ប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានចាប់ផ្តើមដាក់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្នាសម្រាប់ឆ្នាំ2020-2025 សំដៅជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លើកកម្ពស់គុណភាពសេវាកម្ម អភិវឌ្ឍន៍ធនធានមនុស្ស ជំរុញទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ពង្រឹងប្រព័ន្ធសុវត្ថិភាពទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3។
កម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំបច្ចេកទេសមួយឡើងកាលពីដំណាច់ខែសីហា នៅខេត្តចំប៉ាសាក់របស់ប្រទេសឡាវ ដោយបានយកចិត្តទុកដាក់ពិភាក្សាលម្អិតលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗក្នុងការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។
សម្រាប់កម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី បានយកចិត្តទុកដាក់ដាក់បញ្ចូលសក្តានុពលរបស់ខ្លួនដើម្បីភ្ជាប់ការធ្វើទេសចរណ៍ឆ្លងខេត្ត និងឆ្លងប្រទេស និងអភិវឌ្ឍផលិតផលទេសចរណ៍ ពង្រឹងគុណភាពសេវាកម្ម សុខសុវត្ថិភាពទេសចរណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញផ្សព្វផ្សាយទេសចរណ៍រួមគ្នាក្នុងតំបន់។
ក្នុងនោះមន្ទីរទេសចរណ៍ខេត្តក្រចេះក៏បានបញ្ជូលសកម្មភាពសំខាន់ៗរបស់ខេត្តទៅក្នុងផែនការយុទ្ធសាស្ត្រខាងលើ ដូចជាការជំរុញសក្តានុពលសត្វផ្សោតទន្លេមេគង្គ ការពង្រឹងសហគមន៍អេកូទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗសំដៅអភិវឌ្ឍទេសចរណ៍ក្នុងខេត្តប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាជនក្នុងខេត្ត។
លោក ធួន ស៊ីណាន ប្រធានសមាគម PATA បានឱ្យដឹងថា៖“ការអភិវឌ្ឍតំបន់ត្រីកោណរបស់ប្រទេសទាំង3 ជាតំបន់ទេសចរណ៍នេះ ពិតជាល្អបំផុត ព្រោះជាតំបន់ដែលមិនសូវអ៊ូអរបើធៀបទៅនឹងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃមានភាពអ៊ូអរជាង។ គម្រោងរដ្ឋាភិបាលដែលចង់ប្រែក្លាយតំបន់ត្រីកោណទៅជាតំបន់ទេសចរណ៍នេះមានយូរណាស់មកហើយ ហើយបើពេលនេះរដ្ឋាភិបាលធ្វើឱ្យគម្រោងនេះឱ្យកើតឡើងមែន គឺពិតជារឿងមួយល្អណាស់”។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឡារ៉ែនពាណិជ្ជថា៖“នៅក្នុងគម្រោងការអភិវឌ្ឍតំបន់ត្រីកោណឱ្យជាតំបន់ទេសចរណ៍ មិនមែនថា តំបន់នោះគ្មានអ្វីទាក់ទាញនោះទេ គឺមាន គ្រាន់តែយើងពុំទាន់បានតុបតែងឱ្យវាមានភាពទាក់ទាញតែប៉ុណ្ណោះ។ ពោលគឺតំបន់នោះប្រៀបបាននឹងមនុស្សដែលពុំទាន់តុបតែងលម្អខ្លួនអ៊ីចឹងដែរ”។
