ក្នុងចំណោមឈ្មួញត្រីងៀតធំៗនៅខេត្តកំពង់ចាមលោក សុខ ឃីម ម្ចាស់“សិប្បកម្មត្រីងៀតឆ្ងាញ់កំពង់ចាម” ជាអ្នកកែច្នៃផលិតផលត្រីធ្វើជាត្រីងៀតដែលត្រូវបានគេទទួលស្គាល់។ លោក សុខឃីម រស់នៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាមដែលធ្លាប់បានប្រាប់ ឡារ៉ែន ពាណិជ្ជថា ផលិតផលត្រីងៀតឆ្ងាញ់កំពង់ចាមរបស់លោកទទួលបានចំណាប់អារម្មណ៍ច្រើនពីអតិថិជនក្នុងស្រុក ក៏ដូចជាក្រៅស្រុកដែរ ដោយមានការជាវនិងបញ្ជាទិញជាហូរហែមកនោះ ឥឡូវនេះ លោកក៏មានងៀតសាច់គោឆ្ងាញ់កំពង់ចាម ជាផលិតផលថ្មីដែលបានចេញលក់នៅលើទីផ្សារក្នុងស្រុករួចហើយ។
ដោយសារថា អ្នករស់នៅជាប់ទន្លេមេគង្គមានជំនាញខាងការកែច្នៃត្រីស្រស់ទៅជាអាហារបម្រុងដែលអាចរក្សាទុកបរិភោគបានយូរ មានដូចជា ប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រីប្រឡាក់ជាដើមនោះ សាច់ងៀតគោឆ្ងាញ់កំពង់ចាម ក៏ជាអាហារបម្រុងដ៏ពេញនិយមមួយដែរ ដែលសម្រាប់ទីផ្សារក្នុងស្រុកត្រូវបានអតិថិជនចាប់ផ្តើមបញ្ជាទិញ និងកំពុងចាប់អារម្មណ៍ជាវផលិតផលរបស់លោកក្នុងចំនួនច្រើនឡើងជាលំដាប់។
អ្នកស្រី ម៉ៃយ៉ា ជាប្រពន្ធ លោកសុខ ឃីម បានប្រាប់ ឡារ៉ែន ពាណិជ្ជ ថា៖“ប្រមាណជា 2-3ឆ្នាំចុងក្រោយនេះ ក្រៅពីអាជីវកម្មត្រីងៀតលក្ខណៈគ្រួសាររបស់ខ្ញុំហើយ ខ្ញុំបានពង្រីកខ្លួនដោយបានធ្វើការផ្សព្វផ្សាយតាមហ្វេសប៊ុក និងYouTube ដោយគ្រួសារខ្ញុំបានធ្វើសាច់ងៀតគោដំណាលគ្នានឹងការធ្វើត្រីងៀតផងដែរ ធ្វើឱ្យមានការទទួលស្គាល់ច្រើនឡើង ហើយទីផ្សារក៏មានការរីកចម្រើនធំជាងមុនដែរ”។
អ្នកស្រី ម៉ៃយ៉ា វ័យ 26ឆ្នាំ ម្ចាស់សិប្បកម្មត្រីងៀតឆ្ងាញ់កំពង់ចាម ក៏បានរំឭកឱ្យដឹងផងដែរថា យើងទើបតែចាប់ផ្តើមធ្វើងៀតសាច់គោក្នុងឆ្នាំនេះទេ។ ការធ្វើសាច់គោងៀតដំបូងនេះ គឺមានតែប្រមាណជា 20 – 30គីឡូក្រាមប៉ុណ្ណោះ ពោលគឺ ធ្វើក្នុង1ថ្ងៃតែ 3 ទៅ 4គីឡូប៉ុណ្ណោះ។ តែមកដល់ពេលបច្ចុប្បន្ន ថ្ងៃខ្លះយើងធ្វើលក់បានក្នុង 1ថ្ងៃរហូតដល់ 10គីឡូក៏មាន ហើយ 2ខែចុងក្រោយនេះ យើងលក់បានដល់ជាង 50គីឡូឯណោះក្នុង 1ខែ។ ឯសាច់គោដែលយកមកផលិតជាសាច់ងៀតវិញនោះ គឺយើងបាននាំយកមកពីបងប្អូនគាត់ជាអ្នកកាប់គោនៅក្នុងខេត្ត ហើយសាច់ងៀតដែលត្រូវធ្វើនោះ គឺធ្វើឡើងពីសាច់គោស្រស់ៗ ថ្មីៗ និងសាច់ល្អៗ។
អ្នកស្រី ម៉ៃយ៉ា បានឱ្យដឹងទៀតថា៖“ការកែច្នៃសាច់គោធ្វើជាសាច់ងៀត គឺមិនចាំបាច់មានរដូវកាលទេ គឺអាចធ្វើបានរាល់ថ្ងៃ ឱ្យតែមានសាច់ល្អ ប៉ុន្តែឥឡូវឱ្យតែមានអ្នកបញ្ជាទិញ គឺយើងត្រូវរៀបចំធ្វើឱ្យម៉ូយជាបន្តបន្ទប់ ដោយសាច់ងៀតមួយចំនួនធំត្រូវលក់ទៅម៉ូយនៅភ្នំពេញ ហើយក៏មានមួយចំនួនទៀត នាំទៅខេត្តផ្សេងៗផងដែរ គឺមាននាំចេញទៅស្ទើរគ្រប់ខេត្តក្រុងក្នុងស្រុកខ្មែរយើង”។
