ភ្នំពេញៈ ក្រសួងចំនួន3 និងដៃគូអភិវឌ្ឍន៍នានានឹងជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិនិត្យមើលបញ្ហាប្រឈម និងរៀបចំផែនការយុទ្ធសាស្រ្តថ្មីសម្រាប់អភិវឌ្ឈវិស័យកសិកម្ម ខណៈកម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះ និងរឿងតម្លៃកំពុងចោទជាបញ្ហា។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី30 មិថុនានេះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មព្រមទាំងដៃគូអភិវឌ្ឍន៍នឹងជួបប្រជុំគ្នា ដើម្បីប្រមើលមើលយុទ្ធសាស្រ្តថ្មី ដើម្បីអភិវឌ្ឍវិស័យកសិកម្ម។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ គន្លងថ្មីនៃកំណើនកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះនឹងផ្តោតលើផែនការអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេលវែង យុទ្ធសាស្រ្ត និងការរៀបចំផែនការថវិកាយ៉ាងដូចម្តេចដើម្បីជួយវិស័យនេះ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះនឹងធ្វើឡើងនៅថ្ងៃទី4 ខែកក្កដាខាងមុខនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីអភិវឌ្ឍវិស័យនេះ តើយើងគួរបញ្ចូលបច្ចេកវិទ្យាបែបណាដើម្បីជួយកសិករ ដោយសារកម្លាំងពលកម្មក្នុងវិស័យនេះបានថយចុះមកក្នុងរង្វង់ 40ភាគរយនៅឆ្នាំ2017 ហើយនឹងថយមកនៅត្រឹម 29ភាគរយក្នុងឆ្នាំ2030។ នេះជាបញ្ហាប្រឈម គឺកម្លាំងពលកម្មធ្លាក់ចុះ តែយើងត្រូវធ្វើយ៉ាងណាឲ្យចំណូលមានការកើនឡើង ហេតុនេះយើងត្រូវបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យនេះ និងចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងពិនិត្យមើលបញ្ហាមួយចំនួន ដូចជាកសិករមានដីតិច ធ្វើយ៉ាងណាឲ្យគាត់អាចរស់បាន បង្កើតកសិដ្ឋានដើម្បីកំណើនវិស័យនេះ និងជំរុញការនាំចេញ ភាពប្រទាក់ក្រឡារវាងវិស័យឯកជន ដើម្បីបង្កើនទិន្នផល និងអាចនាំចេញបាន។
សេដ្ឋវិទូកម្ពុជាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការអភិវឌ្ឍវិស័យកសិកម្ម យើងត្រូវតែវិភាគ និងគិតពិចារណាឲ្យមានភាពស៊ីជម្រៅថា ត្រូវធ្វើបែបណាទើបអាចអភិវឌ្ឍវិស័យនេះបាន ប៉ុន្តែវិស័យនេះមានភាពចម្រុះដែលមានទាំងបច្ចេកវិទ្យា ការដឹកជញ្ជូន ទីផ្សារ និងបញ្ហាដទៃទៀតដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។
លោកបណ្ឌិតបានបន្តថា “អ្វីដែលត្រូវធ្វើ គឺពិនិត្យ និងអនុវត្តជាក់ស្តែង ដើម្បីឲ្យចេញជាលទ្ធផល ហេតុនេះការចូលរួមពីភាគីពាក់ព័ន្ធមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយនិរន្តរភាព”។ លោកបន្តថា “អ្វីដែលត្រូវធ្វើមិនមែនតែក្រសួងកសិកម្មមួយទេ តែត្រូវការវិស័យជាច្រើនចូលរួម ហើយបញ្ហាកសិកម្មគឺយើងខ្វះបច្ចេកវិទ្យា ខ្វះទីផ្សារ ហេតុនេះការអភិវឌ្ឍវិស័យនេះសំខាន់ណាស់ ដើម្បីទប់ស្កាត់ការចំណាកស្រុកទៅក្រៅប្រទេស និងលំហូរប្រជាជនចូលទីក្រុង”៕