ធុញទ្រាន់នឹងរូបរាងដ៏ទ្រលុកទ្រលន់មើលមិនឃើញរាងស្វែលនេះណាស់មែនទេ? ប្រាកដណាស់សម្រាប់អ្នកដែលតែងតែនឹកគិតដល់ភាពស្រឡូនស្អាតជាប់ជានិច្ចនោះ គឺពិតជាខិតខំស្វែងរក និងសាកល្បងវិធីថ្មីៗដែលអ្នកបានដឹង។ តាមរយៈវិធីសាស្រ្តទាំង6យ៉ាងដែល ឡារ៉ែន បានផ្តល់ឱ្យនេះ ប្រហែលជាមានការពិបាកបន្តិចក្នុងការអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន ប៉ុន្តែប្រសិនបើអ្នកចង់ស្រកទម្ងន់ឱ្យបានជោគជ័យអ្នកត្រូវតែតស៊ូ ហើយបើអ្នកអាចធ្វើបាននោះ អ្នកពិតជាទទួលបានផលវិជ្ជមានជាក់ជាមិនខានឡើយ។
1. បោះបង់ចោលចំណែកខ្លះៗ : បើអ្នកធ្លាប់តែ កុម៉្មង់អាហារស្ទើរគ្រប់ប្រភេទដែលអ្នកចូលចិត្តនោះ អ្នកគួរតែប្តូរទម្លាប់នេះចោល។ មិនចាំបាច់កុម៉្មង់ Hamburger ទៀតទេ ប្រសិនបើអ្នកបានហៅ Pizza រួចទៅហើយនោះ។2. យកទៅកន្លែងធ្វើការ : យកផ្លែឈើមួយមុខ បន្តិចៗ ដាក់ក្នុងថង់ ឬក្នុងប្រអប់មួយ ហើយយកវាទៅកន្លែងធ្វើការជាមួយផង ដើម្បីទុកជាអាហារកំដរមាត់នៅពេលអ្នកមានអារម្មណ៍ថា ហេវក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើការងារ។ ទទួលទានផ្លែឈើជំនួសអាហារកញ្ចប់ផ្សេងៗ គឺមានប្រយោជន៍ច្រើនសម្រាប់សុខភាព និងសម្រស់ ជាពិសេសគឺការថែរក្សារាងឱ្យស្រស់ស្អាតនេះតែម្តង។
3. សូកូឡាមួយកែវ : នៅពេលដែលអ្នកកំពុង តែព្យាយាមកាត់បន្ថយគីឡូ អ្នកគួរតែមានម្សៅសូកូឡា សម្រាប់ឆុងញ៉ាំជាមួយទឹក។ បន្ទាប់ពីញ៉ាំរួច អ្នកនឹងមានអារម្មណ៍ថាឆ្អែត ដូច្នេះអ្នកនឹងមិនចាំបាច់រកអាហារណា ដែលមានកាឡូរីខ្ពស់មកទទួលទានទៀតឡើយ។4. ដាក់កំណត់ចំពោះអាហារ : អ្នកគួរតែមាន ប្រអប់មួយសម្រាប់ដាក់របស់ដែលអ្នកត្រូវញ៉ាំ ហើយធ្វើការកំណត់ថា អ្នកនឹងទទួលទានវាត្រឹមតែចំនួនដែលអ្នកបានរៀបចំទុកនេះតែប៉ុណ្ណោះ។
5. ឆាប់ដុសធ្មេញនៅពេលល្ងាច : អ្នកប្រហែលជាទម្លាប់ដុសធ្មេញដំណាលគ្នានឹងពេលងូតទឹកមុនពេលចូលគេង ព្រោះអ្នកដឹងច្បាស់ថា អ្នកនឹងមិនទទួលទានអ្វីទៀតទេបន្ទាប់ពីដុសសម្អាតធ្មេញរួច ប៉ុន្តែប្រសិនបើអ្នកឆាប់ធ្វើការដុសសម្អាតធ្មេញជាងមុននោះ ឱកាសនៃការចង់ញ៉ាំអាហារក៏ត្រូវបានកាត់បន្ថយកាន់តែច្រើនតាមនោះដែរ។6. ចៀសវាងភេសជ្ជៈសម្បូរកាឡូរី : ភេសជ្ជៈ ដែលផ្ទុកទៅដោយកាឡូរីខ្ពស់ដូចជា ប្រភេទទឹកផ្លែឈើ ទឹកក្រូចឆ្មារលាយស្ករ ឬភេសជ្ជៈដែលមានរសជាតិផ្អែម និងស្រាក្រហមជាដើម ជាប្រភេទភេសជ្ជៈដែលអ្នកគួរកាត់បន្ថយ ប្រសិនបើអ្នកប្រាថ្នាចង់ឃើញរូបរាងស្រឡូនស្អាតរបស់អ្នកលេចចេញមក៕