សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសជាផ្លូវការហើយដោយក្នុងនោះមានបេក្ខជនខ្លះក៏ជួបរឿងពេញចិត្តដោយសារតែលទ្ធផលប្រឡងចេញមកវិជ្ជមាន ឬទទួលបានលទ្ធផលល្អដូចការរំពឹងទុក ខណៈសិស្សខ្លះទៀតប្រហែលជានឹងជួបរឿងមិនសប្បាយចិត្ត ព្រោះតែលទ្ធផលមិនដូចបំណង ជាដើម។
ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនេះគ្រាន់តែជាចំណុចចាប់ផ្តើមនៃដំណើរជីវិតប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់ដែលកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការរស់នៅនោះទេ។ ហេតុនេះ ប្រសិនបើវាជាចំណុចចាប់ផ្តើម យើងម្នាក់ៗសុទ្ធតែមានផ្លូវដើររៀងៗខ្លួន ដោយអ្នកជាប់អាចបន្តការសិក្សាទៅមុខទៀត ឬចាប់ផ្តើមអាជីពការងារតាមសមត្ថភាពដែលគេជាប់ ខណៈអ្នកមិនទាន់ជាប់ក៏មិនមែនមានន័យថា មិនអាចទៅមុខទៀតបានដែរ។ សម្រាប់បេក្ខជនដែលប្រឡងមិនទាន់ជាប់ អាចសិក្សាម្តងទៀត ព្រោះវាមិនមែនជារឿងគួរឱ្យខ្មាសអៀននោះទេ។ ចំពោះអ្នកដែលមានបំណងពិតប្រាកដក្នុងការតស៊ូលើជីវិតការសិក្សា ឬអាចបន្តសិក្សាជំនាញវិជ្ជាជីវៈក៏ដូចជាសិក្សាថ្នាក់បរិញ្ញាបត្ររងបាន។
អ្នកធ្លាក់ក៏អាចមានអាជីពល្អ ឬទទួលបានលទ្ធផលល្អដែរប្រសិនបើមានការតស៊ូពិតប្រាកដក្នុងជីវិតការងារ ព្រោះកន្លងមកជាបទពិសោធមានអ្នករៀនមិនបានច្រើនមិនតិចនាក់ទេដែលតស៊ូស្វះស្វែងរៀនពីជីវិត ហើយទទួលបានជោគជ័យក្នុងជីវិត។
ព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថា៖“បច្ចុប្បន្ននេះមានអ្នកមាន អ្នកធំច្រើនណាស់ដែលរៀនមិនចប់ទាំងបរិញ្ញាបត្រផង តែគេមានគំនិត មានប្រាជ្ញាប្រឹងរកស៊ី ឬធ្វើរឿងប្លែកល្អៗ រហូតធ្វើឱ្យមនុស្សជាច្រើនទទួលស្គាល់។ និយាយនេះ មិនមែនមានន័យថា មិនឱ្យរៀនសូត្រនោះទេ តែគ្រាន់តែចង់បញ្ជាក់ថាដំណាក់កាលនេះគ្រាន់តែជាដំណាក់កាលចាប់ផ្តើម ហើយមានរឿងជាច្រើនផ្សេងទៀតដែលត្រូវធ្វើដើម្បីស្វែងរកការអភិវឌ្ឍក្នុងជីវិត”។
ព្រះតេជគុណបានបន្ថែមទៀតថា បេក្ខជនដែលមិនសមបំណងសូមកុំយកជីវិតទៅកំណត់ត្រឹមសញ្ញាបត្រ ឬក្រដាសមួយសន្លឹក។ មានន័យថា កុំសម្លាប់ខ្លួនដោយសារតែមិនទាន់ទទួលបានសញ្ញាបត្របាក់ឌុប ព្រោះកាលណាយើងចេះរក្សាឱកាស ជីវិតយើងនៅវែងឆ្ងាយបន្តទៀតដែលអាចឈានចាប់យកអ្វីដែលល្អ និងខ្ពស់ជាងនេះជាច្រើនផ្សេងទៀត។ ចំពោះអ្នកប្រឡងជាប់ហើយក៏មិនគួរភ្លេចខ្លួនដែរ ព្រោះផ្លូវដើរនៅសល់វែងឆ្ងាយទៀត ហេតុនេះប្រសិនបើរវល់តែមោទនភាពជាមួយនឹងជោគជ័យពេលនេះជ្រុល ហើយភ្លេចខ្លួនជ្រើសរើសជំនាញ ឬជ្រើសរើសផ្លូវដើរមិនល្អ ក៏អាចប្រឈមជាមួយនឹងបញ្ហាច្រើនក្នុងដំណើរជីវិតបានដែរ។
ព្រះសង្ឃសាស្ត្រាចារ្យខាងលើបានលើកឡើងផងដែរថា ហេតុនេះសម្រាប់អ្នកជាប់ទន្ទឹមនឹងរីករាយជាមួយលទ្ធផលល្អក៏គួរស្វែងរកពេលវេលាពិចារណាពីការចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដើម្បីឱ្យច្បាស់ថា យើងស្រឡាញ់មុខវិជ្ជាណាឱ្យពិតប្រាកដ កុំឱ្យចាំតែអាណាព្យាបាលរើសឱ្យ បន្ទាប់មករៀនមិនកើតក៏បោះបង់វិញនោះ។ ម្យ៉ាងវិញទៀត យុវជនក៏មិនគួររេរាតាមគ្នា ឬតាមមិត្តភក្តិដែរ អ្វីដែលត្រូវមាន គឺភាពច្បាស់លាស់ក្នុងចិត្ត ប្រកបដោយភាពរឹងមាំដើម្បីសម្រេចវាសនាខ្លួនឯងសម្រាប់ថ្ងៃអនាគត៕