LG ម៉ូដែល G8X ThinQ បានប្រកាសចេញជាផ្លូវការកាលពីដើមសប្ដាហ៍ ដែលរចនាជាទម្រង់បត់អេក្រង់បានដំបូងបំផុតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។
រូបរាងបត់បានដែលអាចថា ខុសពីក្រុមហ៊ុន Samsung (Galaxy Fold) និង Huawei (Mate X) នោះ គឺត្រង់ចំណុចបត់នោះ LGច្នៃអេក្រង់មួយផ្សេងដោយភ្ជាប់ជាមួយសម្បក (Case) បើដកចេញក្លាយជាទូរស័ព្ទអេក្រង់មួយវិញ (បើដាក់ Case ចូលវាភ្ជាប់ទៅជាអេក្រង់ភ្លោះ)។
ចំពោះគោលបំណងនៃការឌីហ្សាញដ៏ថ្មីសន្លាងបែបនេះ ខាងក្រុមហ៊ុនបានបញ្ជាក់ថា ចៀសវាងការប៉ះទង្គិចខ្លាំងនៅពេលប្រើប្រាស់ ព្រមជាមួយនឹងការផ្តល់ជម្រើសឱ្យអតិថិជន (ដែលមិនចូលចិត្តអេក្រង់2 អាចប្រើជាអេក្រង់1 វិញក៏បាន)។
លក្ខណសម្បត្តិរបស់ G8X ThinQ គឺអេក្រង់ទី2 នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើក និងប្រើកម្មវិធីផ្សេងៗបានក្នុងពេលតែមួយ។ ឧទាហរណ៍ដូចជា មើល YouTube និងឆែកអ៊ីនធើណិតបានក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះ អេក្រង់ទី2 នេះអាចដើរតួជា monitor ហើយអេក្រង់មួយទៀតប្រើជា keyboard ដូចគ្នានឹង laptop ដែរ។
សម្រាប់ពេលលេងហ្គេម keyboard នោះនឹងក្លាយជាដៃហ្គេម ផ្ដល់ភាពងាយស្រួលក្នុងការលេង។ សម្បកការពារនេះនឹងភ្ជាប់មកជាមួយទូរស័ព្ទនេះនៅក្នុងប្រអប់ស្រាប់តែម្ដង។
LG G8X នេះ មានកាមេរ៉ា 2គ្រាប់ - 12MP f/1.8 និង 13MP Ultra-wide-angle 136ដឺក្រេ។ អេក្រង់ទំហំ 6.4អ៊ីញ បង្ហាញបានកម្រិត 1080ភិកសែល មានបន្ទះឈីប Snapdragon 855 RAM 6GB អង្គផ្ទុកទិន្នន័យ 128GB និងថ្មទំហំ 4000mAh តែសម្រាប់តម្លៃវិញ មិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ៕
សូមទស្សនាវីដេអូខាងក្រោម៖