ប្រភពជិតស្និទ្ធិទម្លាយថា វណ្ណា វត្តី កំពុងរយាលឆ្ងាយពីសិល្បៈនៅក្នុងពេលនេះ ដោយសារតែនាងវក់ជាមួយនឹងថៅកែៗ ដោយចំណាយពេលច្រើនតែនៅតាមខេត្ត អមដោយវត្តមានថៅកែៗ និងបុរសសេដ្ឋី។ ប្រភពដដែលបន្តទម្លាយថា នាងមិនត្រឹមតែមិនខ្វល់នឹងការងារសប្បុរសធម៌ ឬ ការងារសង្គមនោះទេ សូម្បីតែការងារសិល្បៈនានាក៏នាងស្ទើរតែលែងចង់រវល់ផងដែរ ចាប់តាំងពីនាងបានស្គាល់ថៅកែធំៗ ហើយជាប់សូរទៅណាមកណាតែជាមួយបុរសៗទ្រព្យស្ដុកទាំងនោះ។
នាងចំណាយពេលស្ទើរតែ៣០ថ្ងៃក្នុងមួយខែ ជាមួយតែថៅកែៗ ក្នុងគម្រោងដើរមើលដីធ្លីតាមខេត្តគ្មានពេលសម្រាក។ យ៉ាងណាមិញ សកម្មភាពដែលនាងកំពុងធ្វើនៅក្នុងពេលពេលនេះ មានការអះអាងថាទទួលបានចំណូលច្រើនមិនធម្មតានោះឡើយ ទើបនាងសប្បាយនឹងមុខជំនួញថ្មីនេះ រហូតលែងខ្វល់នឹងការងារសិល្បៈ។ កញ្ញា វណ្ណា វត្តី សារភាពថា នាងពិតជាមិនសូវបានគិតពីការងារសិល្បៈប្រមាណជាង២ខែចុងក្រោយ បន្ទាប់ពីនាងបានស្គាល់ដៃគូ ហើយចាប់ដៃគ្នារកស៊ីខាងនាំថៅកែខ្មែរ ចិន និងជនជាតិផ្សេងៗដើរមើលដី។
សូមជម្រាបថា មុខរបរថ្មី ដ្បិតតែធ្វើឱ្យនាងនៅខេត្តច្រើនជាងនៅភ្នំពេញ ហើយត្រូវធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង ប៉ុន្តែសម្រាប់ចំណូលគឺក្រែល ជាពិសេសក្នុងពេលណែនាំភ្ញៀវចិន ឬ ថៅកែៗ អោយទិញដីបានមួយប្លង់ៗ ដែលមានទំហំច្រើនហិកតារ។ កញ្ញាថាបណ្ដាផលិតករ និងអ្នករៀបចំកម្មវិធី ហៅនាងអោយសម្ដែង និង ឡើងច្រៀងច្រើនណាស់ ដោយសូម្បីតែក្រុមការងារក៏ស្នើផលិតចម្រៀងក្នុងពេលរវល់នេះមិនតិចដែរ ប៉ុន្តែនាងមិនអាចទទួលព្រោះតែរវល់នៅតែខេត្ត។ យ៉ាងណាមិញនាងថាមិនចោលសិល្បៈនោះទេ គឺនៅតែនឹងរកពេលផលិតបទថ្មី និងទទួលការងារសម្ដែង ដោយនឹងសកម្មក្នុងការចូលរួមកម្មវិធីសប្បុរសធម៌ អោយបានញឹកជាថ្មី អោយតែនាងដកឃ្លាពីការងារមើលដីបានបន្តិច៕