ឈឺន នីផា បានចាប់ផ្តើមលេងបាល់ទាត់នៅអាយុ 13ឆ្នាំ(2008) គឺអំឡុងពេលដែលរស់នៅខេត្តបាត់ដំបង។ ក្រោយមកនៅឆ្នាំ2011 នាងក៏បានផ្តើមរៀនធ្វើជាគ្រូបង្វឹក និងរហូតដល់ឆ្នាំ2015 នាងក៏បានដាក់ពាក្យចូលធ្វើការនៅក្លិបបាល់ទាត់ភ្នំពេញក្រោន។
ក្រោយមក កញ្ញា ឈឺន នីផា ក៏បានចូលខ្លួនមកបង្វឹកក្រុមបាល់ទាត់ U13 របស់ក្លិបភ្នំពេញក្រោននៅឆ្នាំ2015 ដោយកញ្ញាធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ U14 មួយនៅខេត្តបាត់ដំបងអស់រយៈពេល 6ឆ្នាំ។ នាងបានរៀបរាប់ថា «ខ្ញុំស្គាល់បាល់ទាត់តាមរយៈមិត្តភក្តិរបស់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមចូលចិត្តបាល់ទាត់នៅថ្ងៃដំបូងដែលបានចូលប៉ះបាល់ទៅហើយ វាពិបាកប្រាប់បានណាស់ថា តើពេលនោះខ្ញុំមានអារម្មណ៍បែបណា? ប៉ុន្តែដោយសារខ្ញុំមិនដែលចូលរួមសកម្មភាពបែបនោះតាំងពីតូចមក ទើបវាធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង»។ កញ្ញា ឈឺន នីផា បានបន្ថែមទៀតថា៖ «ក្រោយពីការសម្ភាសន៍ និងធ្វើតេស្តចំណេះដឹងផ្សេងៗរួចហើយ គេក៏បានជ្រើសរើសយកខ្ញុំ ពេលនោះគឺជាជំហានដំបូងដែលខ្ញុំបានឆ្លងកាត់ និងទទួលបានឱកាសដ៏ល្អពីភ្នំពេញក្រោនដែលបានទទួលយកខ្ញុំធ្វើជាបុគ្គលិក ហើយបានផ្តល់ឱកាសឱ្យបានរៀនបន្ថែមដើម្បីអភិវឌ្ឍខ្លួនបន្ថែមរហូតដល់ពេលនេះ»
គួររំឭកផងដែរថា កញ្ញាត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាផ្តល់ការទុកចិត្ត និងប្រកាសតែងតាំងជាគ្រូបង្វឹកជម្រើសជាតិ U19 នារីកាលពីពេលថ្មីៗនេះ ដើម្បីដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា U19ទៅចូលរួមប្រកួតក្នុងពានរង្វាន់ JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន៕