មុនពេលសម្រេចចិត្តខ្ចីប្រាក់ អ្នកគួរពិចារណាលើហេតុផល ឬការសម្រេចចិត្តបែបណា ដើម្បីឱ្យផែនការប្រើប្រាស់ប្រាក់កម្ចីបានច្បាស់លាស់ និងមានប្រសិទ្ធិភាពជៀសវាងការចំណាយឥតប្រយោជន៍។ ដូច្នេះ អ្នកគួរតែយល់ដឹងពីសំនួរ និងចម្លើយមួយចំនួននេះ៖
– តើយកប្រាក់មកប្រើប្រាស់ក្នុងគោលបំណងអ្វី?
– តើគោលបំណងនេះ វាគឺជាចំណាយសុទ្ធ ឬជាការវិនិយោគ ដើម្បីទទួលបានផលចំណេញ?
– បើវាពិតជាការចំណាយសុទ្ធមែន តើវាសាកសមក្នុងការចំណាយដែរឬទេ?
ដើម្បីឱ្យផែនការប្រើប្រាស់ប្រាក់កម្ចីបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងការជៀសវាងការចំណាយឥតប្រយោជន៍មួយចំនួននោះ អ្នកគួរពិចារណាមុនពេលសម្រេចចិត្តដូចជា៖
1. ត្រូវកំណត់គោលបំណងនៃការខ្ចីប្រាក់ឱ្យបានច្បាស់លាស់ ដើម្បីការពិចារណាពីផែនការប្រើប្រាស់ប្រាក់កម្ចីបានច្បាស់លាស់ជាមុន ពិតជាមានប្រសិទ្ធភាពជៀសវាងការចំណាយឥតប្រយោជន៍។
2. ត្រូវសិក្សាពីលទ្ធភាពបង់សងប្រាក់កម្ចីមិនមែនផ្អែកទៅលើទ្រព្យសម្បត្តិដែលខ្លួនកំពុងមាននោះទេ អ្នកត្រូវគិតពីចរន្តសាច់ប្រាក់ដែលបានមកពីប្រភពនៃចំណូលផ្សេងៗថា តើក្រោយពីទូទាត់ចំណាយនៅក្នុងគ្រួសារ តើអ្នកនៅសល់ប្រាក់គ្រប់គ្រាន់ក្នុងការបង់សងកម្ចីឬទេ។ ដូច្នេះ ត្រូវហ៊ាននិយាយថា (ទេ) ប្រសិនបើអ្នកគិតថា អ្នកគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់កម្ចីមកវិញ។
3. សិក្សាស្វែងយល់ពីស្ថាប័នដែលផ្តល់ប្រាក់កម្ចីឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអ្នកត្រូវដឹងច្បាស់ពីលក្ខខណ្ឌផ្សេងៗរបស់ស្ថាប័នដែលផ្តល់ប្រាក់កម្ចីដូចជា អត្រាការប្រាក់ លក្ខខណ្ឌបង់សង និងរយៈពេលបង់សង មុនពេលសម្រេចចិត្តជ្រើសរើសប្រើប្រាស់ប្រាក់កម្ចីពីស្ថាប័ននោះ។
4. ស្វែងរកការប្រឹក្សាយោបល់ឱ្យបានច្បាស់លាស់ ប្រសិនបើអ្នកយល់មិនច្បាស់ពីចំណុចណាមួយខាងលើនេះ អ្នកគួរសុំការប្រឹក្សាយោបល់ពីអ្នកដែលធ្លាប់មានបទពិសោធន៍ទទួលប្រាក់កម្ចីយកទៅប្រើប្រាស់ហើយរីកចម្រើន។
5. ជៀសវាងយកប្រាក់កម្ចី ដើម្បីបង្វិលដោះបំណុលផ្សេងៗ អ្នកគួរជៀសវាងខ្ចីប្រាក់ពីស្ថាប័នច្រើនក្នុងពេលតែមួយ ដើម្បីយកទៅដោះបំណុល។ ការធ្វើដូច្នេះ មិនបានជួយអ្នកឱ្យរួចផុតពីបំណុលនោះទេ តែផ្ទុយទៅវិញ កាន់តែធ្វើឱ្យអ្នកជួបបញ្ហាជាច្រើនទៅវិញ៕