កាលពីល្ងាចថ្ងៃទី18 ខែកញ្ញា ឆ្នាំ2019 ម្សិលមិញនេះ នៅក្នុងកីឡដ្ឋាន KM16 នៃទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា អាយុក្រោម 16ឆ្នាំ ត្រូវបានក្រុមបាល់ទាត់យុវជនជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម 16ឆ្នាំ លត់យ៉ាងចាស់ដៃក្នុងលទ្ធផល 7ទល់នឹង0។
សូមរំឭកថា កាលពីការប្រកួតដណ្ដើមពានរង្វាន់យុវជនអាស៊ានអាយុក្រោម 16ឆ្នាំនៅប្រទេសថៃ កាលពីប្រមាណជាង 2ខែមុន ក្រុមម៉ាឡេស៊ីមួយនេះក៏ធ្លាប់បានបំបាក់កម្ពុជាម្តងរួចមកហើយដែរក្នុងលទ្ធផល 2ទល់នឹង0 ហើយកាលនោះ ម៉ាឡេស៊ីបានគ្រងតំណែងជើងឯកប្រចាំតំបន់អាស៊ាន។
គួរបញ្ជាក់ថា នៅថ្ងៃទី20 ខែកញ្ញាខាងមុខនេះ ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម 16ឆ្នាំនឹងបន្តជួបក្រុមខ្លាំងជប៉ុន មុននឹងទៅជួបម្ចាស់ផ្ទះឡាវជាការប្រកួតចុងក្រោយនៅថ្ងៃទី22 ខែកញ្ញាខាងមុខ៕