នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា គណនីឈ្មោះ ប៊ុនហឿន សាញ បានវាយប្រហារតារាសម្ដែង និងជាពិធីករ ប៉ែន ចំរ៉ុង ក្រោយពីលោកបញ្ចេញមតិរិះគន់ ក្នុងចំណោមអ្នកប្រតិកម្មជាច្រើនដែលត្រូវក្រុមនោះវាយបកថា« នេះហើយតារាៗស្រុករំដួល_អសីលធម៌លែងនិយាយ ហើយជាអ្នកសម្តែងរឿងសិល្បៈអោយក្មេងៗមើល តើក្មេងៗវាទទួលរឿងអសធម៌ខ្វះភាពជាគំរូពីពួកវាប៉ុណ្ណាទៅ? ជាតារានៅស្រុកគេសំខាន់ណាស់រឿងភាពជាគំរូ ព្រោះអ្នកឯងឡើងឆាកអោយគេមើលរាប់ម៉ឺន លាននាក់ បើអ្នកឯងថោកទាបដូចអាសោយសារ៉ុងនេះទេ តើសង្គមនឹងទៅជាយ៉ាងណា? ហើយភាពគ្មានសីលធម៌ ស៊ីចុកគេបានកូនមួយ ហើយអាចដោះដៃបានគេដឹងពេញសាធារណៈនេះ តើគេមើលងាយដល់ពូជសមទេ? ដែលវាថោកទាបចឹងហើយ នៅមានអ្នកគាំទ្រ?»។
បើមើលលើការវាយប្រហាររបស់អ្នកកាន់ជើងផ្កាប់មុខទៅលើក្រុមដែលមានជម្លោះជាមួយក្រុមអ្នកនាងចន ច័ន្ទលក្ខិណា នេះ មិនមែនវាយប្រហារតែលើលោក ប៉ែន ចំរ៉ុង នេះ ក៏បានឆ្កឹះរឿងរសើបរបស់តារាជាច្រើនទៀត ដែលពួកគេយល់ថាបានលូកមាត់បញ្ចេញមតិផងដែរ ដូចជាបានឆ្កឹះរឿងអាស្រូវដែលកប់បាត់យូររបស់ អ្នកនាង ឆ័យលី ដាឡែន និង របស់ លោក តាន់ គីមសួរ ជាដើម ដោយគ្រាន់តែក្នុងចំណោមការគាស់កកាយទាំងអស់ រឿងអាស្រូវរបស់លោក ប៉ែន ចំរ៉ុង ហាក់រសើបជាងគេ ដោយសារតែរឿងរ៉ាវនោះ ធ្លាប់ធ្វើឱ្យលោក បិះនឹងបាត់បង់អាជីព ហើយទើបតែរើបៗខ្លះមកវិញ។
អ្នកធ្លាប់ខឹងលោក ស្អប់លោក រឿងលោកបោះបង់ភរិយាអេតាស៊ីវិល អ្នកនាងភិន សុដាលីស ហាក់នឹកឃើញរឿងចាស់មកវិញ។ អ្នកគាំទ្រលោកមួយចំនួនបានផ្ដល់មតិថា តារាល្បីៗដែលធ្លាប់មានរឿងអាស្រូវកក្រើកនគរ មិនគួរចេញមុខប្រតិកម្មក្នុងជម្លោះរសើបនេះទេ ដោយសារតែការវាយបកត្រលប់មកវិញ គឺងាយនឹងធ្វើឲ្យតារារូបនោះរងការអាម៉ាស់ម្ដងទៀត ក្នុងពេលដែលរឿងមួយនោះ ទម្រាំកប់បាត់ គឺប្រឹងផ្ដើមពីសូន្យយ៉ាងលំបាក។ គេជឿជាក់ថា លោកប៉ែន ចំរ៉ុង នឹងចងចាំរឿងរ៉ាវនេះ ទុកជាបទពិសោធន៍ ដើម្បីរក្សាតម្លៃរបស់លោកឱ្យនៅតែមានកេរ្តិ៍ឈ្មោះ ដូចមួយរយៈចុងក្រោយ៕