អ្នកស្រីបានបញ្ជាក់ថា៖“នៅឆ្នាំនេះ ខ្ញុំធ្វើសាច់គោងៀតបានច្រើនជាងការរំពឹងទុក ព្រោះថាការបញ្ជាទិញសាច់គោងៀតរបស់ខ្ញុំមិនមែនមានតែអ្នកនៅក្នុងស្រុកទេ តែនៅមានអ្នកនៅក្រៅស្រុកក៏បានបញ្ជាទិញច្រើនគួរសមដែរ ដោយគាត់បានមកផ្ទាល់ខ្លួនឯង ហើយយើងរៀបចំវេចខ្ចប់ជូនគាត់។ សម្រាប់ការបញ្ជាទិញពីអ្នកនៅក្រៅស្រុក គឺមានអ្នក-អាណិកជនពីប្រទេសអាមេរិក កាណាដា អូស្ត្រាលី អុីតាលី ជប៉ុន និងកូរ៉េទៀតផង ហើយវាក៏ជាទីផ្សារដែលអាចរីកចម្រើននៅពេលខាងមុខបាន”។
អ្នកស្រីបានបញ្ជាក់ថា៖“សិប្បកម្មខ្ញុំមិនមែនមានតែផលិតផលត្រីងៀតតែមួយមុខទេ តែខ្ញុំមានផលិតផលកែច្នៃច្រើនមុខទៀត ដូចជាងៀតត្រីរ៉ស់ ងៀតត្រីឆ្តោ ងៀតត្រីកន្ធរ ត្រីប្រឡាក់ ប្រហុក ផ្អក ត្រីផាត់ និងងៀតសាច់គោនេះ ជាដើម ហើយងៀតសាច់គោនេះ និងផលិតផលកែច្នៃពីត្រីជាច្រើនមុខទៀត ក៏ត្រូវបានគេចាប់ផ្តើមបញ្ជាទិញច្រើនឡើង ដែលអាចនឹងធ្វើឱ្យយើងធ្វើមិនទាន់ ដោយក្នុង ខែកក្កដា និងសីហាជាខែដែលមានគេបញ្ជាទិញគ្រប់មុខ ហើយច្រើនៗទៀត”។
ពាក់ព័ន្ធនឹងតម្លៃលើទីផ្សារវិញ អ្នកស្រី ម៉ៃយ៉ាបាននិយាយបន្តថា បន្ទាប់ពីច្នៃរួច សាច់គោងៀតនឹងលក់ចេញក្នុងតម្លៃ 1គីឡូក្រាមថ្លៃ 11ម៉ឺនរៀល(ឬ27$) សម្រាប់សាច់បន្ទះសំប៉ែត រីឯសាច់ងៀតមូលតម្លៃ 1គីឡូក្រាម 10ម៉ឺនរៀល(ឬ25$)។ តម្លៃនេះបើគិតនៅលើទីផ្សារ វាមិនជាថ្លៃជាងសិប្បកម្មកែច្នៃដទៃទៀតទេ ដោយសារតែផលិតផលរបស់យើងមានអនាម័យ និងមានការទទួលស្គាល់ពីអតិថិជន ដែលពួកគាត់អាចទទួលយកបាន។
អ្នកស្រី ម៉ៃយ៉ា ក៏បានឱ្យដឹងដែរថា បច្ចុប្បន្នការ-បញ្ជាទិញ បើគិតជាមធ្យម គឺប្រមាណជា 30គីឡូក្រាមដែរក្នុង 1ខែសម្រាប់សាច់ងៀតមូល ដូច្នេះបើគិតជាប្រាក់ ក៏ប្រមាណជា 3,000,000រៀលដែរ(30គីឡូ x 100.000រៀល)។
ចំពោះការបញ្ជាទិញទៅក្រៅប្រទេសវិញ អ្នកស្រី ម៉ៃយ៉ា បានឱ្យដឹងថា៖“សម្រាប់ងៀតសាច់គោនេះ ខ្ញុំទទួលបានការបញ្ជាទិញទៅក្រៅប្រទេសច្រើនគួរសមដែរ ហើយម្ចាស់អ្នកទិញ គេមកបញ្ជាទិញផ្ទាល់ ដោយយើងនឹងលក់ក្នុងតម្លៃដូចអ្នកមកទិញក្នុងស្រុកដែរ(25-27$)។ យើងមិនអាចផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ទៅក្រៅប្រទេសបានទេ(សម្រាប់សាច់គោងៀត)ទាល់តែអ្នកទិញមកទិញយកទៅដោយខ្លួនឯងផ្ទាល់ មិនដូចផលិតផលត្រី-ងៀតដែលយើងអាចផ្ញើតាមប៉ុស្តិ៍បាន”។
អ្នកស្រី ម៉ៃយ៉ា បានបញ្ជាក់ពីគោលបំណងអាជីវកម្មទៅថ្ងៃមុខរបស់អ្នកស្រីថា៖“ខ្ញុំមានគម្រោងពង្រីកសិប្បកម្មធ្វើត្រីងៀត និងសាច់ងៀតរបស់ខ្ញុំឱ្យធំជាងនេះ តែនៅពុំទាន់បានសម្រេចចេញជារូបរាងនៅឡើយទេ។ ប៉ុន្តែខ្ញុំគិតថា វានឹងចេញជារូបរាងនាពេលឆាប់ៗនេះ ដោយយើងចង់ស្វែងរកទីតាំងណាមួយឱ្យងាយស្រួលក្នុងការធ្វើការចែកចាយទៅកាន់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុកដែរ និងដើម្បីសម្រួលដល់ការបញ្ជាទិញឱ្យបានកាន់តែច្រើនឡើងៗជាលំដាប់”៕