គេមើលឃើញថា នៅលើបណ្ដាញសង្គមយូធូប និងហ្វេសប៊ុករបស់ អតីតបេក្ខភាព XFactor Cambodia វ៉ាន ដាណេ បានបញ្ចេញវីដេអូចម្រៀងថ្មីដែលមានចំណងជើងថា « កែខ្លួនជាថ្មី » ច្រៀងរៀបរាប់អំពីតថភាពសង្គម និងផ្ដល់សារអប់រំទៅកាន់យុវវ័យ។ អ្នកគាំទ្រសំឡេងរបស់លោកបានពោលពាក្យពេញចិត្តខ្លាំង ខណៈដែលលោកមិនបានចេញបទចម្រៀងរៀបរាប់ពីសេ្នហាជួបព្រាត់ឈឺចាប់អ្វីនោះ។
ជាការពិតណាស់មានការសរសើរមិនតិចទេ បន្ទាប់ពីអតីតបេក្ខភាព Xfactor រូបនេះបញ្ចេញបទដំបូងរបស់ខ្លួន មិនត្រឹមតែពិរោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសង្គមដែលបង្វក់ដោយគ្រឿងញៀន ដែលមានអត្ថន័យដាស់សតិឱ្យយុវវ័យកុំប្រឡូកនឹងការបង្វក់នេះដើម្បីកុំឲ្យសង្គម និងឳពុកម្ដាយអាប់ឱនងដែរ។ បទចម្រៀងនេះកំពុងចាក់ដោតស្រទាប់យុវវ័យ ខណៈដែលនៅលើឆាណែលយូធូបគឺទើបតែបង្ហោះសោះ តែមានអ្នកចូលស្ដាប់រាប់ពានដងភ្លាមៗ។
បទចម្រៀងមួយបទនេះ ជាការកែសម្រួល និងផលិតដោយលោក នូ សុផេន ដែលគេស្គាល់ថាជាអ្នកផលិតកម្មវិធីមួយរូប និងមានស្នាដៃផលិតឈុតបុរាណផងដែរ។ លោកបានសម្រេចផលិតបទ« កែខ្លួនជាថ្មី » ឱ្យអតីតបេក្ខជន Xfactor លោក វ៉ាន ដាណេ បន្ទាប់ពីអតីតបេក្ខជនប្រលងចម្រៀងលំដាប់ពិភពលោករូបនេះ បាត់បង់ឱកាសពីការប្រលងហើយកត់សម្គាល់ថាមានទឹកដមសំលេងល្អ។ នេះជាបទផ្ទាល់ខ្លួនលើកដំបូង របស់លោក វ៉ាន ដាណេ ប៉ុន្តែអ្វីដែលមហាជនគិតថសជោគជ័យ គឺបទចម្រៀងនោះមានទឹកដមសំលេងលូយកប់ ហើយសម្រាប់អត្ថន័យវិញ គឺលើកឡើងពីអ្នកញៀនញ៉ាមគ្រឿងញៀន ហើយធ្លាក់ដើរខុសផ្លូវ។
លោក នូ សុផេន រំពឹងថាមួយបទនឹងកាន់តែធ្វើឱ្យតារាចម្រៀង លោក វ៉ា ដាណេ ត្រូវបានមហាជនចាប់អារម្មណ៍ បន្ទាប់ពីលោក វ៉ាន ដាណេ ក៏ធ្វើឱ្យមានការស្គាល់រួចមកហើយ តាមរយៈការប្រលង Xfactor។ តារាចម្រៀងរូបនេះ ក៏ត្រូវបានគេប្រកាសថានឹងផលិតបទចម្រៀងអោយថ្មីបន្តទៀត ដោយឆាណែល The World Cambodia និងក្លាយជាឆាណែលដែលនឹងបង្ហោះវីដេអូបទចម្រៀងរបស់លោក វ៉ាន់ ដាណេ នោះផង។
ចង់ដឹងថាចម្រៀងមួយបទនេះ ទាំងពិរោះ និងមានអត្ថន័យយ៉ាងណា សូមរីករាយទស្សនា៖