តារាសម្ដែង កញ្ញា យ៉ែម ស្រីពេជ្រ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីធម្មយាត្រាទាំង៥ប្រទេស គឺកម្ពុជា ថៃ ឡាវ វៀតណាម និង មីយ៉ាន់ម៉ា ជាច្រើនជុំវិញផ្លូវធម៌ ដែលមិននឹកស្មានថា នាងជាយុវវ័យដែលជោគជាំដោយសាសនាដល់ម្លឹង។ នាងបានប្រកាសថា នាងមានបំណងចង់បួសជាដូនជីយ៉ាងយូររយៈពេល១ខែ តែឱកាសមិនទាន់ហុចឱ្យនៅឡើយ។
តារាសម្ដែងស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កញ្ញា យ៉ែម ស្រីពេជ្រ និយាយថា ដ្បិតតែកញ្ញារវល់ និងមានវ័យមិនទាន់ចាស់មែន ប៉ុន្តែកញ្ញាមានចំណូលចិត្តស្ដាប់ព្រះធម៌ និងគោរពព្រះពុទ្ធសាសនាយ៉ាងខ្លាំង អ៊ីចឹងហើយទើបកញ្ញា សម្រេចចិត្តចូលរួមក្នុងសន្និសីទស្ដីពីធម្មយាត្រា ដែលជាពិធីដង្ហែរក្បួនផ្សព្វផ្សាយសាសនាប្រចាំឆ្នាំរបស់ប្រទេសទាំង៥ នៅជុំវិញដងទន្លេមេគង្គនោះ។ កញ្ញាថា ខ្លួនមានបំណងចង់ផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនាប្រមាណ២ឆ្នាំចុងក្រោយ ដោយប៉ងទៅស្ដាប់ធម៌ និងសមាធិនៅក្នុងវត្តអារ៉ាម ដើម្បីឱ្យបានយល់ដឹងពីព្រះពុទ្ធសាសនា។ កញ្ញានិយាយថា ជារៀងរាល់ឆ្នាំព្រះសង្ឃ និងដូនជី តែងធ្វើពិធីសមាធិស្ដាប់ធម៌ម្ដង១០ថ្ងៃ ដោយតម្រូវឱ្យរៀនធម៌ និងតាំងសម្មាធិ ដែលកញ្ញាស្ងប់ផ្លូវចិត្តកុំឱ្យស្ត្រេស។ កញ្ញាបង្ហាញអារម្មណ៍ខកចិត្ត ដែលមិនបានចូលរួមក្នុងវគ្គសិក្សាព្រះធម៌បែបនេះ២ឆ្នាំមកហើយ ដោយសារឱ្យតែដល់វគ្គបណ្ដុះបណ្ដាលព្រះធម៌នេះ គឺនាងអត់បានដឹងពីចម្ងាយ ហើយសុំច្បាប់ការងារថតមិនបាន។ យ៉ាងណាមិញ កញ្ញា ថានឹងប៉ងចូលរួមក្នុងកម្មវិធីនេះឱ្យខានតែបាន ដោយបានទូលសុំព្រះសង្ឃដែលជាអ្នករៀបចំដើម្បីអោយប្រាប់ឱ្យដឹងមុន។ ក្នុងនោះកញ្ញាក៏ប្រកាសគាំទ្រក្បួនធម្មយាត្រាដែលប្រកាសធ្វើឡើងផងដែរ។
លោក ស៊ុផាឆៃ វិរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាវិឆាឡា៩៨០ បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងធ្វើពិធីដង្ហែរក្បួនក្នុងប្រទេសទាំង៥ ដោយបន្ទាប់ពីប្រកាសអោយដឹងនៅប្រទេសកម្ពុជា ក្បួនរថយន្ត និងក្បួនថ្មើជើង នឹងចាប់ធ្វើដំណើរនាំព្រះធម៌បង្កើតមិត្តភាពពីខេត្តឈៀងរ៉ៃប្រទេសថៃ នៅថ្ងៃទី១៤ តុលា ឆ្ពោះទៅមីយ៉ាន់ម៉ា ឡាវ វៀតណាម និងត្រលប់មកបញ្ចប់នៅសៀមរាបនៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះរំពឹងថានឹងមានមនុស្សច្រើនចូលរួម ខណៈដែលប្រទេសទាំង៥ ក៏បានយោគយល់គ្នា ដោយអនុញ្ញាតិក្បួនដង្ហែរចេញចូលដោយមិនបាច់ប្រើលិខិតឆ្លងដែន ដើម្បីរួមគ្នាផ្សព្វផ្សាយសាសនា៕