អ្នកប្រហែលជាធ្លាប់បានឮខ្លះៗហើយពីការនិយាយពីមាត់មួយទៅមាត់មួយអំពីសក់ និងប្រេង។ ប្រេងគឺជាសារធាតុដ៏ល្អបំផុតមួយក្នុងការជួយសម្រួលសក់ដែលមានបញ្ហាឱ្យមកជាសក់ដែលមានភាពស្រស់ស្អាតដូចធម្មជាតិពិតៗ។ ជាទូទៅសក់រួញឆាប់មានសភាពស្ងួតជាងសក់ត្រង់ ដែលជាដើមហេតុនៃបញ្ហា ហេតុនេះហើយបានជាគេថាការម៉ាស្សាប្រេងក្តៅនៅលើសក់ និងស្បែកក្បាលគឺជារឿងល្អដែលអ្នកមានសក់រួញគួរតែអនុវត្តឱ្យបានជាប្រចាំ។
ការម៉ាស្សាប្រេងក្តៅមានប្រយោជន៍ណាស់សម្រាប់អ្នកដែលមានសក់រួញ ព្រោះថាអាចជួយចិញ្ចឹមថែបំប៉នសក់ ជួយឱ្យសក់ភ្លឺរលោង លូតលាស់បានល្អ គ្មានអង្កែ រឹងមាំ បន្ថយការជ្រុះសក់ និងបន្ថែមភាពក្រាស់ដល់សក់។ បន្ថែមពីនេះការម៉ាស្សាប្រេងក្តៅនេះគឺជាការបន្ថែមសំណើម និងជួយគេចចេញពីបញ្ហាសក់សំពោងបែកចុងផងដែរ។ សម្រាប់ការបន្ថែមភាពស្រស់ស្អាតទៅឱ្យសក់ដោយប្រេងក្តៅ អ្នកអាចជ្រើសរើសប្រេង3ប្រភេទគឺ ប្រេងអូលីវ ប្រេងដូង ឬប្រេងអាល់ម៉ុនក៏បាន។ វិធីនៃការម៉ាស្សាសក់ជាមួយប្រេងក្តៅអាចប្រព្រឹត្តទៅបានតាមដំណាក់កាលដូចតទៅ៖
– ដាក់កម្តៅប្រេង(ប្រេងមួយណាក៏បានក្នុងចំណោមប្រេងទាំង3ខាងលើ)ឱ្យក្តៅរយៈពេល2-4នាទី។
– ទុកឱ្យប្រេងនោះត្រជាក់តាមសម្រួល (ត្រជាក់ប្រហាក់ប្រហែលនឹងកម្តៅនៅក្នុងបន្ទប់)។
– យកប្រេងនោះទៅម៉ាស្សាថ្នមៗលើស្បែកក្បាល និងសក់ពីគល់ដល់ចុងសក់។
– យកកន្សែងពោះគោ ជ្រលក់ជាមួយទឹកក្តៅ(ក្តៅល្មម) រួចយកកន្សែងនោះមកគ្រប់លើសក់ ទុកចោល ប្រហែល45នាទីទៅមួយម៉ោង។
– កក់សក់ ហើយបន្ទន់សក់តាមធម្មតា។សូមអនុវត្តតាមវិធីនេះឱ្យបានម្តងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបាននូវសក់រួញដ៏ស្រស់ស្អាត និងមានសំណើមគួរជាទីពេញចិត្តមិនខាន៕