លោកបានបន្តថា តំបន់ព្រំដែនកម្ពុជា-ឡាវ-វៀតណាមនោះ វាមានទី1- ភាពជាធម្មជាតិ និងអ្វីដែលកើតចេញពីធម្មជាតិ។ ទី2-ត្រូវមានការកែច្នៃ ដើម្បីឱ្យតំបន់ហ្នឹងមានភាពទាក់ទាញ។ នៅពេលមានការកែច្នៃ និងការតុបតែងហើយនោះ យើងនឹងមានការបន្តវិនិយោគ។ ឧទាហរណ៍បើយើងរៀបចំដើម្បីទាក់ទាញទេសចរ នោះវិស័យផ្សេងៗនឹងទៅតាមគ្នា។ ការវិនិយោគ បើពុំមានមនុស្សចាប់អារម្មណ៍ទៅលេងទេ ការវិនិយោគវានឹងមិនមាននិរន្តរភាពទេព្រោះវាមិនមានចលករជំរុញ។
លោកបានបន្ថែមថា តែបើសិនជាមានមនុស្សទៅកាន់ទីនោះ ទីនោះវានឹងនាំមកនូវកត្តា3 ជាសំខាន់គឺការដឹកជញ្ជូន ការហូបចុកទទួលទាន និងការ-ស្នាក់នៅ។ បើមានកត្តា 3នេះនាំមុខដើរទៅមុន ឬមានការផុលផុសហើយនោះ កត្តាផ្សេងៗទៀតនឹងទៅតាមក្រោយ និងអាចទាក់ទាញខ្លាំងទៀតផង។ ដូចខេត្តព្រះសីហនុពីមុនអ៊ីចឹង អត់ទាន់មានហេដ្ឋារចនាសម្ព័ន្ធល្អ អត់មានជើងយន្តហោះច្រើន ពុំសូវមានភ្ញៀវទេសចរទេ តែឥឡូវអ្វីៗក៏មាន អ្នកទេសចរ និងអ្នកទៅអភិវឌ្ឍ និងវិនិយោគយ៉ាងភ្លូកទឹកភ្លូកដី។
លោកក៏បានបញ្ជាក់ដែរថា តំបន់ត្រីកោណនេះនឹងជួយជំរុញចរន្តទេសចរណ៍ក្នុងតំបន់អាស៊ាន និងទៅកាន់ពិភពលោកបានកាន់តែទូលំទូលាយ ក្រៅពីនេះតំបន់ត្រីកោណមិនមែនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ តែវានឹងជួយជំរុញលើវិស័យសេដ្ឋកិច្ចផ្សេងៗទៀតផងដែរ ដូចជាការអភិវឌ្ឍវិស័យកសិកម្មជាដើម រួមទាំងការផ្លាស់ប្តូរទិដ្ឋភាពនៃការដឹកជញ្ជូនទំនិញ ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជននៃប្រទេសទាំង3 និងទៅកាន់បណ្តាប្រទេសដទៃទៀតក្នុងតំបន់ទៀតផង។
លោក វណ្ណឌី បានបញ្ជាក់ឱ្យដឹងថា៖“តំបន់ត្រីកោណនេះអាចជាកន្លែងដែលទាក់ទាញទេសចរខ្លាំង ដោយសារប៉ូលទេសចរណ៍មួយនេះមានការចាប់អារម្មណ៍ខ្លាំងខាងអាកាសធាតុ។ កម្ពុជា-វៀត-ណាម-ឡាវ រួមទាំងថៃផង បានបង្កើតតំបន់មរកតមួយនេះឡើងក្នុងការជំរុញសេដ្ឋកិច្ចនៃប្រទេសទាំង 4ក្នុងតំបន់នេះ និងការតភ្ជាប់ទេសចរណ៍ពីប្រទេសមួយទៅប្រទេសមួយទៀត ដូចជាពីកម្ពុជាទៅវៀតណាម ឬពីវៀតណាមមកកម្ពុជា ជាដើម ដោយតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស តែយ៉ាងណាក៏ដោយលុះត្រាតែប្រទេសទាំងនេះមានទំនងទំនាក់ការទូតល្អ ទើបអាចជំរុញឱ្យមានកំណើនទេសចរមកពីប្រទសផ្សេងទៀតឱ្យកើនឡើងបាន”។
លោក ហូ វណ្ណឌី បានបញ្ជាក់ទៀតថា៖“ទេសចរណ៍ជាអ្នកនាំលាភ នាំសំណាងដល់ប្រទេសដែលខ្លួនទៅទស្សនា ដោយក្នុងនោះពួកគេត្រូវការរបស់3យ៉ាងជាសំខាន់ គឺការធ្វើដំណើរដោយសុខសុវត្ថិភាព ការទទួលទានអាហារឆ្ងាញ់ និងមានអនាម័យ និងការស្នាក់នៅប្រកបដោយផាសុកភាព និងសន្តិសុខ។
ជាមួយគ្នានេះដែរ យើងក៏កំពុងស្ថិតនៅក្នុងសមាគមអាស៊ានដែលអាចធ្វើពាណិជ្ជកម្មដោយសេរីក្នុងតំបន់។ ដូច្នេះបើយើងជំរុញកត្តាទាំង3 ឱ្យទៅមុខដោយរលូននោះ វិស័យទេសចរណ៍ និងពាណិជ្ជកម្មក៏នឹងមានការកើនឡើងព្រមគ្នា ហើយយើងសង្ឃឹមថា វានឹងមានការកើនឡើង ដោយឡាវ វៀតណាម និងប្រទេសដទៃទៀតក៏អាចចូលមក និងឆ្លងកាត់តំបន់នេះបានដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ”៕