បច្ចុប្បន្ននេះដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្រៅពីសមត្ថភាពក្នុងការគិតវិភាគ ការប្រើហេតុផល និងការគិតគណនាដែលហៅថា I.Q. ហើយនោះ មនុស្សយើងគួរមានភាពឆ្លាតវៃខាងអារម្មណ៍ ឬដែលហៅថា E.Q. គួបគូគ្នាជាមួយផងដែលវានឹងជួយឱ្យការដំណើរការជីវិតរស់នៅប្រព្រឹត្តទៅយ៉ាងចម្រើន និងមានសេចក្តីសុខ។ អ្នកដែលមាន E.Q. (Emotional Quotient) ខ្ពស់នឹងមានថាមពលផ្លូវចិត្តដែលល្អ ពឹងពាក់លើខ្លួនឯងបាន មានឥស្សរភាពអាចទទួលដឹង និងយល់ទាំងពីអារម្មណ៍របស់ខ្លួនឯង និងរបស់អ្នកដទៃ រហូតដល់អាចសម្រួល ឬគ្រប់គ្រងអារម្មណ៍បានស័ក្តិសមនឹងស្ថានការណ៍ ដូច្នេះការអភិវឌ្ឍភាពឆ្លាតវាងវៃខាងអារម្មណ៍ជារឿងសំខាន់មួយ ដែលអ្នកអាចធ្វើបានដោយប្រើតិចនិកដូចខាងក្រោមនេះ ៖
ដឹងទាន់
ហ្វឹកហាត់ឱ្យដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងឱ្យបានញឹកញាប់ ដោយការប្រាប់ខ្លួនឯងឱ្យបានថា ខណៈនេះកំពុងមានអារម្មណ៍យ៉ាងម៉េច និងទទួលដឹងឱ្យបានពីភាពប្រែប្រួលខាងអារម្មណ៍ដែលកំពុងកើតឡើង។
ចាត់ការអារម្មណ៍ខ្លួនឯង
នៅពេលកើតអារម្មណ៍អវិជ្ជមាន ដូចជា មួម៉ៅ មិនពេញចិត្ត សោកសៅ ខូចចិត្ត ចូរដឹងទាន់ពីអារម្មណ៍ទាំងនោះ និងរិះរកវិធីចាត់ការដែលស័ក្តិសម។
យល់ពីអារម្មណ៍អ្នកដទៃ
ផ្តល់នូវការយកចិត្តទុកដាក់ ចាប់អារម្មណ៍ចំពោះអារម្មណ៍អ្នកដទៃ រួមទាំងតបស្នងឱ្យដឹងថា យល់ និងយល់ចិត្តអាណិតមេត្តា។
សាងកម្លាំងដឹកនាំផ្លូវចិត្តដល់ខ្លួនឯង
រំឭកឡើងវិញនូវអ្វីដែលសំខាន់ចំពោះជីវិត ស្វែងរកប្រយោជន៍ពីឧបសគ្គ សម្លឹងពិភពលោកក្នុងន័យវិជ្ជមាន សាងអត្ថន័យក្នុងជីវិត និងផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។
ស្គាល់ពីការសាងសម្ពន្ធភាពដែលល្អ
មានទឹកចិត្តល្អ មេត្តា អនុគ្រោះ ចែករំលែក ហ៊ានសម្តែងចេញយ៉ាងស័ក្តិសម និងរៀនយល់ដឹងពីការបង្ហាញគំនិតយោបល់ជំទាស់យ៉ាងរីកចម្រើន។
អ្នកដែលមានភាពឆ្លាតវៃខាងអារម្មណ៍ នឹងមានប្រៀបជាងអ្នកដទៃក្នុងការរស់នៅ និងដំណើរជីវិតដែលនឹងប្រកបទៅដោយសេចក្តីសុខ សន្តិភាព និងសម្បូរទៅដោយសម្ពន្ធមិត្ត និងមានអ្នកគោរពស្ងើចសរសើរច្រើន៕