វិស័យអប់រំ ជាផ្នែកដ៏សំខាន់ដែលសម្រេចពីជោគវាសនារបស់ប្រទេស ព្រោះបរិមាណនៃប្រជាជនមិនអាចធ្វើឱ្យសង្គមអភិវឌ្ឍបានលឿននោះទេ ប្រសិនបើប្រជាជននៃប្រទេសនោះគ្មានចំណេះដឹងដើម្បីធ្វើការងារប្រកបដោយភាពឆ្លាតវៃ។
យោងតាមការស្រាវជ្រាវពីអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD-Organization for Economic Co-operation and Development) បានបង្ហាញថា ប្រទេសកូរ៉េខាងត្បូងជាប្រទេសមួយដែលមានប្រជាជនបញ្ចប់ការសិក្សា ខ្ពស់ជាងគេបំផុត។ តាមទិន្នន័យបានបង្ហាញថា នៅកូរ៉េខាងត្បូង មនុស្សវ័យចន្លោះពី 25ឆ្នាំ ដល់ 34ឆ្នាំ បានបញ្ចប់ការសិក្សាកម្រិតសាកលវិទ្យាល័យខ្ពស់ជាងគេបំផុតលើពិភពលោក។
មូលហេតុដែលធ្វើឱ្យប្រទេសនេះទទួលបានជោគជ័យលើវិស័យអប់រំនេះ ដោយសារតែគេបានវិនិយោគយ៉ាងស៊ីជម្រៅលើប្រព័ន្ធអប់រំចាប់តាំងពីកម្រិតមត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា។ ការវិនិយោគដែលរដ្ឋផ្តល់ជូនសម្រាប់ប្រជាជន គឺរួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អប់រំសិស្សតូចៗមុនពេលចូលសាលារៀន (Pre-School) ដែលធ្វើឱ្យអាណាព្យាបាលគ្រប់គ្នាមានសមត្ថភាពបញ្ចូនកូនទៅរៀន បើទោះបីជាគ្រួសារពួកគេមិនមានចំណូលខ្ពស់ក៏ដោយ។
តាមទិន្នន័យរបស់ OECD នេះក៏បានបង្ហាញផងដែរថា ប្រទេសដែលឈរនៅលំដាប់លេខ2 ដែលមានការអប់រំខ្ពស់បំផុតនោះ គឺប្រទេសកាណាដា។ នៅប្រទេសកាណាដា មនុស្សមានអាយុចាប់ពី 25ឆ្នាំ ដល់34ឆ្នាំ ប្រមាណ 61% មានកម្រិតចំណេះដឹងខ្ពស់។ ក្រៅពីនេះ បើមើលជារួម កម្រិតអក្ខរភាពនៅក្នុងសង្គមមានកម្រិតខ្ពស់ ដោយសារតែគ្រប់សាលារៀន និងសាកលវិទ្យាល័យសុទ្ធតែយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាប់ជាប្រចាំ និងជំរុញឱ្យមានធនធានមនុស្សកាន់តែច្រើនក្នុងវិស័យអប់រំសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំនៅគ្រប់កម្រិត។
ចំពោះប្រទេសដែលឈរលំដាប់លេខ3 គឺប្រទេសជប៉ុន ដែលប្រទេសនេះមានបុគ្គលិកអប់រំ ក៏ដូចជាគ្រូបង្រៀនធ្វើការងារច្រើនម៉ោងជាងគេនៅលើពិភពលោក។ អ្វីដែលជប៉ុនផ្តោតសំខាន់លើប្រព័ន្ធអប់រំ គឺការផ្ដល់ប្រឹក្សាយោបល់ដល់សិស្សដើម្បីផ្តល់នូវប្រភពចំណេះដឹងកាន់តែទូលំទូលាយ ក៏ដូចជាផ្តល់នូវដំណោះស្រាយសំខាន់ៗដែលដើម្បីដោះស្រាយបញ្ហាដែលជាឧបសគ្គដល់ការអភិវឌ្ឍសមត្ថភាព។ ក្រៅពីនេះ ជប៉ុនក៏ផ្តោតការយកចិត្តទុកដាក់ផងដែរលើសកម្មភាពសិក្សា និងសេវារដ្ឋបាលប្រកបដោយគុណភាពខ្ពស់ក្នុងប្រព័ន្ធអប់រំ។ នៅក្នុងការស្ទង់មតិរបស់ OECD ក៏បានបង្ហាញផងដែរថា ប្រទេសដែលស្ថិតនៅលំដាប់ថ្នាក់លេខ4 គឺប្រទេស Lithuania។ ភាពជោគជ័យក្នុងប្រព័ន្ធអប់រំនៃប្រទេស Lithuania នាពេលបច្ចុប្បន្នកើតឡើងដោយសាររដ្ឋាភិបាលបានខិតខំប្រឹងប្រែងបង្កើនចំណាយលើវិស័យអប់រំយ៉ាងខ្ពស់ដើម្បីស្តារបញ្ហាអក្ខរកម្មកាលពីជាង 15ឆ្នាំមុន។ កុមារនៅក្នុងប្រទេសនេះ ចាប់ផ្តើមចូលសាលាតាំងពីតូច ដែលតាមទិន្នន័យបង្ហាញថា ក្នុងឆ្នាំ 2017 កុមារច្រើនជាងពាក់កណ្តាលប្រទេសបានចូលសាលារៀននៅវ័យ 2ឆ្នាំ៕