ព្រឹត្តិការណ៍នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន កម្មវិធី«ASEAN-China TV Drama Week» គេបានឃើញកញ្ញា រតនៈ ពិសី លេចមុខលេចមាត់យ៉ាងខ្លាំង ដោយគេឃើញមានការឌីហ្សាញរូបថតរបស់នាងនៅចំកណ្ដាលប៉ាណូ ដែលមិនមែនគ្រាន់តែចូលរួមបង្គ្រប់កម្មវិធីនោះឡើយ។
ក្នុងវីដេអូហាត់សមដែលបានបង្ហោះឡើង គឺនាងច្រៀងផង ធ្វើពិធីការិនីផង ដោយនាងចេញមុខជាមួយតារាបរទេសយ៉ាងកាលីបលើឆាកដែលចម្រុះដោយភ្លើងពណ៌យ៉ាងប្រណិត។ នេះជាការចេញសម្ដែងជាលក្ខណៈជាតិរបស់នាង មុនចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ខណៈដែលវត្តមានរបស់នាង នៅក្នុងផលិតកម្មថោន ក៏នឹងធ្វើឱ្យនាងឈានឡើង។
រតនៈ ពិសី និយាយថា នាងពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្ដោបក្ដាប់ឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់ ដោយបានទាំងត្រូវគេជ្រើសឱ្យក្លាយជាតំណាងរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដោយនាងទៅហាត់សមតាំងពីថ្ងៃទី ១៥ខែកញ្ញា។ ថ្លែងពីប្រទេសចិនតារាស្រីសិចស៊ី រូបនេះបញ្ជាក់ថា ក្រោយបញ្ចប់ការសម្ដែងយ៉ាងជោគជ័យ នាងនឹងត្រឡប់មកវិញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩នេះ។ នាងបន្តថា នាងពិតជារីករាយនឹងឱកាសមួយនេះ ហើយនាងក៏មោទនភាពណាស់ដែរ ខណៈត្រូវបានកម្មវិធីទាំងមូលលើកមុខដល់ម្លឹង។
តារាស្រីសាច់សខ្ចីរូបនេះ បានបន្តថាកម្មវិធីនេះប្រមូលផ្តុំដោយដោយសិល្បករល្បីឈ្មោះពិសេសអ្នកមានបទចម្រៀងនៅក្នុងភាពយន្តភាគល្បីៗលើកញ្ចក់ទូរទស្សន៍។ ក្រោយត្រលប់មកវិញ នាងនឹងបន្តទៅសម្ដែង និងច្រៀងក្នុងប្រទេសអូស្ត្រាលី រយៈពេល៣ខែ ដោយកុងត្រារយៈពេល៥ឆ្នាំរបស់នាងនៅថោន គឺសម្រុកផលិតបទក្រោយបញ្ចប់បេសកកម្មនៅក្រៅប្រទេស៕