នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេបានមើលឃើញថា តារាសម្ដែងស្រីប្រចាំផលិតកម្មមហាហង្ស កញ្ញា ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញថា នាងកំពុងនៅប្រទេសអង់គ្លេស។
ខណៈដែល ភិន សុដាលីស ត្រូវគេឃើញលេចមុខនៅក្នុងប្រទេសអង់គ្លេសទាំងភាពយន្តរឿង”កាំបិតមុខ២” ថតមិនទាន់ចប់នាពេលនេះ មានការសង្ស័យថា នាងកំពុងស្វះស្វែងរកផ្លូវចេញទៅរស់នៅទីនោះ ខណៈដែលប្រភពច្បាស់ការបានលួចបង្ហើបថា បើគ្មានអ្វីជាឧបសគ្គ គឺនាងចេញទៅរស់នៅទីនោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ិន សុភិន ជាឳពុកចេញមុខបំភ្លឺ។
លោក អ៊ិន សុភិន បានអះអាងថា ភិន សុដាលីស មិនចេះរស់នៅប្រទេសគេទេ ដោយសារតែនាងនឹកកូននិងមានចំណូលចិត្តចង់រស់នៅស្រុកខ្មែរច្រើនគេ។ លោកបន្ដថា នាងទៅកាន់ប្រទេសអង់គ្លេស ដោយសារតែកូនប្រុសរបស់លោក សិក្សានិងរស់នៅទីនោះ ហើយជាពេលដែលភរិយារបស់លោកត្រូវទៅលេងកូនប្រុសប៉ុណ្ណោះ ទើបភិន សុដាលីស ជូនម្ដាយទៅជាមួយ។ ដាលីស នឹងត្រូវមកសម្ពោធភាពយន្តរឿង”លោកឳពុក”ផង ដូច្នេះនាងមានការងារច្រើនណាស់ត្រូវធ្វើ មិនអាចទៅរៀន ឬ រស់នៅអង់គ្លេសបានទេ បើទោះជាប្អូនប្រុសនៅទីនោះស្រាប់៕
លោកបានបន្ដរៀបរាប់ថា ដាលីស កំពុងស្វះស្វែងរកផ្លូវសិក្សានៅក្នុងប្រទេសនោះពិតមែន ប៉ុន្តែមិនមែនអ្នកនាងចង់រស់នៅរយៈពេលយូរនោះទេ ដ្បិតបើត្រូវនៅរៀនមែន ក៏រស់នៅ និងរៀនក្នុងរយៈពេលខ្លី ដែលលោកមិនចាត់ទុកថា នោះជាការរស់នៅនោះដែរ ដោយនាងនឹងនៅតែទៅមកៗ ហើយអាចនឹងរៀនត្រឹមវគ្គខ្លីប៉ុណ្ណោះ៕