ទស្សនិកជនប្រាកដជានៅចាំតួឯកស្រីក្នុងរឿង «សង្រ្គាមបេះដូង» គឺកញ្ញា ឡាយ សម្ផស្ស ដែល សម្ដែងជាតួស្រីកម្សត់ ព្រោះតែត្រូវបានឪពុកម្ដាយបង្ខំឱ្យនាងរៀបការជាមួយបុរសម្នាក់ដែលខ្លួនមិនស្រឡាញ់ បណ្ដាលឱ្យជីវិតអាពាហ៍ពិពាហ៍គ្មានសេចក្ដីសុខ។ តាមរយៈរឿងនេះក៏មានការលើកឡើង ថា ដោយសារនាងមិនយកតម្លៃខ្លួនក្នុងការសម្ដែង ទើបផលិតកម្មសម្រេចជ្រើសយកនាងធ្វើជាតួឯកស្រី។
ជាមួយឱកាសម្ដែងជាតួឯកស្រីនៅក្នុងរឿង «សង្រ្គាមបេះដូង» នេះ ត្រូវបានកញ្ញា ឡាយ សម្ផស្ស បញ្ជាក់ប្រាប់ថា វាមិនដូចអ្វីដែលគេបានលើកឡើងនោះទេ នាងចាត់ទុកថាការនិយាយបែបនេះ ជាការបង្ហាញអារម្មណ៍មិនសប្បាយចិត្ដចំពោះភាពរីកចម្រើនរបស់នាងតែប៉ុណ្ណោះ។ នាងបន្ដថា មុនពេលដែលនាងជាប់តំណែងជាតួឯកស្រីនេះ គឺត្រូវឆ្លងកាត់ការធ្វើតេស្ដជាមួយក្រុមការងារផលិតកម្ម ខ្មែរមេគង្គ ចំនួនបីដងឯណោះ។ ឡាយ សម្ផស្ស បញ្ជាក់ថា៖ «ចាប់តាំងពីខ្ញុំចូលប្រឡូកសិល្បៈរយៈពេលជិត 5ឆ្នាំមក ទើបតែលើកទីមួយហើយ ដែលផលិតកម្មខ្មែរមេគង្គហ៊ានឱ្យតម្លៃខ្លួននៃការសម្ដែងខ្ពស់ជាងគេ។ ដូច្នេះខ្ញុំមិនដល់ថ្នាក់ថា ដើម្បីបានតំណែងតួឯក សុខចិត្ដថតអត់យកលុយនោះទេ ព្រោះតួឯក ឬតួរងវាមិនជាបញ្ហាចោទសម្រាប់ខ្ញុំឡើយ »។
ទោះជាតំណែងតួឯកនៅក្នុងរឿង «សង្គ្រាមបេះដូង» របស់កញ្ញាឡាយ សម្ផស្ស ទទួលរងការរិះគន់ក៏ដោយ ក៏ត្រូវបាននាងប្រាប់ថា រឿងនេះបានជួយជំរុញឱ្យនាងមានប្រជាប្រិយភាពកាន់តែខ្លាំងជាងមុនបន្ថែមទៀត ព្រោះក្រោយពីរឿងនេះបញ្ចប់ការចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍PNN នាងចាប់ផ្ដើមទទួលបានការងារច្រើន។ ជាងនេះវាក៏បានជួយដល់អាជីពជាពិធីការិនីរបស់នាងឱ្យកាន់តែទទួលបានប្រជាប្រិយភាព និងតម្លៃខ្លួនខ្ពស់ជាងមុនថែមទៀតផង៕