱ្យបានគ្រប់គ្រាន់ គឺជាឱសថដែលមនុស្សតែងតែមើលរំលង។ មនុស្សក្នុងមួយថ្ងៃៗបានប្រើថាមពលក្នុងខ្លួនដើម្បីធ្វើការងារជាច្រើន ដូច្នេះរាងកាយរបស់អ្នកក៏ត្រូវការសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។ប្រសិនបើរាងកាយហត់នឿយខ្លាំង ខ្វះការសម្រាកវាដូចជាការបើកឱកាសឱ្យជំងឺចូលមកវាយលុកក្នុងរាងកាយ និងខាតបង់ប្រាក់ចំណូល។ ដូច្នេះការគេងឱ្យបានគ្រប់គ្រាន់ មិនតិចជាង6-8 ម៉ោងក្នុងមួយថ្ងៃ គឺជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ៗ ដើម្បីប្រឆាំងទប់ទល់នឹងជំងឺ។
6. ប្រើថ្នាំតាមវេជ្ជបញ្ជា
ចំពោះអ្នកជំងឺប្រតិកម្មចាញ់អាកាសធាតុ សូមធ្វើការពិគ្រោះ និងពិនិត្យរោគជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការប្រើប្រាស់ថ្នាំបានយ៉ាងត្រឹមត្រូវ។ ចៀសវាងការទិញថ្នាំប្រើប្រាស់ដោយខ្លួនឯង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ភ្នាសច្រមុះរបស់អ្នក។ អ្នកគួរតែតមដាច់ខាតពីការប្រើថ្នាំផ្សះ ឬប្រើថ្នាំបន្ថយការឈឺចាប់។
7. ត្រូវមកពិនិត្យ និងព្យាបាលតាមការណាត់ជួបរបស់គ្រូពេទ្យ
អ្នកជំងឺដែលត្រូវការការព្យាបាលដោយការចាក់ថ្នាំ ដើម្បីជំរុញភាពប្រព័ន្ធស៊ាំឡើងវិញ គឺតម្រូវឱ្យមានការយកចិត្តទុកដាក់ និងសហការជាមួយគ្រូពេទ្យ អ្នកជំងឺត្រូវមកទទួលការចាក់ថ្នាំឱ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ នោះទើបធ្វើឱ្យការព្យាបាលមានប្រសិទ្ធភាពពិតប្រាកដ៕


