« វាលប្រម៉ាញ់ » គឺជាចំណងជើងខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលត្រូវបានផលិតឡើងដោយផលិតកម្មកងចក្រភាពយន្ត ដែលធ្លាប់ទទួលបានជោគជ័យលើការផលិតរឿង JAILBREAK ទទួលបានពានរង្វាន់ចំនួន5 ។ ដោយឡែកសម្រាប់ខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ « វាលប្រម៉ាញ់ » នាពេលនេះ ផលិតករបានជ្រើសរើសយកតារាសម្ដែងកម្ពុជាល្បីៗដូចជា លោក អ៊ូ តារា កញ្ញា ឌី សូនីតា លោក រស់ មុន្នី ចូលរួមសម្ដែងរួមគ្នាជាមួយកំពូលតារាល្បីៗចំនួន 3ប្រទេស រួមមានកម្ពុជា ថៃ និងចិន ជាមួយតំណែងជាតួឯកស្រីនៅក្នុងសាច់រឿង ។
នៅក្នុងពិធីសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ លោក Jimmy Henderson ដែលជាអ្នកដឹកនាំរឿង បានឱ្យដឹងថា ឈុតដំបូងដែលត្រូវផ្ដិតយកទេសភាព និងការវាយតប់គ្នាក្នុងខេត្តកោះកុង ដែលជាតំបន់ព្រែភ្នំ និងមានទឹកជ្រោះ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា រឿង « វាលប្រម៉ាញ់» នឹងទទួលបានជោគជ័យ ព្រោះផ្អែកតាមបទពិសោធន៍កាលពីពេលកន្លងទៅ ជាពិសេសការទទួលបានជោគជ័យលើការបញ្ចាំងរឿង រឿង JAILBREAK ដែលបានបង្ហាញខ្លួននៅក្នុងសាលលមហោស្រពអន្តរជាតិជាង20 រួមជាមួយនឹងការទទួលបានពានរង្វាន់ឆ្នើមចំនួន5។ ដូច្នេះសម្រាប់ភាពយន្ដ Action មួយនេះគឺមិនពិបាកក្នុងការគៀងគរប្រជាប្រិយភាពនោះទេ។
លោក Jimmy Henderson បានបញ្ជាក់បន្ថែមទៀតថា ភាពយន្ដធំរបស់កម្ពុជាមួយនេះបានចាយទុនផលិតដល់ជាង ១លានដុល្លារ ហើយតារាសម្ដែងនៅក្នុងរឿងនេះ មិនមែនសុទ្ធតែតារាខ្មែរនោះទេ ក៏មានតារាថៃ និងតារាជនជាតិចិនមួយរូប ជាតួឯកផង។ លោកថាមួយរឿងនេះ ថតនៅស្រុកខ្មែរទាំងអស់ ហើយឈុតឆាកក្នុងរឿងទាំងមូល គឺពោរពេញដោយឈុតឆាកបាញ់ប្រហារ និងវាយតប់ អមដោយការផ្សងព្រេងក្នុងព្រៃ។ ការប្រកាសដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៩ កញ្ញា ជាផ្លូវការនេះ គឺបន្ទាប់ពីយកទៅបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ហើយធ្វើឱ្យជនបរទេសទទួលស្គាល់។ រឿងនេះ ជាភាពយន្តនិយាយពី ពួកព្រៃចាប់អ្នកចូលទៅដល់ដាក់គុក ហើយតម្រូវឲ្យបុរសជាប់ពន្ធនាគារម្នាក់ ដែលជាភ្នាក់ងារសម្ងាត់ជនជាតិចិន សម្ដែងដោយលោក Gu Sangwei តស៊ូប្រយុទ្ធ ដើម្បីសេរីភាព និងជិវិតរបស់ខ្លួន៕